គ្រូ​បង្វឹក​ថ្មី​របស់ក្រុមណាហ្គាវើលដ៍ លោក ឃីម បូរី មានការ​ជឿជាក់ថា ខ្សែ​ប្រយុទ្ធប្រេស៊ីល Christian ដែលជាអ្នក​ជួយ​ឱ្យក្រុម​ដណ្តើមបាន​៣ពិន្ទុ ជា​លើក​ដំបូង ពី​ក្រុម​វិសាខា នោះ នឹង​បង្ហាញ​ទម្រង់លេងកាន់តែ​ល្អ សម្រាប់ការ​ជួបក្រុមកងយោធពល​ខេមរភូមិន្ទ (ទ័ព) នៅកីឡដ្ឋាន​ស្តាតចាស់ នា​ល្ងាច​ម៉ោង ៦:៣០ ថ្ងៃសៅរ៍​នេះ។

ឃីម បូរី បាន​និយាយ​ថា៖​ «ចំពោះកីឡាករ Christian ពេល​ប្រកួតជាមួយ​ក្រុមវិសាខា គាត់​បាន​បង្ហាញ​ទម្រង់លេង​ល្អមែនទែន សម្រាប់ជួបក្រុម ទាំងការ​លេង​ជា​ក្រុម និង​លេង​ជាលក្ខណៈ​បុគ្គល​ខ្លួនគាត់ គឺ​មានន័យ​ថា ការ​សហការគ្នា នៅលើទី​លាន ទាំង​បច្ចេកទេស និង​កល​ល្បិច គាត់​បាន​យល់​ច្រើន ចំណែក​ការជួបក្រុមទ័ព នៅ​សប្តាហ៍ទី​៣​នេះ ខ្ញុំជឿ​​ថា គាត់​នឹង​ធ្វើ​បាន​កាន់តែ​ល្អ ជាងការ​ប្រកួតជាមួយ​វិសាខា ទៅ​ទៀត»។

គួរ​បញ្ជាក់ថា សម្រាប់ការ​ប្រកួត​លើកទី​២ ជាមួយក្រុម​ខ្លាំង វិសាខា កាលពី​ថ្ងៃសៅរ៍ សប្តាហ៍មុន ខ្សែ​ប្រយុទ្ធចំណូល​ថ្មី Christian ជា​អ្នក​រក​បានគ្រាប់បាល់​ជ័យជម្នះ ១-០ នៅ​នាទីទី​៦៧ ហើយការ​ដណ្តើម​បាន៣ពិន្ទុ ពីក្រុមវិសាខា ក្រោយ​ចាញ់ក្រុម​បឹង​កេត ៣-១ នេះ បាន​នឹងកំពុង​ធ្វើ​ឱ្យ​​ណាហ្គាវើលដ៍ មាន​កម្លាំង​ចិត្តកាន់តែ​ខ្លាំង ចំពោះការ​ជួបក្រុមទ័ព លើកនេះ ប៉ុន្តែ ឃីម បូរី មិន​ហ៊ាន​មើលរំលងពី​ភាព​​ខ្លាំង​របស់​ក្រុមទ័ព នោះទេ។

គ្រូ​បង្វឹក​ក្រុម​ណាហ្គាវើលដ៍ លោក ឃីម បូរី បាន​បញ្ជាក់​​ថា៖ ​«​បន្ទាប់ពី​យើងបាន​យក​ឈ្នះ​ក្រុមវិសាខា មក កីឡាករ​ទាំង​អស់ មានស្មារតី កាន់តែ​ពុះកញ្ជ្រោល ​ទាំងលើការ​ហ្វឹកហាត់ ដោយ​ពួកគាត់ រៀបចំ​ខ្លួនបាន​ល្អ​មែន​ទែន សម្រាប់ការ​ជួបក្រុមទ័ព លើកនេះ។ តែទោះបីជា​យ៉ាងណា ក្រុមទ័ព នៅរដូវកាលនេះ គឺ​ជា​ក្រុមខ្លាំងមួយ ដោយពួកគាត់ បានស្មើ ភ្នំពេញ​ក្រោន និង​​បាន​​ឈ្នះ បឹងកេត ដោយ​មិនរបូតគ្រាប់បាល់ទៀត អ៊ីចឹងគាត់ជា​ក្រុមខ្លាំងមួយ ដែល​យើង​មិន​អាច​​មើល​រំលង បាន​នោះទេ»។

យ៉ាង​ណាមិញ ក្រុម​ទ័ព ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​ក្រុម លោក ទេព ឡុងចរនា ក៏​ត្រៀម​ខ្លួនបាន​ល្អ​ផងដែរ ហើយ​ការ​យក​ឈ្នះក្រុមបឹងកេត ១-០ បន្ថែម​ទៅលើ​ការ​ស្មើ ០-០​ ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន កាលពី​ថ្ងៃ​បើក​ឆាក​នោះ បាន​ធ្វើ​ឱ្យ​ពួកគេ មានកម្លាំងចិត្ត​ខ្លាំង​ដូចគ្នា ចំពោះ​​ការ​ដណ្តើម​៣ពិន្ទុជាមួយក្រុមណាហ្គាវើលដ៍ នៅថ្ងៃសៅរ៍នេះ ដើម្បី​អាច​បន្ត​ឈរ​នៅលេខ​២ បន្ទាប់ពី​ក្រុម​ព្រះខ័នរាជស្វាយរៀង ដែល​ត្រូវជួប​បឹងកេត នៅ​ល្ងាច​ម៉ោង ៦:៣០ ថ្ងៃ​សៅរ៍នេះ​ដែរ ចំណែក​ក្រុម​ភ្នំពេញ​ក្រោន ត្រូវ​ជួបក្រុមម្ចាស់​ផ្ទះ អង្គរ​ថាយហ្គឺរ នៅរសៀល​ម៉ោង ៣:៤៥ ហើយ​វិសាខា ត្រូវ​ស្វាគមន៍​ក្រុម​គិរីវង់សុខសែន​ជ័យ នៅកីឡដ្ឋាន​ព្រីនស៍​របស់ខ្លួន នា​ល្ងាច​ម៉ោង ៦:៣០ ថ្ងៃ​សៅរ៍នេះ​ដែរ៕