បរទេស៖ ក្រុម​ខ្លាំង​២​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ នឹង​ត្រូវប៉ះ​គ្នា​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ នៅពេល​ដែលក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វៀត​ណាម និង​ថៃ ប្រកួត​គ្នា​នៅកីឡដ្ឋាន National នៅ​ប្រទេស​សិង្ហ​បុរី នៅរាត្រីនេះ​។

លោក Park Hang-seo គ្រូបង្វឹកនៃក្រុម​ជម្រើស​ជាតិវៀតណាម បាន​សម្តែង​​នូវ​ការ​កោត​សរសើរ​លើ​គូ​ប្រកួត​របស់​ខ្លួន ខណៈ​ដែល​លោក​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ថៃ ព្យា​យាម​បំ​បែក​តំបន់​ការ​ពារ​របស់​ក្រុមខ្លួន ខណៈ​ដែល​ពួក​គេ​មិន​ទាន់​របូត​សូម្បី​តែ​១​គ្រាប់​នៅឡើយ​ទេក្នុង​យុទ្ធនាការមក​ទល់ពេលនេះ​។ គ្រូបង្វឹក​សញ្ជាតិ​កូរ៉េ​រូប​នេះ​បាន​ឲ្យដឹងថា៖ «ថៃ តែង​តែ​ជា​បេក្ខ​ភាព​ឈាន​មុខ​គេក្នុងការ​ឈ្នះពាន Suzuki Cup​។ ពួក​គេ​ជាក្រុមខ្លាំង ដោយ​មានកីឡាករ​ឆ្នើម​ៗ​ច្រើន ហើយ​បើ​ទោះ​បី​យើង​ត្រូវ​តែ​ព្យា​យាម​ និង​រក​គ្រាប់​បាល់​បញ្ចូល​ទី​ឲ្យ​បាន​ពេល​ប្រកួត​ជាមួយនឹង​ពួកគេ​ក៏ដោយ ប៉ុន្តែ ពួកគេ​ក៏​ត្រូវ​តែ​រក​ចន្លោះ​ដើម្បី​ស៊ុត​បាល់​បញ្ចូល​ទីលើ​យើង​ផងដែរ​»​។

លោក Park បាន​លើកឡើង​បែបនេះ ដោយ​សារ​តែ​គ្រូបង្វឹក​នៃក្រុម​ជម្រើស​ជាតិ​ថៃលោក Alexandre Polking មាន​បទពិសោធ​ជា​គ្រូបង្វឹកក្នុងកម្រិត​ក្លិបនៅ​វៀត​ណាម ដោយ​លោក​បាន​ដឹក​នាំ​ក្លិប Ho Chi Minh City FC ប៉ុន្តែ លោក Polking បាន​បញ្ជាក់​ថា បទពិសោធ​នេះ មាន​ឥទ្ធិពល​​តិច​តួច​ប៉ុណ្ណោះ​ក្នុងការ​ប្រកួតនេះ​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក Polking ក៏​បានប​ញ្ជាក់​ផង​ដែរ​ថា វៀត​ណាម គឺ​ជាក្រុម​មាន​ប្រៀប​ដាច់​លើ​ក្រុម​របស់​លោក​ក្នុង​យុទ្ធនា​ការ​នេះ​។

គ្រូបង្វឹក​សញ្ជាតិ​ប្រេស៊ីល​រូបនេះ​បាន​ឲ្យដឹងថា៖ «ខ្ញុំ​គិត​ថា ពេល​វេលា​របស់ខ្ញុំ​នៅ​វៀត​ណាម គឺ​ជាពេល​យូរ​ណាស់មកហើយ ប៉ុន្តែ ខ្ញុំ​បាន​មើលឃើញ​ពីការ​ខិត​ខំ​របស់​កីឡាករ ហើយ​ខ្ញុំ​ស្គាល់ពី​គុណភាព​ដែលពួក​គេមាន​»៕

 

ប្រភព​ព័ត៌មាន៖ AFF Suzuki Cup