បរទេស៖ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ថៃ បាន​បោះ​១​ជំហាន​ឆ្ពោះ​ទៅកាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ​២០២០ ក្រោយពី​បាន​កត់ត្រា​ជ័យ​ជម្នះ​ក្នុងលទ្ធផល ២-០ លើ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វៀត​ណាម ក្នុង​ការ​ប្រកួត​ជើង​ទី​១ នៃ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​របស់​ពួក​គេ នាកីឡដ្ឋាន National Stadium ប្រទេស​សិង្ហ​បុរី​។

គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី២គ្រាប់​នៅ​តង់ទី​១ ពី​កីឡាករ Chanathip Songkrasin បាន​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ថៃ ស្ថិតក្នុង​ទី​តាំង​ដ៏រឹង​មាំក្នុង​ពេលសម្រាក​នៅ​តង់ទី​១ ហើយ​ក្រុម​ជ្រើស​ជាតិ​វៀត​ណាម គួរ​តែ​ចាញ់​ក្នុងលទ្ធផល​ធំ​ជាង​នេះ ប្រសិន​បើ​អ្នក​ចាំទី Tran Nguyen Manh មិន​បាន​សង្គ្រោះ​បាល់​ប៉េណាល់ទី​​ពីការ​ស៊ុត​​នៅ​នាទី ទី​៨៤​ពីប្រធានក្រុម​របស់​ថៃ​រូប​នេះ​ទេ​នោះ​។ លោក Alexandre Polking ដែល​ជា​គ្រូបង្វឹក បាន​កោត​សរសើរ​ទម្រង់​លេង​របស់ក្រុម​លោក ប៉ុន្តែ បានប្រពមាន​ពួកគេថា កុំ​ឲ្យ​បែ​ក​អារម្មណ៍​ឲ្យ​សោះ​​។

គ្រូបង្វឹក​សញ្ជាតិ​ប្រេស៊ីល​រូបនេះ​បាន​ឲ្យដឹងថា៖ «យើង​មាន​ប្រៀប​បន្តិចបន្តួច​​ជា​មួយ​គ្រាប់​បាល់​២​គ្រាប់​។​ វា​គឺ​ជា​ការ​បោះ​ជំហាន​ដ៏សំខាន់មួយ ប៉ុន្តែ វា​មិន​ទាន់​ចប់​នៅឡើយ​ទេ​​។ យើង​ដឹង​ថា យើង​ត្រូវ​តែ​កែ​សម្រួល​ចំណុច​ខ្លះ និង​ដឹង​ថា យើង​អាច​លេង​ល្អ​ប្រសើរ​ជាង​នេះ ប៉ុន្តែ យើង​បាន​ដឹង​ថា វា​ពិតជា​សំខាន់ណាស់ក្នុងការ​ទទួល​បានលទ្ធផល​បែបនេះ​»​៕

 

ប្រភព​​ព័ត៌មាន៖ AFF Suzuki Cup