បរទេស៖ Liverpool បាន​ស្នើ​សុំលីកកីឡា​បាល់ទាត់​អង់គ្លេស​ហៅ​កាត់ថា EFL ដើម្បី​រៀប​ចំ​​ការ​ប្រកួត​ជើង​ទី​១​នៃ​ពាន League Cup វគ្គ​ពាក់កណ្តាលផ្តាច់​ព្រ័ត្រ​របស់ពួក​គេ​ជាមួយ​នឹងក្រុម Arsenal ឡើង​វិញ នៅ​ថ្ងៃព្រហស្បតិ៍ ដោយ​សារ​តែ​មាន​ការ​កើនឡើង​ករណី​ឆ្លង​កូវីដ ១៩ នៅ​ក្នុងក្លិប​នេះ​​។ នេះបើយោង​ទៅ​តាម​បញ្ជាក់​របស់ក្រុម​ស្ថិតក្នុងក្រប​ខ័ណ្ឌមួយនេះ កាលពីថ្ងៃ​អង្គារ​។

Liverpool បានលុប​ចោល​ការ​ហ្វឹកហាត់​នានា​របស់​ក្រុម​ខ្លួន​កាលពីថ្ងៃ​អង្គារ​។ ក្លិប​បាន​ឲ្យដឹង​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា៖ «ក្រុមហង្ស​ក្រហម​បាន​ដាក់​សំណើ​​ជាផ្លូវ​ការ​ដល់ EFL ដើម្បី​ស្នើ​សុំ​ឲ្យ​កម្ម​វិធី​ប្រកួតនេះ ត្រូវ​រៀប​ចំឡើង​វិញ ក្រោយ​ពី​មាន​ករណី​សង្ស័យ​​ការ​ឆ្លង​កូវីដ ១៩ ជាថ្មី​ម្តង​ទៀត ក្នុង​ចំណោម​កីឡាករ និងបុគ្គ​លិក ក៏ដូច​ជា​កត្តា​ប៉ះពាល់​ផ្សេង​ទៀត​ក្នុងការ​ជ្រើស​រើស​ក្រុម ក្នុងនោះ​រាប់បញ្ចូល​ទាំង​ជំ​ងឺ និង​បញ្ហា​របួស​ផង​ដែរ​»​។

លោក​គ្រូបង្វឹក Juergen Klopp រួម​ជាមួយនឹង​អ្នក​ចាំ​ទី Alisson Becker ខ្សែ​ប្រយុទ្ធ Roberto Firmino និងខ្សែ​ការ​ពារ Joel Matip សុទ្ធ​សឹង​បាន​អវត្តមាន​ក្នុងពេល​ក្រុម​ខ្លួន​បាន​បញ្ចប់ក្នុងលទ្ធផល​ស្មើ ២-២ ជាមួយនឹងក្រុម Chelsea កាលពី​ចុង​សប្តាហ៍​មុន ដោយ​សារ​តែបន្ត​​តេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia