គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel បានអះអាងថា ខ្សែប្រយុទ្ធស្លាប Liverpool កីឡាករ Sadio Mane គួរតែទទួលបានកាតក្រហមបណ្តេញចេញ ក្រោយប៉ះទង្គិចដោយប្រើកែងដៃលើប្រធានក្រុមChelsea កីឡាករ Cesar Azpilicueta ។គួរបញ្ជាក់ថាការប្រកួតរវាងក្រុមជើងខ្លាំងនៅក្របខណ្ឌ Premier League ដែលចាប់ផ្តើមលេងបានត្រឹមតែ ពេលប្រាំមួយវិនាទីប៉ុណ្ណោះនៃការប្រកួតកាលពីថ្ងៃអាទិត្យ ខណៈកីឡាករទាំងពីរបានហក់ប្រជែងគ្នាដណ្តើមយកបាល់នៅទីខ្ពស់ ប៉ុន្តែទីបំផុត Mane បានទទួលកាតលឿងក្រោយយកកែងដៃប៉ះចំផ្ទៃមុខកីឡាករអន្តរជាតិអេស្បាញរូបនេះរួចមក។

ថ្លែងទៅកាន់ Sky Sports លោក Tuchel បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថាៈ ទោះ Mane មានសំណាងណាស់ដែលអាចបន្តការប្រកួត នៅលើទីលាន ខ្ញុំមិនចង់និយាយអ្វីច្រើនទេ ព្រោះខ្ញុំចូលចិត្ត គាត់( Mane ) ជាកីឡាករកំពូល ប៉ុន្តែផ្ទុយទៅវិញទង្វើនេះគាត់សមនិងត្រូវទទួលបានកាតក្រហម។

Chelsea បានរកគ្រាប់បាល់២គ្រាប់នៅចន្លោះនាទីទី៤២និង ៤៥+១ ដោយកីឡាករ Niko Kovacic និង Christian Pulisic មុនបញ្ចប់ការប្រកួតតង់ទី១ ដើម្បីវាយបកតាមស្មើនិងរក្សាលទ្ធផលដល់ចប់ការប្រកួតដើម្បីរកបាន១ពិន្ទុ ក្រោយពីSadio Mane និង Mohamed Salah ជួយអោយក្រុមភ្ញៀវរកបានគ្រាប់បាល់នាំមុខមុន ។