បរទេស៖ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ថៃ បាន​កក់​កៅអី​​របស់ពួក​គេ​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ AFF Suzuki Cup ជា​លើក​ទី៩ ក្នុង​ចំណោមការ​បង្ហាញខ្លួន​១៣លើក ក្រោយពី​ពួក​គេ​​ទទួល​បានលទ្ធផល​ស្មើ ០-០ ជា​មួយនឹងក្រុម​ម្ចាស់​ការ​ពារ​ជើង​ឯក​វៀត​ណាម កាលពីថ្ងៃ​​អាទិត្យ ក្នុងការ​ប្រកួត​ជើង​ទី​២​នៃ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដើម្បី​ឈ្នះ​ទាំង​២​ជើង​ក្នុងលទ្ធផល ២-០​។

វៀត​ណាម បាន​គ្រប់គ្រង​ការ​ប្រកួត​ស្ទើរ​តែ​ទាំ​ស្រុងនា​កីឡដ្ឋាន National Stadium នៅ​ប្រទេស​សិង្ហ​បុរី ប៉ុន្តែ មិនអាច​ទម្លុះ​តំបន់​ការ​ពារ​ដ៏រឹង​មាំ​របស់​ថៃ ដែល​បាន​របូត​គ្រាប់បាល់​តែ​១​គ្រាប់​គត់ ក្នុង​ចំណោមការ​ប្រកួត៦លើក​មក​ទល់ពេលនេះ បាន​ឡើយ​។ លោក Alexandre Polking គ្រូបង្វឹក​នៃក្រុម​ជម្រើស​ជាតិ​ថៃ បាន​ឲ្យដឹងថា៖ «ខ្ញុំ​ពិត​ជា​មោទ​នភាព​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែ​ដែល​កីឡាករ​​បាន​ខិត​ខំព្យាយាម​នៅ​តំបន់​ការ​ពារ ជាពិសេស​នៅ​ក្នុង​តង់​ទី​១ ដែល​ជា​ការ​បង្ហាញពី​ទម្រង់​លេង​ដ៏​អស្ចារ្យ​។

វា​បង្ហាញពី​ស្មារតី​ក្រុម​ដ៏​គួរ​ឲ្យ​កោត​សរសើរ ខណៈ​ដែលកីឡាករ​បាន​ប្រកួត​គ្នា​យ៉ាង​ស្វិត​ស្វាញ សាមគ្គី​គ្នា និង​រួម​គ្នា​ដោះស្រាយពីការ​ដាក់សម្ពាធ​ពី​វៀត​ណាម​»​។ ក្រុម​ជម្រើស​ជាតិ​ថៃ នឹង​ត្រូវ​ធ្វើការ​ប្រកួត​២​ជើង​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ឥណ្ឌូនេស៊ី ដែលបាន​​ផ្តួលក្រុម​ជម្រើស​ជាតិ​សិង្ហ​បុរី​ ដែលនៅ​សល់​សមា​ជិក​ត្រឹម​តែ​៩នាក់ ក្នុងលទ្ធផល ៤-២ ក្នុងការ​ប្រកួត​ជើង​ទី​២ ដើម្បី​ឈ្នះ​ទាំង​២​ជើង​ក្នុងលទ្ធផល ៥-៣​។ ការ​ប្រកួត​ជើង​ទី​១នៃ​វគ្គ​ផ្តាច់ព្រ័ត្រ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២១ នា​កីឡដ្ឋាន National Stadium​៕

 

ប្រភព​ព័ត៌មាន៖ AFF Suzuki Cup