ប្រយុទ្ធ​ចំណូល​ថ្មី​មកពី​ជប៉ុន Takumu Nishihara បង្កើតបានកំណត់​ត្រា​ថ្មី ក្នុ​ងនាមជា​រកបាន​គ្រាប់បាល់​ច្រើនជាងគេ នៅក្នុងការ​ប្រកួត​លីគកំពូលកម្ពុជា ឆ្នាំ​២០២២​នេះ ចំណែក​ក្រុម​ព្រះខ័ន​រាជស្វាយរៀង បានក្លាយជា​ក្រុម​តែមួយគត់ ដែល​មិនទាន់ស្គាល់ការ​ចាញ់សោះ សម្រាប់​ការ​ប្រកួត​ជើង​ទី​១​នេះ។

​        ​សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ ក្នុង​ជើង​ទី​១​នេះ កាលពី​ថ្ងៃសៅរ៍ ក្រុមព្រះខ័នរាជស្វាយរៀង បាន​យក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​វិសាខា ២-១ ហើយ​លទ្ធផល​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា  ព្រះខ័ន​រាជ​ស្វាយរៀង បាន​ក្លាយជា​ក្រុមគ្មានគូប្រៀប សម្រាប់​ការ​ប្រកួត​ជើង​​ទី​១ នេះ ដោយ​ពួក​គេ បានបញ្ចប់ការ​ប្រកួត​ទាំង​៧​លើក ដោយមិនស្គាល់ការចាញ់សោះ​។

ជាមួយ​គ្នា​នេះ ក្រុម​ស្វាយរៀង ក៏​កាន់តែ​មាន​ភាព​រឹង​មាំ ក្នុង​ការឈរ​នៅ​កំពូល​តារាង ផងដែរ ព្រោះ​ដៃគូប្រកួតរបស់​ពួក​គេ ​បឹងកេត និង ណាហ្គាវើលដ៍ ដែល​មាន​ពិន្ទុប្រដេញពី​ក្រោយ ក្នុងនាមជា​ក្រុម​ឈរ​នៅលេខ​២ និងលេខ៣​នោះ សុទ្ធតែ​​​ទទួលបាន​លទ្ធផល មិនគាប់ប្រសើរ សម្រាប់​ការ​ប្រកួត​បញ្ចប់ជើងទី​១​នេះ។

តាម​រយៈការ​ប្រកួត ក្នុង​ថ្ងៃសៅរ៍​ជាមួយគ្នា​នោះ ក្រុម​បឹងកេត មិនអាច​រក្សាការ​មាន​ប្រៀប រហូត​ដល់​ចប់ម៉ោង​នោះ​ទេ ដោយពួកគេ ត្រូវបាន​ក្រុម​ភ្នំពេញ​ក្រោន វាយបក​តាម​ស្មើ ២-២ ចំណែក​ ណាហ្គាវើលដ៍ ដែល​បានជួប​ភាព​រីក​រាយ​ច្រើនជាង​ការ​ខកចិត្ត​នោះ បានទៅ​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ អង្គរ​ថាយហ្គឺរ ៤-៣ ហើយ​តាម​​លទ្ធផលនេះ ក្រុម​ស្វាយរៀង ដែលកំពុង​ឈរ​នៅ​លេខ​១ គឺ​មាន​ពិន្ទុ​ដាច់ឆ្ងាយពី​ក្រុម​លេខ​២​ រហូត​ដល់៦ពិន្ទុ។

​ជាមួយគ្នា​នេះ កីឡាករ​ពាក់លេខ​១០ មកពី​ជប៉ុន Takumu Nishihara របស់​ក្រុម​កងយោធពល​ខេមរភូមិន្ទ (ទ័ព) បាន​បង្កើតកំណត់ត្រថ្មី បានមុនគេ ក្នុងនាមជា​កីឡាករ​រក​បាន​៥​​គ្រាប់​តែ​ម្នាក់ឯង ក្នុង​១ប្រកួត ហើយការ​ស៊ុតទម្លុះសំណាញ់​ទី មិនបានបណ្តាក់​ជើង​នេះ បាន​កើត​មាន​ឡើង នោពេល​ក្រុម​ទ័ព បាន​បាន​​​យក​ឈ្នះក្រុម​គិរីវង់សុខសែនជ័យ ៥-១ នៅកីឡ​ដ្ឋាន​ស្តាតចាស់ កាលពី​ថ្ងៃសៅរ៍​ ហើយ​ការ​រកបាន​៥​គ្រាប់​បន្ថែម​នេះ ក៏​បាន​ជួយ​ឱ្យ Takumu ឡើង​ទៅ​ឈរ​នៅលេខ​២ ក្នុងនាមជា​អ្នក​រក​បាន​គ្រាប់បាល់​ច្រើនជាង​គេ ជាបណ្តោះ​អាសន្ន (៨​គ្រាប់) បន្ទាប់ពី​​ខ្សែ​ប្រយុទ្ធ     Marcus របស់ក្រុម​ស្វាយរៀង ដែល​រក​បាន​១០​គ្រាប់៕