​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​ទើប​ជួបការ​ខក​ចិត្ត ចំពោះ​ការ​​ចាញ់​ក្រុម​ម៉ាឡេស៊ី រហូត​ដល់ ៣១ កាលពី​ថ្ងៃចន្ទ​នោះ នឹង​ត្រូវប្រឈម​ការ​ប្រកួតកាន់តែ​​​តានតឹង​ ខណៈ​ពួកគេ ត្រូវ​​ប្រកួត​លើក​ទី​២​ ប្រចាំពូល​B ​នៃ​ពានរង្វាន់ AFF Suzuki Cup 2020 ជាមួយ​ក្រុម​ជម្រើសជាតិ​ឥណ្ឌូនេស៊ី នៅ​យប់​ម៉ោង ៧:៣០ ថ្ងៃ​ព្រហស្បតិ៍​នេះ។

បើទោះបីជា ក្រុមជម្រើសជាតិ​ឥណ្ឌូនេស៊ី បាន​ខក​ខាន​ចូល​រួម​ការ​ប្រកួត​ពាន​រង្វាន់ AFF Suzuki Cup ​នេះ ច្រើន​ឆ្នាំ ប៉ុន្តែ​តាម​ប្រវត្តិសាវតារ​នៃ​ការ​ជួបគ្នា​រហូត​ដល់​១៦​​​ គ្រប់​ព្រឹត្តិការណ៍​រវាង​​ក្រុមទាំង​​២ តាំងពី​ឆ្នាំ​១៩៩៥ រហូតដល់​ឆ្នាំ​២០១៧ គឺ​កម្ពុជា ធ្លាប់​ស្មើ ១-១ ជាមួយ​ក្រុម​ឥណ្ឌូនេស៊ី តែ​ម្តង​គត់ ចំណែក​ជំនួប​១៥​ដង​ផ្សេង​ទៀត គឺ​កម្ពុជា បានចាញ់ទាំង​អស់ ហើយ​នៅ​ក្នុងកំណត់ត្រា​នេះ កម្ពុជា ធ្លាប់​ចាញ់ ឥណ្ឌូនេស៊ី រហូត​ដល់ ១០-០ ក្នុង​ការ​ប្រកួតស៊ីហ្គេម កាលពី​ឆ្នាំ​១៩៩​៥។

ជាមួយ​គ្នា​នេះ ក្រុម​គ្រូ​បង្វឹក​កម្ពុជា ក្រោមការ​ដឹកនាំ​ផ្ទាល់​របស់​អ្នក​ចាត់ការ​ក្រុម លោក Keisuke Honda បាន​សិក្សា និងវិភាគ​យ៉ាង​ស៊ី​ជម្រៅ​ទៅ​លើ​ទម្រង់​លេង​របស់ក្រុម​ឥណ្ឌូនេស៊ី នាពេល​បច្ចុប្បន្ន ហើយ​ឃើញ​ថា ក្រុមនេះ កាន់តែមានទម្រង់​លេង​ល្អ ជាពិសេស​ គឺ​បាល់រៀបចំ (Set Piece) ដែល​ល្អ​ជាង ក្រុម​ម៉ាឡេស៊ី ទៅ​ទៀត ហើយចំណុច​នេះ កម្ពុជា បាន​ជំរុញ​ឱ្យកូន​ក្រុម​របស់​ខ្លួន ត្រូវ​បង្កើនការ​ប្រុងប្រយ័ត្ន​ឱ្យបានខ្ពស់បំផុត ដើម្បីទប់​ទល់​ជាមួយ ឥណ្ឌូនេស៊ី នៅ​យប់នេះ។

