បរទេស៖ លោក Ryu Hirose គ្រូបង្វឹក​នៃក្រុម​បាល់​ទាត់​ជម្រើស​ជាតិកម្ពុជា បាន​បញ្ជាក់​ថា ក្រុម​ដែល​មាន​រហស្ស​នាម​ថា គោព្រៃ​របស់​លោក នឹង​ផ្តោត​លើ​ការ​វាយ​សម្រុក នៅ​ពេល​បះក្រុម​ជម្រើស​ជាតិ​ឡាវ ក្នុង​ព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ​២០២០ នាកីឡដ្ឋាន Bishan ប្រទេស​សិង្ហ​បុរី នៅ​រសៀល​នេះ ចាប់​ពី​ម៉ោង​ ៤:៣០ តទៅ​។

សម្រាប់ក្រុម​កម្ពុជា ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​​ក្នុងការ​ប្រកួត​ជុំទី​៣ នៃ​ពូល B នឹង​ផ្តល់​នូវ​ការ​ជឿ​ជាក់​មួយ​សម្រាប់​ពួក​​គេក្នុងការ​ដណ្តើម​បាន​សមិទ្ធិ​ផល​មួយ​ពីយុទ្ធ​នា​ការ​នេះ​ ស្រប​ពេល​ដែល​ការ​វាយ​សម្រុក​គឺ​ជា​​ផែន​ការ​ប្រកួត​របស់​លោក​ Ryu​។ គ្រូបង្វឹក​សញ្ជាតិ​ជប៉ុន​រូបនេះ បាន​ឲ្យ​ដឹងថា៖ «នេះ​គឺ​ជា​​ការ​ប្រកួត​មួយ​ដែល​យើង​មាន​ឱកាស​ដ៏ល្អ​ក្នុងការ​ឈ្នះជាលើក​ដំបូង​របស់​យើង ហើយ​គឺ​ជា​គោល​របស់​យើង​។ សម្រាប់​យើង​ វា​មាន​តុល្យ​ភាព​រវាង​តំបន់​ប្រយុទ្ធ​ និង​ការ​ពារ ប៉ុន្តែ យើង​ចង់​ដាក់សម្ពាធ​លើ​ទី​តាំង​ប្រយុទ្ធ ដើម្បី​គ្រប់គ្រង​បាល់​ឲ្យ​បានច្រើន​»។ លោក​បាន​បន្ថែម​ទៀត​ថា៖ «ការ​គ្រប់គ្រង​បាល់​​មិនមែន​តែនៅ​តំបន់​ប្រយុទ្ធ​ឡើយ ប៉ុន្តែ គ្រប់​តំបន់​ទាំងអស់​នៅលើ​ទីលាន​ប្រកួត​។ យើង​ចង់​​ចាប់ផ្តើម​រៀប​តាំង​ពី​តំបន់​ការ​ពារ និង​គ្រប់គ្រង់​ការ​ប្រកួតគ្រប់តំបន់​ទាង​អស់ នៅលើ​ទីលាន​ ពេលប្រកួត​ជាមួយ​គូ​ប្រជែង​ណាក៏ដោយ​»​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ឡាវ ក៏​សង្ឃឹម​ថា នឹង​ទទួល​បាន​លទ្ធផល​ល្អ​ផង​ដែរ ពេលប៉ះ​ក្រុម​ជិត​ខាង កម្ពុជា ដែលក្រុមតែមួយ​ដែល​ពួកគេមាន​ប្រវត្តិផ្តួលក្នុង AFF Suzuki Cup។ លោកគ្រូបង្វឹក V. Selvaraj បាន​បញ្ជាក់​ថា វានឹងក្លាយ​ជា​ការជឿជាក់​ដ៏ធំ​មួយ​សម្រាប់​ក្រុ​ម​ឡាវ​របស់​លោក ប្រសិន​បើ​ពួ​ក​គេ​ផ្តួលក្រុម​ជម្រើស​ជាតិកម្ពុជា ម្តង​ទៀត​ ក្នុង​ការ​ប្រកួត​ចុងក្រោយ​របស់ខ្លួន​ ក្នុង AFF Suzuki Cup ឆ្នាំ​២០២០​។ លោក​បាន​ឲ្យ​ដឹងថា៖ «ពួក​គេមាន​បទពិសោធ​ជាងយើង ប៉ុន្តែ យើង​មាន​ផែន​ការ​ប្រកួត​ដែលយើង​ជឿជាក់​ថា នឹង​ដំណើរ​ការ​នៅថ្ងៃស្អែកនេះ​ (ថ្ងៃពុធ)»៕

 

ប្រភព​ព័ត៌​មាន៖ AFF Suzuki Cup