បរទេស៖ ក្រុម Paris Saint-Germain នឹងត្រូវប្រកួតជាមួយនឹងក្រុម Real Madrid ស្របពេលដែលក្រុម Liverpool ត្រូវប៉ះក្រុម Inter Milan ក្នុងការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍ចំនួន២គូ ក្នុងវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ក្រោយពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA បានបង្ខំចិត្តឲ្យចាប់ឆ្នោតម្តងទៀត កាលពីថ្ងៃចន្ទ ក្រោយពី «មានបញ្ហាផ្នែកបច្ចេកទេស»។
ដំបូងឡើយ ក្រុម PSG ត្រូវប៉ះជាមួយនឹងក្រុម Manchester United ប៉ុន្តែ ការចាប់ឆ្នោតម្តងទៀត តម្រូវឲ្យពួកគេត្រូវប៉ះជាមួយនឹងក្រុម Real ស្របពេលដែលក្រុមមានមូលដ្ឋាននៅ Old Trafford ត្រូវប៉ះជាមួយនឹងក្រុមម្ចាស់ជើងឯកអេស្ប៉ាញ Atletico Madrid។ UEFA បានដាក់ការស្តីបន្ទោស «កំហុសបច្ចេកទេស» ដោយសារតែបញ្ហាសុហ្វវ៉ែររបស់ក្រុមហ៊ុនផ្តល់សេវាខាងក្រៅ ខណៈដែលពួកគេបានប្រកាសថា ការចាប់ឆ្នោតសម្រាប់ការប្រកួតវគ្គចាញ់ធ្លាក់ជុំទី១នៃយុទ្ធនាការរបស់ខ្លួន ត្រូវតែធ្វើឡើងវិញ។
ស្របពេលដែលការចាប់ឆ្នោតត្រូវបានផ្សាយផ្ទាល់នៅទីស្នាក់ការកណ្តាលរបស់ UEFA ក្នុងទីក្រុង Nyon ប្រទេសស្វ៊ីស បញ្ហាបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ នៅពេលដែលឈ្មោះរបស់ក្រុម Manchester United ត្រូវបានចាប់ឆ្នោតឲ្យប៉ះជាមួយនឹងក្រុម Villarreal ប៉ុន្តែក្រុមទាំង២ មិនអាចប៉ះគ្នាបានឡើយ ដោយសារតែជាក្រុមស្ថិតក្នុងពូលតែមួយ៕
ប្រភពព័ត៌មាន៖ Channel News Asia