បរទេស៖ លោក Ryu Hirose គ្រូបង្វឹកនៃក្រុម​បាល់ទាត់ជម្រើស​​ជាតិកម្ពុជា បាន​​បញ្ជាក់ថា ទម្រង់​លេង​របស់ក្រុម​លោក​បាន​ធ្វើ​ឲ្យ​ពេញ​ចិត្ត និង​ចាប់​អារម្មណ៍ បើ​ទោះ​បី​ក្រុម​ដែលមាន​រហស្ស​នាម​ថា គោ​ព្រៃ​មួយ​នេះ បាន​រង​បរា​ជ័យក្រោមស្នា​ដៃក្រុម​បាល់ទាត់ជម្រើស​ជាតិ​ឥណ្ឌូ​នេស៊ី ក្នុងលទ្ធផល ៤-២ ក្នុងការ​ប្រកួត​ជុំ​ទី​២​នៃ​ពូល B នាព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ​២០២០ កាលពីថ្ងៃព្រហស្បតិ៍ក៏ដោយ​​។

លោក Hirose បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​បន្ទាប់​ពីការ​ប្រកួត​ថា៖ «នៅថ្ងៃនេះ យើង​បាន​ចង់ផ្តល់​ឱកាស​ដល់​កីឡាករ​វ័យ​ក្មេង​ឲ្យ​បង្ហាញខ្លួន ហើយ​ខ្ញុំ​គិត​ថា ពួក​គេ​បាន​ចាប់​ផ្តើម​បែប​អន្ទះ​សារ​បន្តិច ប៉ុន្តែ ក្រោយពី​កីឡាករ​មាន​បទពិសោធ​មួយ​ចំនួន​បាន​ចូលលេង យើង​បាន​ដោះស្រាយបញ្ហា​នោះ ហើយ​យើង​បានលេង​យ៉ាងល្អ​»​​។ លោក​បាន​បន្ថែម​ទៀត​ថា៖ «នេះ​គឺ​ជាក្រុម​​មួយ​ដែលយើង​កំពុង​តែ​រៀប​ចំ​សម្រាប់​ថ្ងៃ​អនា​គត ហេតុនេះ យើង​ចង់​ឲ្យ​ពួក​គេ​រក្សា​ការ​អភិវឌ្ឍ ទាំង​ផ្នែកស្មារតី និង​កាយ​សម្បទារ ហើយ​ខ្ញុំ​គិត​ថា យើង​បាន​បង្ហាញ​ឲ្យ​ឃើញ​នៅថ្ងៃនេះ​»​។

ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូនេស៊ី បាន​ចាប់​ផ្តើម​យ៉ាង​ល្អ ខណៈ​ដែល​ខ្សែ​ការ​ពារ Rachmat Irianto បានស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ហើយ Evan Dimas បាន​បន្ថែម​គ្រាប់បាល់​១​គ្រាប់​ទៀតនៅ​តង់ទី​២ ស្រប​ពេល​ដែលក្រុម​កម្ពុជា បាន​វាយ​បក​១​គ្រាប់​វិញ​តាមរយៈកីឡាករ​យឺ សាហ្វី​។ នៅក្នុង​តង់​ទី​២ កីឡាករ Ramai Rumakiek របស់​ឥណ្ឌូនេស៊ី និង​ប្រាក់​ មុន្នីឧត្តម របស់​កម្ពុជា រក​បាន​គ្រាប់បាល់​ដូចគ្នា ដើម្បី​បំពេញ​លទ្ធផល​នៃ​ការ​ប្រកួត​តែម្តង ខណៈ​ដែល​លោក Shin Tae-yong គ្រូបង្វឹក​ក្រុម​ឥណ្ឌូនេស៊ី បានប​ញ្ជាក់​ថា ក្រុម​របស់​លោក​មាន​ចំណុច​ជាច្រើន​ដែល​ត្រូវ​តែកែតម្រូវ​ ទោះ​បី​លោក​ពេញ​ចិត្ត​នឹង​លទ្ធផល​ក៏ដោយ​៕

 

ប្រភព​ព័ត៌​មាន៖ AFF Suzuki Cup