បរទេស៖ ក្រុម Chelsea ត្រូវ​តែ «ស្វែង​រក​ដំណោះស្រាយ»​ នៅលើ​ទីលាន​ប្រកួត បើ​ទោះ​បីមិន​ក្រុម​ពេញ​កម្លាំង​ទាំង​ស្រុង​ក៏ដោយ​​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​លោក​គ្រូបង្វឹក Thomas Tuchel ស្រប​ពេល​ដែលក្រុម​មាន​មូលដ្ឋាននៅ​ទីក្រុង​ឡុងដ៍មួយ​នេះ ត្រូវ​​ជួប​កម្មវិធី​ប្រកួត​ដ៏​មមាញឹក នៅ​ចុង​ឆ្នាំ ក្នុង​អំឡុង​ពេល​ដែលខ្វះ​កីឡាករ ដោយ​សារ​តែ​បញ្ហា​របួស និង​ករណី​ឆ្លង​កូវីដ ១៩​។​

Chelsea មាន​តែ​​កីឡាករ​បម្រុង​ត្រឹម​តែ​៤​នាក់​ប៉ុណ្ណោះ ក្នុង​ពេល​បញ្ចប់ក្នុង​លទ្ធផល​ស្មើ ០-០ ជាមួយនឹងក្រុម Wolverhampton Wanderers ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Premier League កាលពីថ្ងៃ​អាទិត្យ ក្រោយពី​កីឡាករ​៧នាក់​ក្នុងក្រុម​របស់​ពួក​គេ​បាន​តេស្ត​ឃើញ​លទ្ធផល​វិជ្ជ​មាន​លើ​វីរុស​កូរ៉ូ​ណា​។ ក្លិប​ជាច្រើន​ស្ថិតក្នុងក្រប​ខ័ណ្ឌ Premier League បានមូល​មតិ​គ្នា​កាលពីថ្ងៃ​ចន្ទ​ថា នឹង​បន្ត​លេង​ការ​ប្រកួត​របស់​ខ្លួន​តាម​ការ​គ្រោង​ទុក អំឡុង​ពេល​រដូវ​កាល​បុណ្យ​ទាន បើ​ទោះ​បី​ការ​ប្រកួត​ជាច្រើន​ត្រូវ​បាន​ពន្យារ​ពេល ដោយសារ​តែ​កា​រផ្ទុះ​ឡើងនូវ​ករណីឆ្លងកូវីដ ១៩ ក៏ដោយ​។ លោក Tuchel មិន​ខក​ចិត្ត​ចំពោះ​ការ​សម្រេច​ចិត្ត​នេះឡើយ​។

នៅមុន​ពេល​ការ​ប្រកួត​ពាន League Cup វគ្គ​៨​ក្រុម​ចុងក្រោយ​នៅលើ​ទឹកដីក្រុម Brentford លោក Tuchel បាន​ឲ្យដឹងថា៖ «ខ្ញុំ​មិនមាន​ដំណោះ​ស្រាយ​សម្រាប់​ការ​ប្រកួតលីក និង​កម្ម​វិធី​ប្រកួត​​ទាំងមូលឡើយ​។ ប៉ុន្តែ ​ការ​សម្រាក​គ្រាន់​តែ​ជា​ការ​ពន្យារ​ពេល​នូវបញ្ហា​ប៉ុណ្ណោះ​​។ យើង​ខក​ចិត្ត​ដោយ​សារ​តែ​យើងមិនមានកីឡាករ​គ្រប់គ្រាន់ក្នុង​ការ​បំពេញការ​ប្រកួត​ដ៏​មមាញឹកប៉ុណ្ណោះ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia