បរទេស៖ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​និយាយ​ថា ការ​បញ្ចប់ខុស​ពី​​ចំណាត់​ថ្នាក់កំពូល​ទាំង​៣ ក្នុងក្រប​ខ័ណ្ឌ Premier League នឹង​ក្លាយ​ជា​រឿង​មិន​អាច​ទទួល​យក​បាន​ឡើយ​សម្រាប់ក្រុម Manchester United ស្រប​ពេល​ដែល​លោក Ralf Rangnick កំពុង​តែ​ព្យា​យាម​ស្វែង​រក​ដំណោះ​ស្រាយ​ក្នុងក្រុម​ដែល​ធ្លាក់​ទម្រង់​​លេង​របស់​លោក​។

គ្រូបង្វឹក​សញ្ជាតិអាល្លឺម៉ង់​រូបនេះ បាន​ធ្វើ​ឲ្យ​ក្រុម​របស់លោក​មាន​លំនឹង ចាប់​តាំងពី​ចូល​កាន់​តំណែង​ជំនួស​លោក Ole Gunnar Solskjaer ប៉ុន្តែ ក្រុម Man United នៅ​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​៧ លើ​តារាង ដោយ​ដេញ​តាមពីក្រោយ​ក្រុម​កំពុង​នាំមុខ Manchester City រហូត​ដល់​២២ពិន្ទុ​។ កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​ពិភព​លោក​៥​សម័យ​កាល​រូបនេះ បាន​អំពាវ​នាវ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ផ្នត់​គំនិត ក្នុងក្រុម​របស់​គេ ដើម្បី​សោះស្រាយ​ទម្រង់​លេង​ដ៏អន់​របស់ក្រុម Man United ខណៈ​ដែល​ការ​ធ្លាក់​ចុះ​ទម្រង់លេង បាន​នាំ​ឲ្យ​ពួកគេ​ចាញ់​ក្រោមស្នា​ដៃក្រុម Wolves ក្នុងលទ្ធផល ១-០ ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌលីក​ចុងក្រោយ​របស់​ពួក​គេ​។

Ronaldo បាន​ប្រាប់​ទូរ​ទស្សន៍ Sky Sports ថា៖ «ក្រុម Manchester United គួរ​តែ​ឈ្នះ​ពាន​លីក ឬ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់លេខ​២ ឬលេខ​៣​។ ខ្ញុំ​មិន​មើល​ឃើញ​ចំណាត់​ថ្នាក់លេខ​ផ្សេង​សម្រាប់ Manchester United​»​។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «ក្នុង​ចិត្ត​របស់ខ្ញុំ មិន​ទទួល​ស្គាល់​ថា ស្មារតីរបស់​យើង​មិន​ស្ថិតក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង​៣លើ​តារាងក្រប​ខ័ណ្ឌ Premier League»​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia