បរទេស៖ ខ្សែ​ប្រយុទ្ធ Kylian Mbappe រក​បាន​គ្រាប់បាល់​ទី​១០០ក្នុងក្រប​ខ័ណ្ឌ​ Ligue 1 សម្រាប់​ក្រុម Paris Saint-Germain ក្រោយពី​បាន​​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ក្នុងពេល​យកឈ្នះ​លើ​អតីតក្រុម​របស់ខ្លួន Monaco ក្នុងលទ្ធ​ផល ២-០ នាកីឡដ្ឋាន Parc des Princes កាលពីថ្ងៃ​អាទិត្យ​។

Mbappe បាន​រក​គ្រាប់បាល់​បើកឆាក​ តាមរយៈ​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​នៅ​ដើម​តង់ ហើយ​បន្ទាប់​មក រក​បាន​គ្រាប់បាល់​ទី​២​របស់គេ នៅ​មុន​ពេល​បញ្ចប់​តង់ទី​១ ក្រោយពី​ការ​បញ្ជូន​បាល់​យ៉ាងល្អ​របស់ Lionel Messi ដើម្បី​រក​គ្រាប់បាល់​ទី​១០០​របស់​គេក្នុងក្រប​ខ័ណ្ឌកំពូល​របស់​បារាំង បើ​គិត​ចាប់​​តាំងពីផ្ទេរ​ទៅកាន់​ក្លិប PSG ក្នុងឆ្នាំ​២០១៧​។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​បារាំង​រូបនេះ ដែល​ក៏​បាន​ស៊ុត​បាល់បញ្ចូល​ទី​១៦​គ្រាប់​ក្នុងការ​ប្រកួតលីក​ឲ្យក្រុម Monaco ក្នុង​ពេល​ចាប់​​ផ្តើម​​អាជីព​របស់គេ​នោះ​ នឹង​ឈាន​ដល់​វ័យ​​២៣​ឆ្នាំ នៅ​ចុងខែ​នេះ​។ ជ័យ​ជម្នះ​នេះ បា​ន​ឲ្យក្រុម PSG បន្ថែម​ពិន្ទុ​នាំមុខ​របស់​គេ​នៅលើ​កំពូល​តារាងនៃក្រប​ខ័ណ្ឌ Ligue 1 រហូត​ដល់​ទៅ​១៣ពិន្ទុ ពីលើក្រុម Marseille​ ដែលបានយកឈ្នះ​លើ​ក្រុម Strasbourg ២-០ នៅ​ថ្ងៃ​អាទិត​ដូចគ្នានោះ និងនៅ​សល់​១​ប្រកួតក្នុង​ដៃ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia