ក្រុមជម្រើសជាតិ​កម្ពុជា នៅតែ​មិនអាច​កែ​ប្រែ​កំណត់ត្រាចាញ់ ក្រុម​ម៉ាឡេស៊ី បន្ទាប់ពី​ពួក​គេ បាន​បន្តចាញ់ ម៉ាឡេស៊ី នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក ប្រចាំពូល​B ​នៃ​ពានរង្វាន់ AFF Suzuki Cup 2020 កាលពី​យប់​ថ្ងៃ​ចន្ទ ម្សិលមិញ ចំណែក​ក្រុមឡាវ ក៏​បានចាញ់​ក្រុមវៀតណាម ផង​ដែរ។

សម្រាប់​ការ​ប្រកួតនៅ​ ពហុកីឡដក្ឋាន Bishan Stadium ប្រទេស​សិង្ហបុរី កាល​ពី​ថ្ងៃ​ចន្ទ​នោះ ក្រុម​កម្ពុជា បាន​ដាក់​សុទ្ធ​តែ​កីឡាករ​ស្ថិត​ក្នុង​ជម្រើសល្អៗ ហើយ​ពួក​គេ ក៏​បាន​បង្ហាញ​ការ​ប្រកួត​ប្រជែង​យ៉ាងជាមួយ​ក្រុម​ម៉ាឡេស៊ី នៅដើម​តង់ទី​១ ផងដែរ ប៉ុន្តែ​អ្វីៗ​បាន​ប្រែ​ប្រួល នៅ​ពេល​​ខ្សែ​ការពារ កែន ច័ន្ទសុភ័ក្រ្ត បាន​បង្កើត​កំហុស នៅមុខទី​ខ្លួន​ឯង ជា​ហេតុ​នាំ​ឱ្យ​អាជ្ញា​កណ្តាល​ផ្តល់​បាល់​ពិន័យ​១១ម៉ែត្រ ទៅ​ឱ្យ​ក្រុម​ម៉ាឡេស៊ី នោះ។

ជាមួយ​គ្រាប់បាល់​នាំ​មុខ ១-០ ដែល​ស៊ុត​បាល់បាន​សម្រេច​ដោយ​កីឡាករ Safawi នៅ​នាទីទី​២៣​នេះ បានដាក់សម្ពាធ​ទៅ​ដល់​ក្រុម​កម្ពុជា ដោយ​ពួក​គេ ត្រូវ​បង្កើនការ​វាយ​លុក ដើម្បី​រក​បានគ្រាប់បាល់​មក​វិញ ប៉ុន្តែ​ការ​ព្យាយាម​វាយបក​លឿនៗ ប្រកប​ដោយ​ភាព​ច្បាស់លាស់​របស់ ម៉ាឡេស៊ី បាន​ផ្តល់ឱកាស​ឱ្យ ​ខ្សែ​ប្រយុទ្ធ Akhyar និង Kogileswaran រក​បាន​ម្នាក់​១​គ្រាប់​ទៀត​ឱ្យ​ក្រុម​ម៉ាឡេស៊ី នៅនាទីទី​៦១ និង​នាទីទី​៧៨។

ជាមួយការ​នាំមុខ ៣-០ ត្រឹម​នាទីទី​៧៨​នេះ ក្រុម​ម៉ាឡេស៊ី បាន​សម្រេច​ដាក់​កីឡាករ​ជម្រើស​ទី​២​របស់​ខ្លួនឱ្យ​ចូល​លេង​ចំនួន​៣​នាក់ ព្រោះ​ពួកគេ​គិត​ថា លទ្ធផល​នេះ វា​គ្រាប់គ្រាន់ នឹង​​ជួយ​ឱ្យ​ពួក​គេ ទទួលបាន​៣ពិន្ទុ​រួច​ទៅ​ហើយ។

យ៉ាង​ណា​ក៏​ដោយ ការ​បង្កើត​កំហុស​របស់​អ្នក​ចាំទី​ក្រុម​ម៉ាឡេស៊ី ដែលបាន​បង្ហាញចេតនា​លោត​​បុក​ជង្គង់ទៅលើ​ខ្សែ​ប្រយុទ្ធ សេត រ៉ស៊ី​ប ដែល​ប្តូរ​ឱ្យ​ចូល​លេង នៅ​ចុង​តង់ទី​២​នោះ នាំ​ឱ្យ​អាជ្ញាកណ្តាល​ពិន័យ​កាត​លឿង និង​ផ្តល់​បាល់​១១ម៉ែត្រឱ្យ​កម្ពុជា ហើយ រ៉ស៊ីប ជា​អ្នក​សុទ្ធ​បាល់​នេះ​បានសម្រេច នៅនាទីទី​៩០។

ការ​រក​បាន​១​គ្រាប់នេះ ទោះបីជាមិ​នអាច​ជួយ​ឱ្យ​កម្ពុជា អាច​កែប្រែ​កំណត់​​ត្រា​ចាញ់ ម៉ាឡេស៊ី ប៉ុន្តែ​វាក៏​បាន​ផ្តល់​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​គាំ​ទ្រ រាប់ម៉ឺន​នាក់ ដែល​តស៊ូ​តាមដាន​ការ​ប្រកួត​នេះ តាមរយៈ​ការ​ផ្សាយ​ផ្ទាល់​តាំងពី​ចាប់​ផ្តើម រហូត​ដល់​ចប់ការ​ប្រកួត ផងដែរ គឺ​វា​ប្រសើរ​ជាង ការរក​មិនបាន​១​គ្រាប់សោះ។

១គ្រាប់​របស់ សេត រ៉ស៊ីប នេះ​ក៏បានជួយ​ឱ្យ​កម្ពុជា គេច​ផុត​ពី​ប្រវត្តិជ្រាំ​ដែល ពេល​កម្ពុជា បាន​ចាញ់​ក្រុម​ម៉ាឡេស៊ី ៣-០ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ AFF Suzuki Cup នេះ កាលពី​ឆ្នាំ​ ២០០០ ផងដែរ ខណៈ​ការ​ជួបគ្នា កាលពី​ឆ្នាំ​២០១៦ កម្ពុជា បាន​ចាញ់ ៣-២ ហើយ​ការជួបគ្នា កាល​ឆ្នាំ​ ២០១៨ កម្ពុជា បាន​បន្ត​ចាញ់ ១-០។  ជារួម​​ក្រុមធំ​ជម្រើសជាតិ​កម្ពុជា បានចាញ់​ក្រុម​ម៉ាឡេស៊ី ទាំង​ការ​ប្រកួត​ទាំង​អស់  ក្នុង​ពាន AFF Suzuki Cup នេះ។

សម្រាប់ការ​ប្រកួត កាលពី​ថ្ងៃ​យបើ​ថ្ងៃ​ចន្ទ​នោះ​ដែរ ក្រុមការពារ​តំណែងជើង​ឯក វៀតណាម បាន​យក​ឈ្នះ​ក្រុម​ឡាវ ២-០ ហើយ​គ្រាប់បាល់​ជ័យជម្នះ​ដែល​រក​បាន​ដោយ​កីឡាករ Nguyễn Công Phượng នៅនាទីទី​២៦ និង Phan Văn Đức នៅនាទីទី​ ៥៥ នេះ បានជួយ​ឱ្យ​ ក្រុម​វៀតណាម ឈរ​នៅលេខ​២​ប្រចាំ​ពូល​B នេះ បន្ទាប់ពី​ក្រុមម៉ាឡេស៊ី ដោយក្រុមទាំង​២​នេះ មាន​៣ពិន្ទុ​ដូច​គ្នា៕