បរទេស៖ លោក Xavi Hernandez គ្រូបង្វឹកក្រុម Barcelona កាលពីថ្ងៃអង្គារបានអំពាវនាវឲ្យក្រុមរបស់លោក «បង្កើតប្រវត្តិសាស្ត្រ» នៅសប្តាហ៍នេះ តាមរយៈការធ្វើឲ្យក្រុម Bayern Munich រងបរាជ័យលើទឹកដីខ្លួនឯង ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គចែកពូលជាលើកដំបូង បើគិតចាប់តាំងពីឆ្នាំ២០១៣។
នៅមុនពេលការប្រកួតក្នុងទីក្រុង Munich នៅរាត្រីនេះ ដែលជាកន្លែងក្រុមយក្សអេស្ប៉ាញ Barca បានរងបរាជ័យ៣លើក និងស្មើ១លើកក្នុងចំណោមការប្រកួតក្របខ័ណ្ឌ Champions League ទាំង៤លើករបស់ពួកគេកាលពីមុន លោក Xavi បានឲ្យដឹងថា៖ «Barca អាចផ្តួលក្រុមណាក៏បានដែរ។ ប្រសិនបើយើងឈ្នះ វានឹងក្លាយជាការឈ្នះជាលើកដំបូងរបស់ Barca ក្នុងទីក្រុង Munich។ យើងមានឱកាសដ៏ល្អមួយដើម្បីបង្កើតប្រវត្តិសាស្ត្រ»។ លោក Xavi វ័យ៤១ឆ្នាំ បានចូលកាន់តំណែងក្នុងក្រុមធ្លាក់ទម្រង់មួយ កាលពី៤សប្តាហ៍មុន ប៉ុន្តែ បានរងបរាជ័យជាលើកដំបូងរបស់លោក ក្នុងនាមជាគ្រូបង្វឹក កាលពីចុងសប្តាហ៍មុន លើទឹកដីខ្លួនឯង ក្រោមស្នាដៃក្រុម Real Betis។
Bayern បានឈ្នះកៅអីទៅលេងក្នុងវគ្គ១៦ក្រុមចុងក្រោយរួចជាស្រេច ក្នុងនាមជាក្រុមលេខ១ក្នុងពូល ប៉ុន្តែ ចង់ឈ្នះជាលើកទី៦ពីការប្រកួតទាំង៦លើក ក្នុងវគ្គចែកពូល នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Barcelona ដែលពួកគេបានផ្តួល ៣-០ នាកីឡដ្ឋាន Camp Nou កាលពីខែកញ្ញា។ Barcelona កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ក្នុងពូល E ប៉ុន្តែ ត្រូវតែឈ្នះនៅកីឡដ្ឋាន Allianz Arena ដើម្បីឈ្នះកៅអីទៅវគ្គ១៦ក្រុមចុងក្រោយ៕
ប្រភពព័ត៌មាន៖ Channel News Asia