«ទាំង​ក្រុមការងារ​គ្រូ​បង្វឹក ក៏​ដូចជា​លោកគ្រូ Honda បាន​សិក្សាឃើញ​ថា​ ឥណ្ឌូនេស៊ី មាន​ភាព​គុណ​ភាព​ខ្លាំង​ទៅ​លើបាល់​រៀបចំ​  ដែល​បាល់ Set Piece នេះ ពេល​លេង​ជាមួយ ម៉ាឡេស៊ី ​យើង​បាន​ធ្វើ​​ខ្លាំង​មែនទែន ហើយ​យើងក៏អត់​របូត​គ្រាប់​បាល់ ពាក់ព័ន្ធ​នឹង​បាល់​ទាត់​ជ្រុង និងបាល់​ទាត់​ហ្រីឃីក នេះ​ដែរ ប៉ុន្តែ​ឥឡូវ​នេះ យើង​ត្រូវ​ផ្តោត​បន្ថែម​ទៀត ជាមួយ​ឥណ្ឌូនេស៊ី»។ នេះជា​ការ​លើក​ឡើង​របស់​គ្រូជំនួយ​ក្រុមជម្រើសជាតិ​កម្ពុជា លោក ភា សុភ័ក្ត្រា។

លោក ភា សុភ័ក្ត្រា ដែល​ទើប​ទទួលបាន​តួនាទី​ថ្មី ជា​គ្រូ​វិភាគ​​របស់​ក្លិប​វិសាខា ផង​នោះ បាន​បន្ថែម​ថា៖​ «ឥណ្ឌូនេស៊ី ​កាន់តែ​រៀបចំ​បាន​ល្អ​ ទៅ​លើ​បាល់​រៀបចំនេះ ជាពិសេស​ទៀត​នោះ គេ​មាន​អ្នក​បោះបាល់​បានឆ្ងាយ អ៊ីចឹង​យើងកាន់តែ​ប្រយ័ត្ន​ប្រយែង​ទៅ​លើ​ចំណុច​ទាំងអស់នេះ ហើយ​កីឡាករ​របស់​យើង ក៏​ត្រូវតែ​ផ្លាស់ប្តូរ​ទម្លាប់​​ឱ្យ​កាន់តែ​រហ័សជាងនេះ ពាក់ព័ន្ធ​នឹងបម្រែ​បម្រួល​ ពី​ពេល​ដែល​យើងមានបាល់ និង​ពេល​ដែល​យើងបាត់​បាល់ ផង​ដែរ ព្រោះ​​ការ​​បាត់​គ្រាប់​បាល់ ពេលលេងជាមួយ​ម៉ាឡេស៊ី ដោយសារ​​ការ​បម្រែ​បម្រួល ​ពី​ប្រយុទ្ធ មក​ការពារ​​របស់​យើង​ នៅមានចំណុច​ខ្វះ​ខាត»។

ចំណែក​លោក Shin Tae-young គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិ​ឥណ្ឌូនេស៊ី បាន​បង្ហាញ​ពី​ឆន្ទៈ​ដ៏​មុតស្រួច​របស់​កូន​ក្រុម​លោក ដោយ​លោកបានអះអាង​ថា គោល​ដៅ​របស់​ក្រុមនេះ គឺ​ឈ្នះ។ «នេះ​ជាលើកទីមួយរបស់ខ្ញុំ ដែលបានចូលរួម ពាន AFF Suzuki Cup ហើយ​ខ្ញុំ​រីករាយ​ណាស់ ​ដែល​មាន​ឱកាស​បាន​ជួប​មិត្ត​រួម​ការងារ នៅ​អាស៊ីអាគ្នេយ៍។

ចំណែក​លោក Shin Tae-young បាន​និយាយបន្ថែម​ នៅ​ក្នុងសន្និសីទកាសែត​រួមគ្នា កាលពី​ថ្ងៃសៅរ៍នោះ​ទៀត​​ថា៖​«យើង​សង្ឃឹម​ថា នេះជា​បទពិសោធ​ដ៏​ល្អ នៅ​​ក្នុង​អាជីព​របស់​ខ្ញុំ ដោយ​យើង​នឹង​ធ្វើ​បាន​ល្អ​គ្រប់​ការ​ប្រកួត អ៊ីចឹង​ខ្ញុំ​ជឿថា លទ្ធផល​ដ៏ល្អ នឹង​អម​ដំណើរ​ជា​មួយ​ក្រុមឥណ្ឌូនេស៊ី ព្រោះ​គោល​ដៅ​របស់​យើង គឺ​ឈ្នះ»៕