បរទេស៖ Mohamed Salah ត្រូវ​បានរំពឹង​ទុក​ថា នឹង​វិល​ទៅហ្វឹកហាត់​វិញ​ជាមួយនឹងក្រុម Liverpool កាលពីថ្ងៃ​អង្គារ ខណៈ​ដែល​រូប​គេ​ចង់​ចូល​លេង​ឲ្យ​បាន​ឆាប់ បន្ទាប់ពីការ​រង​បរា​ជ័យ​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍ Africa Cup of Nations  វគ្គ​ផ្តាច់​ព្រ័ត្រ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​អេ​ហ្ស៊ីប​។

ខ្សែ​ប្រយុទ្ធ​ដែលរក​បាន​គ្រាប់បាល់​ច្រើន​ជាង​គេរបស់ Liverpool ​រូប​នេះ បាន​វិល​ទៅកាន់​ប្រទេស​អង់គ្លេស​វិញ​ភ្លាម​ៗ ក្រោយ​ពីក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​បាន​រង​បរា​ជ័យ​ដោយការ​ស៊ុត​បាល់​ប៉េណាល់ទី​ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិសេណេ​ហ្គាល់ ក្នុង​ប្រទេស​កាមេរូន កាលពីថ្ងៃ​អាទិត្យ​។ រូប​គេ​ចង់​ចូលរួម​ជាមួយនឹង​កីឡាករ​របស់​លោក Jurgen Klopp ក្នុង​វគ្គ​ហ្វឹកហាត់​ស្រាល​ៗ នៅ​ថ្ងៃ​អង្គារ​នេះ និង​​ធ្វើ​ឲ្យ​ខ្លួន​ឯង​ត្រៀម​ឲ្យ​បាន​រួច​រាល់​ដើម្បី​ប៉ះ​ជាមួយនឹងក្រុម Leicester ក្នុងក្រប​ខ័ណ្ឌ Premier League នា​កីឡដ្ឋាន Anfield នៅ​ថ្ងៃព្រហស្បតិ៍​។

ការ​ចូលរួម​របស់ Salah ក្នុងពេល​ប៉ះ​ជាមួយនឹងក្រុម​របស់​លោក Brendan Rodgers មិន​មានភាព​ច្បាស់លាស់​១០០%ឡើយ ដោយ​សារ​តែ Liverpool រង់​ចាំ​វិភាគ​ទៅលើ​ខ្សែ​ប្រយុទ្ធ​រូបនេះ ក្រោយពី​ការ​លេង​ការ​ប្រកួត​ដ៏ច្រើន​របស់​គេ​នា​ពេលថ្មី​ៗនេះ និង​ការ​អស់​កម្លាំង​ដោយ​សារ​តែ​ការ​ធ្វើ​ដំណើរ​។ ប៉ុន្តែ វត្ត​មាន​របស់​គេ នឹងផ្តល់ការ​ជឿជាក់​ដ៏ធំមួយ​ដល់លោក Klopp ដោយ​សារ​តែក្រុម Liverpool ត្រូវ​​ចូលរួម​ក្នុង​យុទ្ធនា​ការ​ចំនួន​៤​។ ដោយឡែក Sadio Mane ដែល​បាន​ស៊ុត​បាល់​ឈ្នះ​ដើម្បី​ជួយ​ឲ្យ​ក្រុម​សេ​ណេ​ហ្គាល់ លើក​ពាន Africa Cup of Nations ជាលើក​ដំបូង ប្រហែល​ជា​វិល​ទៅ​អង់គ្លេស​វិញ​នៅថ្ងៃពុធ ក្រោយ​ពីចូលរួមក្នុង​ក្បួន​ដង្ហែរ​ស្វាគមន៍​ការ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ទីក្រុង Dakar​៕

 

ប្រភព​ព័ត៌​មាន៖ The Guardian