បើ​ទោះបីជា ក្រុម​ភ្នំពេញ​ក្រោន បាន​ទទួល​បរាជ័យជាប់ៗ​គ្នា​ចំនួន២​លើក បន្ថែម​ទៅ​លើ​ការ​ស្មើ​ត្រឹម​១​លើក ប៉ុន្តែ​គ្រូ​បង្គោលលោក Oleg Starynskyi មិនបាន​ចាត់ទុក​ការ រក​មិន​ឃើញ​ការ​ឈ្នះ​សោះ​នេះ វាជា​ការ​បិទ​ផ្លូវ​ ចំពោះ​ភ្នំពេញ​ក្រោន ក្នុងការ​ការពារ​តំណែង​ជើងឯក របស់​ខ្លួន នោះ​ទេ។

គ្រូ​បង្វឹក​ជនជាតិ​អ៊ុយក្រែន លោក Oleg Starynskyi បាន​ទទួល​ស្គាល់ថា ពិតជា​បាន​បាត់បង់​កីឡាករ​ស្នូល​សំខាន់ៗ​មួយចំនួន ដែល​ធ្វើ​ឱ្យ​ទម្រង់​លេង​របស់ក្រុមសិង្ហ​ក្រហម មានការ​ប្រែប្រួល។ លោក​​បាន​និយាយ​ថា៖ «យើង​បាន​បាត់​បង់​កីឡាករ​ស្នូល​មួយ​ចំនួន​ពី​ប្រព័ន្ធ​លេង​របស់​យើង ប៉ុន្តែគ្រប់កីឡាករទាំងអស់ត្រូវតែព្យាយាមឱ្យ​អស់​ពី​លទ្ធភាព​នៅ​ពេល​ដែល​​គេ​បង្ហាញ​ខ្លួន​លើ​ទីលាន»។

តាម​រយៈការ​ប្រកួត​៣លើក​កន្លង​មកនេះ ក្រុម​ការពារ​តំណែង​ជើង​ឯក​ភ្នំពេញ​ក្រោន បាន​ស្មើ ០-០ ជាមួយក្រុម​កងយោធពល​ខេមរភូមិន្ទ (ទ័ព) តែ​បានចាញ់​ក្រុម​ព្រះខ័នរាជស្វាយរៀង ៣-១ និងចាញ់​ក្រុមអង្គរ​ថាយហ្គឺរ ៤-២ ដែល​នេះជា​លទ្ធផលដ៏​អាក្រក់ សម្រាប់​ភ្នំពេញក្រោន នា​ការ​បង្ហាញ​ខ្លួន នៅរដូវ​កាលនេះ។

យ៉ាង​ណា​មិញ សម្រាប់ការ​ប្រកួត​លើក​ទី​៤ នៅ​ថ្ងៃសៅរ៍នេះ ក្រុម​ភ្នំពេញក្រោន នឹងបើក​កីឡដ្ឋាន​ RSN របស់​ខ្លួន​ម្តង​​ទៀត ដើម្បីស្វាគមន៍​ក្រុម​អ្នកមាន វិសាខា នៅល្ងាច​ម៉ោង ៦:៣០ ខណៈការ​ប្រកួតនេះ វិសាខា បាន​ប្រកាស​ថា ពួកគេ បានត្រៀមខ្លួនរួច​រាល់អស់​ហើយ ដើម្បី​ការប្រកួត​ដ៏ធំមួយនេះ។

ខ្សែការពារដ៏រឹងមាំ​​ជនជាតិអាហ្រិក​ខាងត្បូង Mohammed Khan របស់​ក្រុម​វិសាខា ដែល​រកបាន​១​គ្រប់​ដែរ ពេល វិសាខា ឈ្នះក្រុម​គិរីវង់សុខសែន​ជ័យ ៥-០ នោះ បាន​តាំង​ចិត្តខ្ពស់ ចំពោះការ​ជួបក្រុម​ភ្នំពេញក្រោន លោកនេះ ដោយ​គេ​បាន​និយាយ​ថា៖«ខ្ញុំនឹងជួយក្រុម មិន​​ឱ្យ​គេស៊ុត​បញ្ចូល​ទី​បាន ហើយ​នឹង​ខំ​ប្រឹង​ឱ្យ​អស់​ពី​សមត្ថ​ភាព ដើម្បី​ជួយ​ក្រុម​ឱ្យ​ទទួល​បាន ៣ពិន្ទុ​សប្តាហ៍​នេះ»។

យ៉ាង​ណា​ក៏​ដោយ លោក Oleg Starynskyi បានអះអាង​ថា ក្រុម​របស់​លោក ក៏​ត្រៀម​ខ្លួន​បានរួច​រាល់ ដើម្បី​ការពារ​តំណែងជើង​ឯក​របស់​ខ្លួនដូចគ្នា។ លោក​បានបញ្ជាក់​ថា៖​«យើង​ក៏​ដឹងដែរ​ថា គូ​ប្រកួត​របស់​យើង ​មាន​ការ​លើក​ទឹក​ចិត្ត​ខ្លាំង​ក្លាណាស់ នៅ​ពេល​ដែល​ពួក​គេ​លេង​ជាមួយ​យើង ដែល​ជា​ក្រុម​ការពារ​តំណែងជើងឯក ដូច្នេះ​យើង​ត្រូវតែ​​ត្រៀម​ខ្លួន​រួច​ជាស្រេច ដើម្បីការពារតំណែងរបស់យើង»។

ដោយឡែក នៅ​ថ្ងៃសៅរ៍នេះ​ដែរ ក្រុមកំពុង​ឈរ នៅលើ​កំពូល​តារាង ​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវ​ជួប​ក្រុម​ម្ចាស់​ផ្ទះ ទ័ព នៅកីឡដ្ឋាន​ស្តាតចាស់ នា​ល្ងាច​ម៉ោង ៦:៣០ ចំណែក​ក្រុម​ណាហ្គាវើលដ៍ ត្រូវ​ជួប​ក្រុម​គិរីវង់​សុខ​សែន​ជ័យ នៅកីឡដ្ឋាន​ព្រីនស៍ នា​​ល្ងាច​ម៉ោង ៦:៣០ ហើយ​ក្រុម​បឹងកេត ត្រូវ​ស្វាគមន៍​ក្រុមអង្គរថាយហ្គឺរ នៅ​​រសៀល​ម៉ោង ៣:៤៥ ថ្ងៃ​សៅរ៍នេះដូចគ្នា៕