ដូចអ្វី​ដែល​បាន​សន្យា ក្លិបបាល់ទាត់​ភ្នំពេញ​ក្រោន ដែលមាន​លោក ឬទ្ធី សំណាង ជា​ប្រធាន បាន​នាំ​យក​ថវិកា​​មួយផ្នែក នៃ​​ប្រាក់រង្វាន់ ដែល​ទទួល​បាន​ពីការ​ឈ្នះ​តំណែង​ជើង​ឯកលីគ​កំពូល​កម្ពុជា ឆ្នាំ​២០២១ ទៅ​ប្រគល់​ជូ​ន​ដល់​ «មូលនិធិគន្ធបុប្ផាកម្ពុជា» ដើម្បី​គាំទ្រ​ដល់​សកម្មភាព​សង្គ្រោះ​ជីវិតកុមារ នៅកម្ពុជា របស់មន្ទីរពេទ្យគន្ធបុប្ផា ទាំងប្រាំទីតាំង។

តាម​ព័ត៌មាន ដែល​ត្រូវបាន​បង្ហោះ​ នៅ​លើ​ផេចហ្វេសប៊ុក​របស់​ក្លិបនេះ​ផ្ទាល់ បាន​ឱ្យ​ថា​​គណៈ​​គ្រប់គ្រង​​ក្លិបបាល់ទាត់ភ្នំពេញក្រោន រួម​ជាមួយ​កីឡាករ កីឡាការិនី និង​តំណាង​ក្រុម​ហ៊ុន Pi Pay កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ បាន​នាំម​ក​នូវថវិកាចំនួន​៤០​លាន​រៀល ដែល​ជា​​ចំណែក​ប្រាក់​រង្វាន់​ នៃ​ការ​ឈ្នះ​ជើងឯក​លីគ​កំពូល​កម្ពុជា ឆ្នាំ២០២១ បរិច្ចាគជូន «មូល​និធិគន្ធ​បុប្ផាកម្ពុជា – Cambodia Kantha Bopha Foundation» ក្នុង​គោល​បំណង​សម្រាល​ការ​លំបាក ក៏​ដូច​ជាគាំទ្រ​ដល់​សកម្មភាព​សង្គ្រោះ​ជីវិត​កុមារ នៅ​កម្ពុជា របស់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ទាំង​​៥ ទីតាំង។

នៅ​ក្នុងឱកាសនោះដែរ លោក​បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខា​ធិការ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ និង​ជា​ប្រធាន​លេខាធិការ​ដ្ឋាន​មូល​និធិគន្ធ​បុប្ផា​កម្ពុជា បាន​សម្តែង​ការ​កោត​សរសើរ​ក្លិប​ភ្នំពេញ​ក្រោន ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់ និង​រួម​ចំណែក​ក្នុង​សកម្មភាព​ពិនិត្យ និង​ព្យាបាល​កុមារ និង​ទារក បន្ថែម​ពី​លើ​បេសកកម្ម ​នៃ​ការ​ចូលរួម​អភិវឌ្ឍ​វិស័យ​បាល់​ទាត់​ជាតិ ទាំង​ផ្នែក​យុវជន ក្រុម​បុរស និងក្រុមនារី។

ចំណែក​លោក លី ហៀង អគ្គលេខាធិការក្លិបបាល់ទាត់ភ្នំពេញក្រោន បានលើកឡើងថា ៖​ «ថ្វី​ត្បិត​តែ​ថវិកា នាថ្ងៃនេះ ​មាន​ចំនួន​មិន​ច្រើន​ក្តី ក៏​វា​ជា​ស្មារតី​មួយ​ក្នុង​ការ​បង្ហាញ​ថា ជ័យជម្នះ​របស់​យើង គឺ​ជា​ក្តី​រីករាយ ​សម្រាប់​មនុស្ស​គ្រប់ៗ​គ្នា ជា​ពិសេស​កុមារ ​ដែល​កំពុង​ត្រូវ​ការ​ការ​គាំពារ​សុខុមាល​ភាព​របស់​ពួកគេ ក្នុង​នាម​ជា​អ្ន​ក​ជំនាន់​ក្រោយ និង​ជា​ធនធាន សម្រាប់​សង្គម​ជាតិ​នា​ពេល​អនាគត»។

ជាមួយ​គ្នានោះ លោកវេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់ (Denis Laurent) អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា បាន​បញ្ជាក់ថា ថវិកាទាំងនេះ នឹងប្រើប្រាស់ប្រកប​ដោយ​ប្រសិទ្ធ​ភាព ក្នុង​ការ​រក្សា​បាន​នូវ​គុណ​ភាព និង​ចីរភាព​នៃ​ការ​ពិនិត្យ និង​ព្យាបាល​កុមារ នៅ​កម្ពុជា ដូច​អ្វី​ដែល​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទាំង​​៥ ទីតាំង​តែង​តែ​ប្រកាន់​ខ្ជាប់​ នារយៈ​ពេល​ជា​ច្រើន​ឆ្នាំមក​នេះ។

គួរ​បញ្ជាក់​ថា “មូលនិធិគន្ធបុប្ផាកម្ពុជា” ដែល​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី និង​លោក​ស្រី​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន​រ៉ានី ហ៊ុន សែន ជា​ប្រធាន​កិត្តិយស ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ជាផ្លូវការ​ កាល​ពីថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០១៨ ក្នុង​គោល​បំណង​កៀរ​គរ​នូវ​អំណោយ​ឧបត្ថម្ភ​ធន និង​វិភាគទាន​ពី​ប្រភព​ស្របច្បាប់​នានា សំដៅ​ធានា​ចីរភាព​នៃ​កិច្ច​ដំណើរ​ការ​របស់​មន្ទីរ​ពេទ្យគន្ធបុប្ផាទាំង​៥​ទីតាំង បន្ថែមពីលើ “មូលនិធិគន្ធបុប្ផាប្រទេសស្វីស” ដែល​បាន​បង្កើត​ឡើង​ដោយ​លោក​សាស្ត្រាចារ្យវេជ្ជបណ្ឌិត BEAT RICHNER៕