បរទេស៖ លោក Pepijn Lijnders ជំនួយ​ការ​គ្រូបង្វឹកនៅក្លិប Liverpool បាន​និយាយ​កាលពីថ្ងៃ​ចន្ទ​ថា វា​ជា​រឿង​ដែលមិន​សម​ហេតុ​ផល​ដែល​ក្រុម​ហង្ស​ក្រហម​របស់​លោក​ត្រូវ​លេង​ការ​ប្រកួត​២លើក ក្នុង​ចន្លោះ​ពេល​៤​ថ្ងៃ​ ក្រោយពី​មានការ​កើន​ឡើងករណី​ឆ្លង​កូវីដ ១៩ និង​បញ្ហា​​របួសកីឡាករក្នុងក្លិប​​របស់​លោក​។

ក្រុម Liverpool បាន​បញ្ចប់ក្នុងលទ្ធផល​ស្មើ ២-២ ជាមួយនឹងក្រុម​ Tottenham Hotspur កាលពីថ្ងៃ​អាទិត្យ ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌលីក ហើយ​និង​ត្រូវ​ប៉ះក្រុម Leicester City លើទឹក​ដីខ្លួន​ឯង​នា​រាត្រីនេះ ក្នុង​វគ្គ​៨ក្រុម​ចុងក្រោយ​នៃពាន League Cup​។ ប៉ុន្តែ ទាំងក្រប​ខ័ណ្ឌ Premier League និង​លីក​កីឡា​បាល់ទាត់​អង់គ្លេស (EFL) បានប្រកាស​កាលពីថ្ងៃ​ចន្ទ​ថា កម្មវិធី​ប្រកួត​អំឡុង​ពេល​រដូវ​បុណ្យទាន នឹងប្រព្រឹត្ត​ទៅ​ជា​ធម្ម​តា តាម​ការ​គ្រោង​ទុក បើ​ទោះបីមានការផ្ទុះ​ករណី​ឆ្លង​កូវីដ ១៩ ក៏ដោយ​។

លោក  Lijnders បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា៖ «យើង​តែង​ផ្តល់​នូវ​ការ​ណែនាំ​របស់យើង និង​ផ្តល់​មតិយោ​បល់​ដ៏​ស្មោះ​ត្រង់​របស់​យើង ដើម្បី​លើកកម្ពស់គុណ​ភាព​នៃ​ការ​ប្រកួត​។ នេះ​គឺ​ជា​អ្វី​ដែលយើង​បាន​​ធ្វើ​ក្នុង​កិច្ច​ប្រជុំ​កាលពីថ្ងៃ​ចន្ទ​។ យើង​ពេញ​ចិត្ត​ភាព​ស្វិតស្វាញ ប៉ុន្តែ យើង​ទាំង​អស់គ្នា​ត្រូវ​តែ​គោ​រព​ការ​វិវឌ្ឍ​ទៅ​ស្ថានភាព​ដើម​វិញ​។ យើង​គិត​ថា វា​ជារឿង​មិនសម​ហេតុ​ផល​ដែលយើង​ត្រូវ​លេង​ការ​ប្រកួត​ បន្ទាប់​ពីសម្រាក​បាន​៤៨​ម៉ោង​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia