បរទេស៖ លោក Thomas Tuchel បាន​និយាយ​ថា Chelsea បាន​ឈាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃពាន League Cup បើ​ទោះ​បី «បាន​ប្រឡែងលេងនឹង​ភ្លើង​» ខណៈ​ដែល​គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​របស់​ខ្សែ​ការ​ពារ Antonio Rudiger និង​ការ​សម្រេច​ចិត្ត​៣​​លើក​ពី​វីដេអូ​ជំនួយ​ការ​អាជ្ញា​កណ្តាល (VAR) បាន​ជួយ​ឲ្យ​ក្រុម​តោខៀវ​មួយនេះ ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធផល ១-០ នៅលើ​ទឹកដីក្រុម Tottenham កាលពីថ្ងៃពុធ​។

ការ​តែត​បាល់បញ្ចូល​ទីនៅ​តង់ទី​១​របស់ Rudiger បាន​ជួយ​ឲ្យ​ក្រុម Chelsea បន្ថែម​សម្ពាធ​មួយ​កម្រិត​ទៀតលើ​ក្រុម​ម្ចាស់ផ្ទះ ក្រោយពី​ពួក​គេ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធផល ២-០ ក្នុងការ​ប្រកួត​​ជើង​ទី​២ នៃ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កាលពី​សប្តាហ៍​មុន​។

ក្រុម​របស់លោក Tuchel ក៏​ជួប​សំណាង​ល្អ​តាមរយៈ​ការ​កាត់សេចក្តី​របស់​មន្ត្រី​អាជ្ញាកណ្តាល VAR លោក Mike Dean ផង​ដែរ ស្រប​ពេល​ដែលក្រុម Tottenham ត្រូវ​បាន​ផ្តល់​បាល់​ប៉េណាល់ទី​​២លើក ដោយ​លោក​​អាជ្ញាកណ្តាល Andre Marriner នៅ​មុន​ពេល​ការ​ត្រួតពិនិត្យ​វីដេអូ​ឡើង បាន​​លុប​ចោល​ការ​​កាត់សេចក្តីនោះ​ទាំង​២លើក ស្រប​ពេល​ដែល​ការ​ស៊ុត​បាល់បញ្ចូល​ទី​របស់ Harry Kane ក៏​ត្រូវ​បាន​កាត់​សេចក្តី​ថា ជា​បាល់​ Offside ផង​ដែរ​។

Chelsea ដែល​ឈ្នះ​ទាំង​២​ជើង​ក្នុងលទ្ធ​ផល ៣-០ នឹង​ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម Liverpool ឬ Arsenal ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នា​កីឡដ្ឋាន Wembley នៅថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​។

Liverpool នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​ក្រុម​កាំងភ្លើង​ធំ ក្នុងការ​ប្រកួត​ជើង​ទី​១ នៃ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៅ​រាត្រីនេះ​​។ លោក Tuchel បាន​​ឲ្យដឹងថា៖ «យើង​បាន​ចាប់​ផ្តើមយ៉ាងល្អ​។ យើង​មាន​ឱកាស​ល្អ​ៗ​ជា​ច្រើន និង​បាន​គ្រប់គ្រង​ការ​ប្រកួត ប៉ុន្តែ ខ្ញុំ​មាន​អារម្មណ៍​ថា យើង​បានប្រឡែងលេង​ជាមួយនឹង​ភ្លើង​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia