បរទេស៖ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​អេ​ហ្ស៊ីប របស់​តារាឆ្នើម Mohamed Salah កំពុង​តែ​សង្ឃឹម​ថា អាច​សង​សឹក​ចំពោះ​ការ​រង​បរា​ជ័យក្នុងការ​ប្រកួត​ Africa Cup of Nations វគ្គ​ផ្តាច់​ព្រ័ត្រ​របស់​ពួក​គេ ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​សេ​ណេហ្គាល់ នៅ​ពេល​ដែល​ក្រុម​ជម្រើស​ជាតិ​ទាំង​២ ជួប​គ្នា​ម្តង​ទៀត ក្នុងការ​ប្រកួត World Cup វគ្គ Playoff ចំនួន​២​ជើង នៅ​ខែ​ក្រោយ​។

ក្រុមជម្រើស​ជាតិ​អេ​ហ្ស៊ីប ស្ទើរ​តែ​បាន​ឈ្នះពាន​ប្រចាំ​ទ្វីប​ជាលើក​ទី​៨​ទៅហើយ នៅមុន​ពេល​ពួក​គេ​បាន​រង​បរា​ជ័យ​ក្នុងលទ្ធផល ៤-២ ក្នុង​ការ​ស៊ុត​បាល់​ប៉េណាល់​ទី​ក្នុង​ទីក្រុង Yaounde ក្រោយពី​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ កាលពីថ្ងៃ​អាទិត្យ បាន​បញ្ចប់ក្នុងលទ្ធផល​ស្មើ ០-០ នៅ​នាទីបន្ថែម​១៥នាទី​២​ដង​។

កីឡាករ Mohamed Abdelmonem និង Mohanad Lasheen សុទ្ធ​សឹង​បាន​ស៊ុត​បាល់​ប៉េណាល់​ទីមិន​ចូល​ទី ដែលមាន​ន័យ​ថា Salah មិន​បាន​ទទួល​ឱកាស​ក្នុងការ​​ស៊ុត​បាល់​ប៉េណាល់​ទី​ឡើយ នៅមុន​ពេល Sadio Mane បាន​រក​គ្រាប់បាល់​​ឈ្នះ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​សេ​ណេ​ហ្គាល់ ដើម្បី​ជួយ​ឲ្យ​ពួក​គេ​លើក​ពាន AFCON ជាលើក​ដំបូង​តែម្តង​។

អ្នក​ចាំ​ទី​អន្តរ​ជាតិអេ​ហ្ស៊ីប Mohamed Abou Gabal ដែល​បាន​ជាប់​កីឡាករ​ឆ្នើម​ប្រចាំ​ការ​ប្រកួត ក្រោយពី​បាន​សង្គ្រោះ​បាល់ពិន័យ​១១​ម៉ែត្រ​របស់ Mane នៅ​នាទី ទី​៧នោះ បាន​ឲ្យដឹងថា៖ «យើង​​នឹង​​ស្តារមុខ​មាត់​របស់​យើង​វិញ​ពី​​ការ​បរា​ជ័យនេះ​។ នៅថ្ងៃនេះ យើង​មិនអាច​ឈ្នះ ប៉ុន្តែ យង​នឹង​ធ្វើ​បានល្អប្រសើរ​ជាង​នេះ នៅ​ពេល​ក្រោយ​»​៕

ប្រភព​ព័ត៌​មាន៖ Chanel News Asia