ក្រុមចំនួន​៥ ក្នុងចំណោម​ក្រុម​ទាំង​៨ ដែល​មាន​ឈ្មោះ​លេង​នៅលីគកំពូលកម្ពុជា រដូវ​កាល​ថ្មី ឆ្នាំ​២០២២​នេះ ​រួម​មាន​ក្រុម​វិសាខា បឹងកេត ភ្នំពេញ​ក្រោន កងយោធពល​ខេមរភូមិន្ទ (ទ័ព) និង​គិរីវង់សុខសែនជ័យ សុទ្ធតែ​ទទួល​បាន​​ឱកាស​ប្រកួតប្រជែងគ្នា នៅ​ក្នុង​ពាន​បើក​រដូវ​កាល Prince Beer Pre-Season Cup 2022 ដែល​នឹង​ចាប់​ផ្តើម នៅថ្ងៃ​សុក្រ​ស្អែកនេះ គឺ​លើក​លែង​តែក្រុមណាហ្គាវើលដ៍ អង្គរថាយហ្គឺរ និងក្រុម​ព្រះខ័នរាជស្វាយរៀង ដែល​មិន​បាន​ចូល​រួម។

ជាមួយគ្នា​នេះ អ្នក​រៀបចំ និងម្ចាស់ឧបត្ថម្ភ ដែល​បាន​រួមគ្នា​​រៀបចំ​ឱ្យមានការ​ប្រកួត​ពាន​បើក​រដូវ​កាលនេះ​ឡើង បាន​លើក​ឡើង​ស្រដៀងគ្នា​នេះ ការ​រៀបចំ​ឱ្យ​ការ​ប្រកួតបាន​រង្វាន់ Prince Beer Pre-Season Cup 2022 នេះ​ឡើង នឹង​ជួយឱ្យក្លិប​ដែលបាន​ចូល​រួមទាំង​៦ បាន​ប្រកួត​ដក​ស្រង់បច្ចេក​ទេស ដើម្បីពង្រឹង​គុណ​ភាព​លេង​ឱ្យបានកាន់តែប្រសើរ និង​ឈាន​ទៅរក​ភាព​រីក​ចម្រើនទាំង​អស់​គ្នា។

​ប្រធាន​គណ​:​កម្ម​ការប្រតិបត្តិ​​រៀបចំ និង​គ្រប់គ្រង​ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់ Prince Beer Pre-Season Cup 2022 លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ បាន​ថ្លែង នៅ​ក្នុង​សន្និសីទកាសែត និងចាប់ឆ្នោតបែ​ងចែកពូល​កន្លងមក​ថា៖​«​គោល​បំណង ដែល​គណៈកម្មការ​រៀប​ចំ​ប្រកួត​របស់​យើង បាន​ព្យាយាម​បង្កើតឱ្យមាន​ព្រឹត្តិការណ៍​នេះ​ឡើង គឺ​ដើម្បីផ្តល់​ឱកាស​ឱ្យ​ក្រុម​​ចូល​រួមទាំង​អស់ បាន​ផ្លាស់ប្តូរ​បទពិសោធរ​ ក៏ដូចជា​តិច​និក​គ្នា​​ទៅ​វិញ​ទៅមក តាម​រយៈការ​ប្រកួត​នេះ»​។​

លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ បាន​បន្ថែមថា​៖ «​យើង​អាច​និយាយបានថា ជាការ​ចែក​​រំលែក​បទពិសោធ ឬ​បច្ចេកទេស​របស់​គ្រូបង្វឹក​ទាំងអស់ ព្រោះ​ពិតណាស់ ពេល​ចូល​ទៅដល់​ទីលាន យើង​អាច​និយាយ​ជា​ភាសា​សាមញ្ញ​មួយ​ថា ជាស​ត្រូវ ប៉ុន្តែ​សត្រូវនៅទីនេះ មិនមែន​សត្រូវ​ស៊ីសាច់ហុតឈាមនោះទេ គឺ​សត្រូវ​ប្រើប្រាស់​បច្ចេកទេស ទេពកោសល្យ​កីឡាករ​របស់ខ្លួន​រៀងៗ​ខ្លួន ដើម្បី​ស្វែងរក​ជ័យ​ជម្នះ ហើយ​ការប្រកួត​នៅលើ​ទីលាន​របស់​យើង ត្រូវតែ​អនុវត្ត​ទៅតាម​បែបបទ បច្ចេកទេស​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​»​។​

ចំណែក​លោក គឹម ធានី អគ្គនាយក​​ក្រុមហ៊ុនស្រា​បៀរ​ព្រី​នស៍ ដែល​ជាអ្នក​ឧបត្ថម្ភ​ធំ ក្នុងការ​ប្រកួតនេះ បាន​ថ្លែងថា​៖ «ខ្ញុំ​ពិតជា​កិត្តិយស​ខ្លាំង ដែល​បាន​ចូលរួមចំណែក ក្នុងការ​លើក​ស្ទួយ​​​វិស័យ​កីឡា ក៏ដូចជា​ពង្រឹងស្មារតី​ជា​ក្រុម សម្រិតសម្រាំងនៅក្នុង​ក្រុម ដើម្បី​ធ្វើឱ្យ​វិស័យ​កីឡា​​របស់​យើងកាន់តែ​វិ​វ​ឌ្ឍ​ទៅមុខ ព្រោះ​បើ​យើងមិនមាន​ការប្រកួត​ប្រជែងនៅក្នុង​កម្រិត​ថ្នាក់​ជាតិ​​ទេ យើង​ក៏​មិនអាច រកបាន​លទ្ធផល​ល្អ នៅក្នុង​កម្រិត​ថ្នាក់​អន្តរជាតិ​ដែរ ហេតុនេះ​ដាច់​ខាត​ត្រូវ​តែ​មាន​ការប្រកួត​ប្រជែង នៅក្នុង​កម្រិត​ថ្នាក់ជាតិ ហើយ​ខ្ញុំ​ជឿជាក់ថា ក្រុម​ទាំង​ ៦​ នេះ សុទ្ធតែជា​ក្រុម​ខ្លាំង មាន​អ្នក​គាំ​​ទ្រ​ច្រើន​ដូចគ្នា​»​។​

សម្រាប់​ក្រុមទាំង​៦ ដែល​បានចូល​រួម​ការប្រកួត​ពានរង្វាន់ Prince Beer Pre-Season Cup 2022 នេះ ត្រូវ​បាន​​បែង​ចែកជា ​២ ​ពូ​ល ក្នុងនោះ​ពូ​ល ​A មាន ​ភ្នំពេញ​ក្រោ​ន កង​យោធពលខេមរភូមិន្ទ និង​ក្រុម​គិរីវង់​សុខ​សែន​ជ័យ រីឯ​ពូ​ល B មាន​ក្រុម​ខ្លាំង​វិសាខា បឹងកេត និង​ខេត្តព្រៃវែង​ ដែល​ទើប​ត្រូវបាន​កាត់​ឱ្យ​ទៅលេង​នៅលីគ​២ សម្រាប់ការ​ប្រកួតរដូវ​កាល​ថ្មី ឆ្នាំ​២០២២​នេះ។​

យ៉ាងណា​មិញ សម្រាប់ការ​ប្រកួតបើក​ឆាក នៅថ្ងៃ​សុក្រ​ស្អែកនេះ ក្រុម​ទ័ព ត្រូវស្វាគមន៍​ក្រុម​ភ្នំពេញ​ក្រោន នៅកីