បរទេស៖ លោក Ralf Rangnick បាន​សន្យា​ថា នឹង​ដាក់​ឲ្យ Paul Pogba ចូល​លេង បើ​ទោះ​បី​ខ្សែ​បម្រើ​របស់​ក្លិប Manchester United រូបនេះ កំពុង​តែមាន​ឱកាស​ក្នុងការ​ចាក​ចេញពី​កីឡដ្ឋាន Old Traffod ក៏ដោយ​។

Pogba នឹងផុត​កំណត់​កិច្ច​សន្យា​របស់គេនៅ​ចុង​រដូវ​កាលនេះ និង​មិនទាន់​ចុះ​កុងត្រា​ថ្មី​​ជាមួយនឹងក្លិប​ដែល​រូប​គេ​បាន​ចូល​រួម​ពីក្លិប Juvenuts ក្នុង​ឆ្នាំ​២០១៦ នៅឡើយ​ទេ​។ អនា​គត​​របស់កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ បានក្លាយ​ជា​ប្រធាន​បទក្តៅនៅ​ប្រទេស​បារាំង ស្ទើរ​តែ​គ្រប់រដូវកាល​នៅ​ឯ​ក្លិប Man United​។ លោក Mino Raiola ដែល​ជា​ភ្នាក់​ងារ​តំណាង​ឲ្យ Pogba បាន​ទាក់​ទង​​ទៅកាន់​​ក្លិប Paris Saint-Germain អំពីការ​ផ្ទេរ​មួយ ទៅកាន់​ក្រប​ខ័ណ្ឌ Ligue 1 នៅ​រដូវក្តៅនេះ​។ សមា​ជិកឈ្នះ​ពាន World Cup ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​បារាំង​រូបនេះ បាន​វិល​ទៅហ្វឹកហាត់​វិញ​ជាមួយនឹងក្លិប Man United កាលពីថ្ងៃចន្ទ ជាលើក​ដំបូង បើ​គិត​ចាប់​តាំងពីរង​របួសភ្លៅ កាលពី​ខែ​វិច្ឆិកា​។

នៅពេល​ដែលត្រូវ​បាន​ចោទ​សួរ​ថា Pogba នឹង​ត្រូវ​ដាក់​ឲ្យ​ចូល​លេង​ ឬ​អត់ ស្រប​ពេលដែល​កិច្ច​សន្យា​របស់​គេនៅក្លិប Man United ជិត​ផុត​កំណត់ លោក Rangnick គ្រូបង្វឹក​បណ្តោះ​អាសន្ន​បាន​ឆ្លើយ​ថា៖ «បាទ ប្រាកដ​ហើយ​។ ខ្ញុំ​ក៏​បាន​ដាក់​ឲ្យ Nemanja Matic ចូល​លេង​​ការ​ប្រកួត​ប៉ុន្មាន​លើក​ចុងក្រោយ​នៅពេល​នេះ​ផងដែរ ហើយ​កិច្ច​សន្យា​របស់​គេ ក៏​ជិត​ផុត​កំណត់​ផង​ដែរ​។ ជាមួយ​គ្នានេះ កិច្ច​សន្យា​របស់ខ្ញុំ​ក្នុងនាម​ជា​អ្នក​ចាត់​ការ​ទូទៅ ក៏​ជិត​ផុត​កំណត់ផងដែរ នៅ​រដូវ​ក្តៅនេះ​»​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia