ការ​ដណ្តើម​បាន​៣ពិន្ទុ​រៀងៗ​ខ្លួន របស់​ក្រុម​ណាហ្គាវើលដ៍ និងក្រុមកង​យោធពល​ខេមរភូមិន្ទ (ទ័ព) លើ​ក្រុម​ខ្លាំង វិសាខា និង​បឹងកេត បានធ្វើ​ឱ្យការ​ប្រកួត​លីគកំពូល​កម្ពុជា ឆ្នាំ​២០២២ មានការ​ផ្លាស់ប្តូរ​ខ្លាំង ហើយ​អ្វីកាន់តែ​ប្លែក​នោះ គឺ​ក្រុម​ការពារ​តំណែង​ជើងឯក ភ្នំពេញ​ក្រោន បាន​ធ្លាក់ទៅឈរ​នៅបាតតារាង ដ៏មិនគួរ​ឱ្យ​ចង់​ជឿ ចំណែក​ក្រុមម្ចាស់​ផ្ទះអង្គរ​ថាយហ្គឺរ បាន​​ប្រកាន់ជំហរ ពង្រឹង​ចំណុចខ្វះ​ខាត ក្រោយ​ពួកគេ មិនសូវពេញ​ចិត្ត​នឹង​ការ​ស្មើ​ជាមួយ​ក្រុម​គិរីវង់​សុខសែន​ជ័យ។

បើ​ទោះបីជា ក្រុម​វិសាខា និង ​បឹងកេត សុទ្ធតែបាន​បង្ហាញ​ភាពខ្លាំង នៅ​ថ្ងៃ​បើក​ឆាក ដោយ​បាន​យក​​ឈ្នះ​លើ​ក្រុមអង្គរ​ថាយហ្គឺរ និងណាហ្គាវើលដ៍ ៣-១ ដូច​គ្នា ប៉ុន្តែ​សម្រាប់ការ​ប្រកួត​លើក​ទី​២ កាលពី​ថ្ងៃសៅរ៍ កន្លងមកនេះ គឺ​លទ្ធផល មានការ​ក្រឡប់ចាក់ខ្លាំង ដែល​គ្រប់គ្នា​ស្ទើរ​តែ​មិនចង់​ជឿ ព្រោះ​ក្រុមទាំង​២​នេះ បាន​ជួបការ​បរាជ័យ នៅលើ​ក្នុងទឹក​ដីដូចគ្នា។

តាមរយៈការ​ប្រកួត​នោះ ក្រុម​ម្ចាស់​ផ្ទះ វិសាខា បានចាញ់​ក្រុមណាហ្គាវើលដ៍ ១-០ ដែល​ជា​ការ​ស៊ុត​បាល់​បញ្ចូលទី​របស់ខ្សែ​ប្រយុទ្ធ Christian នៅនាទីទី​៦៧ ចំណែក​ក្រុមបឹងកេត បាន​ចាញ់​ក្រុមទ័ព ១-០ ដូចគ្នា ដែល​កើត​ចេញពីការស៊ុត​បាល់​បញ្ចូនទីពី​ចម្ងាយ​របស់​កីឡាករ​ជប៉ុន Yuta Kikuchi នៅនាទីទី​៥៥។

ជាមួយ​លទ្ធផលនេះ វា​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា លីគកំពូលកម្ពុជា នៅរដូវ​កាលនេះ ពិត​ជា​មាន​ការ​ផ្លាស់ប្តូរ​ខ្លាំង ចំណែក​ជ័យជម្នះ​របស់​ក្រុមណាហ្គាវើលដ៍ ទៅ​លើ​ក្រុម​វិសាខា ក៏បាន​បង្កប់នូវរឿង​រ៉ាវ​ដ៏​គួរ​ចាប់អារម្មណ៍​ផងដែរ ព្រោះជា​ពេល​ដែល​អតីត​កីឡាករ ឃីម បូរី បាន​ដឹកនាំ​ក្រុម​របស់​ខ្លួន យក​ឈ្នះ​លើ​ក្រុមរបស់លោក មាស ចាន់ណាស ដែលជាអតីតគ្រូ​បង្គោល​របស់​ខ្លួន ពេល​រួមរស់​នៅក្លិប​ណាហ្គាវើលដ៍ ជាមួយ​គ្នា ផងដែរ។

យ៉ាងណា​ក៏​ដោយ ឃីម បូរី នៅ​តែ​ចាត់ទុក វិសាខា ជាក្រុម​ខ្លាំង ដែល​ពួកគេ បាន​យក​ឈ្នះ​ដោយពិបាក​បំផុត។ ឃីម បូរី បាននិយាយ​ថា៖​ «​យើង​ដឹង​ហើយ​ថា វិសាខា គឺជា​ក្រុមខ្លាំងមួយ ដែល​សម្បូរ​ទៅ​ដោយ​កីឡាករ​ល្អៗ អ៊ីចឹងការ​ដណ្តើម​បាន​៣ពិន្ទុ​នេះ ពិតជា​សំខាន់ណាស់ សម្រាប់យើង ក្នុង​ការ​បន្ត​ដំណើរ​ទៅមុខ​ទៀត ហើយកត្តាសំខាន់ ដែល​ជួយ​ឱ្យ​យើង ទទួលបាន​ជ័យជម្នះ​​លើ វិសាខា ដោយសារកីឡាករ​ទាំង​អស់ នៅលើ​ទី​លាន បាន​ប្រឹងប្រែ​ខ្លាំងមែនទែន ទាំងទៅលើ​​កម្លាំង បច្ចេក​ទេស និង​ការប៉ះ​ទង្គិច​នៅលើ​ទី​លាន គឺ​ការ​លេង​ពី​ម្សិលមិញ ស្វិតស្វាញ ដោយ​ម្នាក់ៗ​មាន​ឆន្ទៈ​ចង់​ឈ្នះតែ​ម្តង»។

យ៉ាង​ណាមិញ ក្រុមការពារ​តំណែង​ជើង​ឯក ភ្នំពេញក្រោន ក៏បាន​ជួបការ​បរាជ័យ សម្រាប់ការ​បើក​កីឡដ្ឋាន​របស់​ខ្លួន ជា​លើកដំបូង ផងដែរ ដោយ​ពួកគេ បានចាញ់​ក្រុម​ជើងឯក​រង ព្រះខ័នរាជស្វាយរៀង រហូត​ដល់ ៣-១។ ស្វាយរៀង ពិតជាមាន​ការ​រីក​រាយ​ខ្លាំង ចំពោះ​ការ​ដណ្តើម​បាន​៣ពិន្ទុ​ដ៏សំខាន់នេះ ដើម្បី​ឡើង​ទៅ​ឈរ​នៅកំពូល​តារាង ជាបណ្តោះ​អាសន្ន ប៉ុន្តែ​ភ្នំពេញក្រោន បានជួបស្ថាន​ភាពកាន់តែ​ក្រក់ ដោយ​បាន​ធ្លាក់ទៅ​ឈរ​នៅបាតតារាង ដោយ​មាន​១ពិន្ទុ​ដដែល។

ចំណែក​ក្រុមម្ចាស់​ផ្ទះ អង្គរថាយហ្គឺរ ក៏បានត្រឹមស្មើ ៣-៣ ជាមួយក្រុមគិរីវង់សុខសែន​ជ័យ ផងដែរ ហើយ​ជា​មួយ​គ្នា​នេះ ខ្សែ​ប្រយុទ្ធប្រេស៊ីល Iago ដែលជា​អ្នករកបាន​គ្រាប់​បាល់ចុង​ក្រោយ នៅនាទីទី​៨៤ ដើម្បីជួយ​ឱ្យក្រុមម្ចាស់​ផ្ទះ ស្មើ​ក្រុមគិរីវង់ នោះ ហាក់មិនសូវពេញ​ចិត្តនឹង​លទ្ធផលនេះ​ប៉ុន្មាន​ឡើយ ដោយគេ​បានជំរុញ​ឱ្យ ក្រុមអង្គរថាយហ្គឺរ ត្រូវ​ខំ

កីឡាករេ​ពាក់​លេខ​១៥ Iago បាននិយាយ​ក្រោយការ​ប្រកួត​ថា៖ ​«វា​ជា​ការ​ប្រកួត​ដ៏​ល្អ​មួយ។ យើង​បានបង្កើត​ឱកាសជាច្រើន​ ហើយ​យើង​គួរ​តែ​អាច​ទាត់​បញ្ចូល​ទី​បាន​ច្រើនជាងនេះ។ យើង​​ត្រូវ​​ការ​​កែប្រែ​ត្រង់​ចំណុច​នេះ និង​ចំណុច​តូចៗផ្សេងទៀត។ ក្រុមរបស់យើង​កំពុងវិវឌ្ឍ ហើយ​​ខ្ញុំអាចមានអារម្មណ៍ថា គ្រប់គ្នា គឺកំពុងតែប្រសើរឡើង អ៊ីចឹង​យើង ត្រូវតែអត់ធ្មត់ ព្រោះយើង​អាចធ្វើ​បាន​ច្រើនជាង​នេះ។ ឥឡូវយើង​ នឹងបំភ្លេចពីលទ្ធផលប្រកួតចាស់ និង​កែប្រែ​សម្រាប់​ប្រកួត​បន្ទាប់»៕