បរទេស៖ ទី​បំផុត​ រង់ចាំ​អស់​រយៈពេល​ជិត​១​ទសវត្សរ៍របស់​សិង្ហ​បុរី បាន​បញ្ចប់​ហើយ ខណៈ​ដែលពួក​គេ​បានកក់​កៅអី​របស់ពួក​គេ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ​២០២០ កាលពីថ្ងៃ​អង្គារ​​។

ក្រុម​សិង្ហ​បុរី បាន​ធ្លាក់​ចេញ​នៅលើ​ទឹកដីខ្លួន​ឯង​ក្នុង​ឆ្នាំ​២០១៤ មុន​នឹង​បន្ត​ធ្លាក់​ចេញ​ត្រឹម​តែ​ចែកពូលទៀត ក្រោយពី​មិនស្គាល់​ឈ្នះ​សោះក្នុង​ឆ្នាំ​២០១៦ ក៏ដូច​ជា​ជួប​ការ​ខកចិត្ត​ទៀត​ក្នុងឆ្នាំ​២០១៨​។ ប៉ុន្តែ​ដោយ​សារ​តែ​ថៃ បានយកឈ្នះ​លើក្រុមជម្រើស​ជាតិ​ហ្វីលីពីន ២-១ ក្នុងការ​ប្រកួត​១​គូមុន កាលពីថ្ងៃ​អង្គារ ក្រុម​ជម្រើស​ជាតិ​សិង្ហ​បុរី មិន​ចាំ​បាច់​ត្រូវ​រង់​ចាំ​ការ​ប្រកួត​ក្នុង​ពូលរបស់ខ្លួនពេល​ប៉ះទី​ម័រ​ខាង​​កើតឡើយ ខណៈ​ដែល​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​របស់ពួកគេលើក្រុម​ជម្រើ​សជាតិមីយ៉ាន់​ម៉ា និងហ្វីលីពីន បាន​គ្រប់គ្រាន់ហើយ​សម្រាប់ពួក​គេ​ក្នុងការ​ទៅវគ្គ​បន្ត​​។

ប៉ុន្តែ ក្រុម​ជម្រើស​ជាតិ​សិង្ហ​បុរី បានបញ្ចប់​ភាព​ស្រពេចស្រពិលនានា តាមរយៈ​ការផ្តួល​ក្រុម​ជម្រើស​ជាតិ​ទី​ម័រ​ខាង​កើត ២-០​។ បច្ចុប្បន្ន ថៃ និង​សិង្ហ​បុរី មាន​៩ពិន្ទុ​ដូចគ្នា ពីការ​ប្រកួត​៣លើកក្នុង​ពូល ហេតុ​នេះ គោល​ដៅ​ចម្បង​របស់​ក្រុម​ទាំង​២នៅពេល​នេះ គឺ​ការ​ប្រជែងដណ្តើម​លេខ​១ក្នុងពូល A ក្រោយពី​មាន​សុវត្ថិភាព​ក្នុងការ​ទៅ​​វគ្គ​បន្ត​រួច​ជាស្រេច​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia