បរទេស៖​ Kelechi Iheanacho បាន​ទាញ​យក​ការ​ចាប់អារម្មណ៍​នានា ពី​តារាឆ្នើម​ក្នុងក្រប​ខ័ណ្ឌ Premier League គឺ Mohamed Salah និង Riyad Mahrez កាលពីថ្ងៃ​អង្គារ ខណៈ​ដែលក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នីហ្សេរីយ៉ា បាន​ទទួល​ជ័យ​ជម្នះ​នៅថ្ងៃ​បើកឆាក ក្នុង​យុទ្ធនាការ Africa Cup of Nations របស់ពួក​គេ ហើយ​ក្រុម​ម្ចាស់ការ​ពារ​តំណែង​ជើង​ឯក អាល់​ហ្សេរី បាន​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​។

ខ្សែ​ប្រយុទ្ធ​របស់ក្លិប Leicester City រូបនេះ បាន​រក​គ្រាប់បាល់​កាត់សេចក្តី​តែ​១​គ្រាប់ នៅនាទី ទី​៣០ ខណៈ​ដែល​នីហ្សេរីយ៉ា បានផ្តួលក្រុម​ជម្រើស​ជាតិ​អេ​ហ្ស៊ីប ក្នុងលទ្ធផល ១-០ ក្នុងការ​ប្រកួត​ពូល D ក្នុង​ទីក្រុង Garoua​។ គ្រាប់បាល់​ឈ្នះ​ និង​ការ​បង្ហាញពី​ទម្រង់លេង​យ៉ាងល្អ​របស់​គេ បាន​ជួយ​ឲ្យ Iheanacho ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ការ​ប្រកួត នៅ​ថ្ងៃ​ដែល ខ្សែ​​ប្រយុទ្ធ Salah របស់ក្លិប Liverpool និងខ្សែ​បម្រើស្លាប Mahrez របស់ក្លិប Manchester City មិនអាច​បង្កើត​ការ​ភ្ញាក់​ផ្អើល​បាន​។

លោក Augustine Eguavoen គ្រូបង្វឹក​បណ្តោះ​អាសន្ន​របស់​ក្រុមជម្រើស​ជាតិនីហ្សេរីយ៉ា បាន​ឲ្យដឹងថា៖​ «យើង​មាន​ចំណុច​​៣​នៅក្នុង​ចិត្ត ការ​ទទួល​ជ័យ​ជម្នះ ការ​ដណ្តើម​​ការ​គ្រប់គ្រង​បាល់​ឲ្យ​បាន​ច្រើន និងកាត់​ផ្តាច់​ការ​បញ្ជូន​បាល់ទៅកាន់ Salah​។ គ្រប់ការ​ប្រកួត​ទាំង នឹង​ត្រូវ​ចាត់​ទុក​ថា ដូច​ជា​វគ្គ​ផ្តាច់​ព្រ័ត្រ​អ៊ី​ចឹង ពីព្រោះ​ក្រុម​នីមួយ​ៗ នៅ​ប្រទេស​កាមេរូននេះ មិន​អាចមើល​ស្រាល​បាន​ឡើយ មិនថា ក្រុម​ប្រទេស​ណា​ក៏ដោយ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia