បរទេស៖ មាន​ទិដ្ឋ​ភាព​ដ៏ជ្រួលច្របល់ បាន​កើតឡើងក្នុងការ​​ប្រកួត Africa Cup of Nations កាលពីថ្ងៃពុធ ខណៈ​ដែល​ក្រុម​បាល់ទាត់​ជម្រើស​ជាតិម៉ាលី បានផ្តួល​ក្រុម​ជម្រើស​ជាតិ​ទុយ​នីស៊ី ក្នុង​ការ​ប្រកួត​មួយ ដែលត្រូវ​បាន​​រំខាន ដោយ​ការ​កាត់សេចក្តី​យ៉ាង​ចម្រូង​ចម្រាស់ នៅពេល​ដែល​លោក​អាជ្ញា​កណ្តាល​បានផ្តុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត នៅ​មុន​ពេល​រយៈពេល​៩០នាទី​។

ហេតុ​ករណ៍នេះ បាន​ក្លាយ​ជា​ពពក​ខ្មៅ​ទាំង​ស្រុងចំពោះការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ ១-០ របស់​ម៉ា​លី លើ​​ក្រុម​ជម្រើស​ជាតិទុយនី​ស៊ី ក្នុង​ទីក្រុង Limbe ស្រប​ពេល​ដែល​ក្រុម​ជម្រើស​ជាតិ​ហ្គំ​ប៊ី និង​កូត​ឌីវ័រ ក៏ដណ្តើម​បាន​ជ័យ​ជម្នះ ១-០ ដូច​គ្នា​ផង​ដែរ ខណៈ​ដែលការ​ប្រកួត​ជុំទី​១ នៃ​វគ្គ​ចែកពូល ក្នុ​ងយុទ្ធនាការ​នេះ បាន​បញ្ចប់​ទាំងស្រុង​។ អាជ្ញា​កណ្តាល​សញ្ជាតិ​ហ្សំ​ប៊ី លោក Janny Sikazwe បាន​ផ្លុំ​កញ្ចែ​បង្ហាញពី​សញ្ញា​បញ្ចប់​ការ​ប្រកួត ស្រប​ពេល​​នាឡិកា នៅ​បង្ហាញ​នាទី ទី​៨៩ និង​៤២​វិនាទី​នៅឡើយ ដែលនាំ​ឲ្យ​ក្រុម​ទុយនី​ស៊ី​ខឹង​សម្បារ​យ៉ាង​ខ្លាំង ដោយ​សារ​តែពួកគេកំពុង​តែ​ព្យាយមា​រក​គ្រាប់បាល់​តាម​ស្មើ​ពេល​ប្រកួត​ជាមួយនឹង​គូ​ប្រកួត​ដែល​នៅ​សល់​សមា​ជិក​តែ​១០នាក់​។

ដោយ​សារ​តែ​ការ​ភាន់​ច្រឡំ​នេះ គ្រូបង្វឹក​របស់ក្រុម​ម៉ា​លី លោក Mohamed Magassouba បានទៅ​​ផ្តល់​បទសម្ភាស​បន្ទាប់​ពីការ​ប្រកួត​របស់​លោក ប៉ុន្តែ មន្ត្រីម្នាក់ បាន​ចូល​ក្នុង​បន្ទប់សន្និ​សីទសារព័ត៌​មាននោះ ដើម្បី​បញ្ជាក់​ថា ការ​ប្រកួត​នឹង​ចាប់​​ផ្តើម​ឡើង​វិញ ដោយ​សារ​តែ​នៅ​សល់​រយៈពេល​៣នាទី​ទៀត​។ ក្រុម​ម៉ាលី បាន​វិល​ទៅកាន់​ទីលាន​ប្រកួត​វិញ ប៉ុន្តែ ក្រុម​ទុយ​នីស៊ី មិន​បាន​បង្ហាញខ្លួន​ឡើយ ហេតុនេះ អាជ្ញាកណ្តាល​ក៏​សម្រេច​បញ្ចប់​ការ​ប្រកួត​តែម្តង​​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia