បរទេស៖ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ហ្គីណេ​អេ​ក្វា​ទ័រ បាន​​ធ្វើ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាល់​ហ្សេរី រង​បរា​ជ័យ​ជាលើក​ដំបូងក្នុង​ចំណោម​ការ​ប្រកួត​៣៦លើក កាលពីថ្ងៃ​អាទិត្យ ដើម្បី​ធ្វើ​ឲ្យ​ក្រុម​​ម្ចាស់​ការ​ពារ​ជើង​ឯក​មួយនេះ ស្ថិតក្នុង​គ្រោះថ្នាក់​នៃ​ការ​ធ្លាក់​ចេញត្រឹម​វគ្គ​ចែកពូល ក្នុងព្រឹត្តិការណ៍ Africa Cup of Nations ក្រោយពី​ការប្រព្រឹត្ត​កំហុស​របស់​​អ្នក​ចាំទី បាន​ធ្វើ​ឲ្យ​កូតឌី​វ័រ បាត់​បង់​ជ័យ​ជម្នះ​។

Esteban Obiang ដែល​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​​កីឡាករ​ជាច្រើន​នាក់របស់​ហ្គីណេអា​ក្វាទ័រ ដែល​បាន​​កើត​នៅ​អេ​ស្ប៉ាញ បាន​រក​គ្រាប់បាល់​បញ្ចូល​ទីនៅនាទី ទី​៧០ ដើម្បី​ជួយ​ឲ្យ​ក្រុម​របស់​ខ្លួន​ដណ្តើម​បាន​ជ័យ​ជម្នះ ១-០ ក្នុង​ទីក្រុង Douala ស្រប​ពេល​ដែល​អាល់​ហ្សេរីបាន​រង​បរា​ជ័យ​ជាលើក​ដំបូង បើ​គិ​តចាប់​តាំងពីខែ​តុលា ឆ្នាំ​២០១៨​។ ការ​មិនស្គាល់​ចាញ់​​សោះ​នេះ បាន​បញ្ចប់ត្រឹម៣៥​ប្រកួត ដោយ​ដេញ​តាម​ពីក្រោយ​កំណត់ត្រា​នៃ​ការមិនស្គាល់​ចាញ់​របស់​ក្រុម​ជម្រើស​ជាតិ​​អ៊ីតាលី ចំនួន​២​ប្រកួត ហើយ​អាល់​ហ្សេរី ពេលនេះ ត្រូវ​តែផ្តួល​ក្រុម​ជម្រើស​ជាតិកូតឌីវ័រ ក្នុងការ​ប្រកួត​ចុងក្រោយ​ក្នុងពូល E របស់​ខ្លួន នៅថ្ងៃព្រហស្បតិ៍ ប្រសិន​បើ​ពួក​គេ​ចង់​ឈាន​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។

លោក Djamel Belmadi គ្រូបង្វឹកនៃក្រុម​ជម្រើស​ជាតិអាល់ហ្សេរី បាន​ឲ្យដឹងថា៖ «គ្រប់​គ្នាកំពុង​តែ​និយាយ​ពីកំណត់ត្រា​នៃការមិនស្គាល់​ចាញ់​ផង​ដែរ ប៉ុន្តែ ពេល​នេះ យើង​ត្រូវ​តែ​ផ្តោតលើ​អ្វីផ្សេងៗ ពោល​គឺ​ដណ្តើម​សិទ្ធិ​ទៅ​វគ្គបន្ត​»៕

ប្រភព​​ព័ត៌​មាន៖ Channel News Asia