បរទេស៖ លោក Carlos Queiroz គ្រូបង្វឹកនៃក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​អេ​ហ្ស៊ីប បាន​និយាយ​ថា ក្រុម​របស់​លោក «នឹង​ការ​ពារ​​ជាមួយ​នឹង​កីឡាករ​១៦នាក់» នៅពេល​ដែលពួក​គេ​ការ​ពារ​គ្រាប់បាល់​នាំ​មុខ ១-០ លើ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​សេ​ណេហ្គាល់ នៅ​រាត្រីនេះ ក្នុងការ​ប្រកួត​ជើង​ទី​២​ក្នុង​ World Cup វគ្គ Playoff ប្រចាំ​ទ្វីប​អាហ្វ្រិក​។

អតីត​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Real Madrid និង​ជំនួស​ការ​គ្រូបង្វឹក​របស់​ក្លិប Manchester United រូបនេះបា​ន​ឲ្យដឹងថា៖ «អ្វី​​ដែល​ខ្ញុំ​ចង់​មានន័យ​ជាមួយនឹងកីឡាករ​១៦នាក់ គឺ​ថា កីឡាករ​ម្នាក់​ៗ​ត្រូវ​តែ​ប្រឹង​ឲ្យ​ជា​កីឡាករ​២នាក់ មិនមែន​ជា​កីឡាករតែម្នាក់​ឡើយ​»​។ លោក​បាន​បន្ថែម​ទៀត​ថា៖ «យើង​ពិត​ជា​សក្តិ​សម​ក្នុងការ​ដណ្តើម​បាន​ជ័យ​ជម្នះក្នុង​ការ​ប្រកួត​ជើង​ទី​១ ពេល​ប្រកួត​ជាមួយ​នឹងក្រុម​ខ្លាំង​បំផុត​ក្នុង​ទ្វីប​​អា​ហ្វ្រិក ហើយ​បច្ចុប្បន្ន យើង​នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​សេណេ​ហ្គាល់ ដើម្បី​​ប្រយុទ្ធ​គ្រប់​ផ្នែក​ទាំង​អស់ ពិសេស​ពេល​បាត់​បាល់​។ រាល់​កីឡាករ​អេ​ហ្ស៊ីប​ទាំង​អស់ ត្រូវ​តែ​ប្រឹង​ឲ្យ​បាន​ទ្វេ​ដង​»​។

ការ​ប្រកួត​វគ្គ Playoff ដែលនឹង​តម្រូវ​ឲ្យ​តារាឆ្នើម​របស់​ក្លិប Liverpool គឺ Mohamed Salah របស់ក្រុម​ជម្រើស​ជាតិអេ​ហ្ស៊ីប និង​ Sadio Mane របស់​សេ​ណេ​ហ្គាល់ ប៉ះ​គ្នា​នោះ គឺ​ជា​ការ​ជួប​គ្នា​ម្តង​ទៀត​ បន្ទាប់​ពី​ការ​ប្រកួត​គ្នា​ក្នុង Africa Cup of Nations វគ្គ​ផ្តាច់​ព្រ័ត្រ ដោយ​ក្រុម​សេ​ណេហ្គាល់ បាន​យកឈ្នះ​ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់​ទី​ បន្ទាប់​ពី​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia