បរទេស៖ ការ​ប្រជែងង​ដណ្តើម​ពាន​ក្រប​ខ័ណ្ឌ Premier League របស់ក្រុម​តោខៀវ Chelsea បាន​រង​​នូវ​ការ​ខក​ចិត្ត​​ ខណៈ​ដែលក្រុម Everton ដណ្តើម​បាន​លទ្ធផល​ស្មើ ១-១ ត្រឹម​តែ​រយៈ​​ពេល​ប៉ុន្មាន​ម៉ោង ក្រោយពី​តារា​ឆ្នើម​៤​នាក់​របស់ក្រុម​ម្ចាស់​ជើង​ឯក​ប្រចាំ​ទ្វីប​អឺរ៉ុប​មួយនេះ បាន​តេស្ត​ឃើញ​លទ្ធផល​វិជ្ជមានលើ​វីរុសកូវីដ ១៩។

ខ្សែ​ប្រយុទ្ធ Romelu Lukaku, Timo Werner ខ្សែ​ប្រើ Callum Hudson-Odoi និង Ben Chilwell របស់​ក្លិប Chelsea សុទ្ធ​​សឹង​បាន​តេស្ត​ឃើញ​លទ្ធផល​វិជ្ជ​មាន​លើ​កូវីដ ១៩​ ស្រប​ពេល​ដែល​​ខ្សែ​បម្រើ​ប្រយុទ្ធ Kai Havertz កំពុង​តែ​មាន​អារម្មណ៍​ថា មិនស្រូល​ខ្លួន នៅមុនពេល​ការ​ប្រកួត​ជាមួយនឹងក្រុម Everton កាលពីថ្ងៃព្រហស្បតិ៍​។ លោក Thomas Tuchel គ្រូបង្វឹក​របស់ Chelsea បាន​ឲ្យដឹងថា៖ «Kai មាន​អារម្មណ៍​ថា មិនស្រួល​ខ្លួន រូប​គេមិនមានលទ្ធផល​វិជ្ជ​មាន​ឡើយ ប៉ុន្តែ យើងរង់​ចាំ​លទ្ធផល​​តេស្ត ហើយ​យើង​បាន​សម្រេច​​ចិត្ត​មិន​ដាក់​ឲ្យ​រូប​គេ​ចូល​ក្នុងក្រុមនេះ​»​។

ទោះបី​អវត្តមាន​តារាឆ្នើម​ច្រើន​ក៏ដោយ ប៉ុន្តែ ក្រុម Chelsea បាន​គ្រប់គ្រង​ការ​ប្រកួត​យ៉ាងល្អ នៅមុន​ពេល​របូត​គ្រាប់បាល់​តាមស្មើនៅ​រយៈពេល​១៦នាទី​ចុងក្រោយ តាមរយៈ​កីឡាករ Jarrad Branthwaite៕

ប្រភព​ព័ត៌​មាន៖ Channel News Asia