បរទេស៖ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​សិង្ហ​បុរី និង​ក្រុម​ជម្រើស​ជាសតិ​ឥណ្ឌូនេស៊ី បាន​បញ្ចប់ក្នុងលទ្ធផល​ស្មើ ១-១ ក្នុង​ការ​ប្រកួត​ជើង​ទី​១នៃ​ព្រឹត្តិ​ការណ៍ AFF Suzuki Cup ឆ្នាំ​២០២០ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​របស់ពួក​គេ ដែល​នាំ​ឲ្យ​ក្រុម​ទាំង​២ មានក្តី​សង្ឃឹម​ដូចគ្នា មុននឹង​ឈាន​ទៅកាន់​ការ​ប្រកួត​ជើង​ទី​២ នៅថ្ងៃ​សៅរ៍​។

កីឡាករ Witan Sulaeman បាន​រក​គ្រាប់បាល់​ដ៏ល្អ​ក្នុង​ការ​ប្រួត ដើម្បី​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូនេស៊ី មាន​គ្រាប់បាល់​នាំមុខ​មុននៅ​នាទី ទី​២៨ នៅមុន​ពេល Ikhsan Fandi បាន​រក​គ្រាប់បាល់​តាមស្មើ​វិញ​នៅ​នាទី ទី​៧០​។ ប៉ុន្តែ ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូនេស៊ី មិនទទួល​បាន​បាល់ប៉េណាល់ទី​ក្នុង​តង់ទី​២​ឡើយ ដែល​អាច​ជា​ចំណុច​កាត់​សេចក្តីក្នុង​ការ​ប្រកួតនេះ ខណៈ​ដែល​លោក Shin Tae-yong ដែល​ជា​គ្រូបង្វឹក បាន​និយាយថា ក្រុម​របស់​លោក​គួរ​តែ​ទទួល​បាន​បាល់​ពិន័យ​១១​ម៉ែត្រ​។

លោក​បា​ឲ្យដឹងថា៖ «ខ្ញុំមិន​បាន​ឃើញ​សកម្មភាព​នោះ​​ម្តង​ទៀត​ឡើយ ប៉ុន្តែ ខ្ញុំ​គិត​ថា វា​ស្ថិតក្នុង​ប្រអប់​ទី បើ​ទោះ​បី​មិនមាន​វី​ដេអូ​ក៏ដោយ​។ យើង​ត្រូវ​តែ​គោ​រព​ការ​សម្រេច​ចិត្ត​របស់​អាជ្ញា​កណ្តាល»​។ លោក Tae-yong បាន​បន្ថែម​ទៀត​ថា៖ «យើង​បាន​ដឹង​ថាវា​នឹងក្លាយ​ជា​ការ​ប្រកួត​ដ៏​តាន​តឹង​មួយ នៅ​រាត្រីនេះ ហើយ​ខ្ញុំ​គិត​ថា អ្នក​អាចមើល​ឃើញថា កីឡាករ​អស់កម្លាំង​នៅ​តង់ទី​២ ហើយ​បានផ្តល់​សន្ទុះ​ដល់សិង្ហ​បុរី​វិញ ហេតុនេះ យើង​ត្រូវ​តែផ្តោត​លើ​ការ​​ស្រោច​ស្រង់ឡើង​វិញ និង​ត្រៀម​សម្រាប់ការ​ប្រកួត​ជើង​ទី​២»​៕

 

ប្រភព​ព័ត៌​មាន៖ AFF Suzuki Cup