​ការ​ប្រកួត​លីគកំពូលកម្ពុជា ឆ្នាំ​២០២២ ដែលបាន​ប្តូរ​ឈ្មោះ​មកជា Cambodian Premier League 2022 (CPL) នោះ គឺ​មាន​ត្រឹម​៨ក្លិបប៉ុណ្ណោះ ដែលត្រូវ​ដាក់​ឱ្យប្រកួត​ប្រជែង​គ្នា ចំណែក​ក្លិបចំនួន​៤​ទៀត រួមទាំង​ក្រុម​ឈរ​នៅបាតតារាង ត្រូវ​ដាក់​ឱ្យលេង នៅលីគ​២ សម្រាប់រដូវកាលថ្មី​។

ការបំបែកភាព​ទល់ច្រក ដើម្បី​អាច​ប្រកាសចំនួន​ក្រុម ដែល​ត្រូវ​ដាក់​ឱ្យ​លេង​នៅ​​លីគ​កំពូលកម្ពុជា ឆ្នាំ​២០២២​នេះ  ​គឺ​បន្ទាប់​ពី​ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់កម្ពុជា (FFC) លោក សៅ សុខា និង​លោក Satoshi Saito នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​​លីគ​បាល់ទាត់​កម្ពុជា​ បាន​​បើក​កិច្ច​ប្រជុំ​ដោយ​ផ្ទាល់ ​ជាមួយ​​ក្លិបទាំង​អស់ កាលពី​ពេលថ្មីៗ​នេះ ដើម្បីធ្វើការ​សម្រប​សម្រួល និងដោះស្រាយនៅបញ្ហា​ជាប់គាំង​មួយ​ចំនួន ដែល​កើតមានឡើង ដោយសារ​ការ​ជំទាស់​របស់​ក្លិប ដែលត្រូវបានទម្លាក់​ឱ្យ​ទៅលេង​នៅលីគ​២។

យ៉ាងណា​ក៏​ដោយ បើ​តាមការ​រៀបរាប់​របស់​​លោក Satoshi Saito ​បាន​ឱ្យ​ដឹង​ថា លោក សៅ សុខា ដែលជា​អ្នកសម្រេច​ចុងក្រោយ ទៅលើការ​រៀបចំ​របត់ថ្មី នៃ​លីគ​កំពូល​កម្ពុជា​នេះ បាន​ទទួលស្គាល់ថា វា​ពិតជា​មានការលំបាក ចំពោះ​ការកាត់ក្រុម​ធ្លាប់​លេង​នៅ​លីគកំពូលកម្ពុជា ឱ្យ​ទៅលេងនៅលីគ​២ នៅរដូវ​កាល ឆ្នាំ​២០២២​នេះ។

​ លោក លោក Satoshi Saito  ​បានស្រង់សំដី​របស់​លោក សៅ សុខា មកប្រាប់បែបនេះ​ថា៖ «វាជា​ការ​សម្រេច​ចិត្ត​​ដ៏​លំបាក​មួយ ប៉ុន្តែ​គ្មាន​កំណែ​ទម្រង់​​​ណា ដែល​មិន​មាន​ការ​ឈឺ​ចាប់​នោះទេ។ ប្រធាន FFC បានបញ្ជាក់យ៉ាងច្បាស់ថា ទំនួល​​ខុស​ត្រូវ​ទាំង​អស់​ ស្ថិត​នៅ​លើ​ខ្ញុំ ហើយ​បាន​ប្រាប់​ក្លិប​ទាំង​អស់​ឱ្យ​ធ្វើ​ការ​រួមគ្នា ដើម្បី​បង្កើត​​អនាគត​ដ៏ល្អ​ប្រសើរ​ជាមួយគ្នា»។

តាម​រយៈ​ការ​សម្រេច និងការឯក​ភាព​គ្នា នៅ​ក្នុង​កិច្ច​ប្រជុំ ជាមួយក្លិបទាំង​អស់ នាពេល​នោះ CPL ​បាន​កំណត់​យក​​​ក្រុម​ភ្នំពេញ​ក្រោន ព្រះខ័នរាជស្វាយរៀង វិសាខា ណាហ្គាវើលដ៍ បឹងកេត អង្គរថាយហ្គឺរ កងយោធពខេមរភូមិន្ទ និង​​ក្រុមគិរីវង់សុខសែនជ័យ ឱ្យ​បន្ត​​​លេង​​នៅលីគកំពូល​រដូវ​កាលថ្មី ឆ្នាំ​២០២២នេះ  ​ ប៉ុន្តែ​​ក្រុម​ទាំង​៨នេះ ត្រូវ​ធ្វើការ​ប្រកួត​រហូត​​ដល់​​៣​ជើង ដែល​សរុប​​មានរហូត​ដល់​​១៦៨​ប្រកួត​ ហើយ​ការ​ប្រកួត នឹង​ចាប់​ផ្តើមពីថ្ងៃទី​៥ ខែមីនា តទៅ។

ចំណែក​ក្រុម​អាស៊ីអឺរ៉ុប នគរ​បាលជាតិ អគ្គិសនីកម្ពុជា ខេត្តព្រៃវែង និងក្រុម​សូលទីឡូអង្គរ ដែល​ធ្លាប់លេង​នៅ​លីគកំពូលកម្ពុជា ឆ្នាំ​២០២១ ត្រូវ​ដាក់ឱ្យ​មកលេង​នៅ​លីគ​២ ​ហើយ​ការ​ប្រកួត​លីគ​២ ឆ្នាំ​២០២២​នេះ ត្រូវ​បានកំណត់​ឱ្យ​មាន​ការ​ចូល​រួម​ត្រឹម​​១២​ក្រុមប៉ុណ្ណោះ៕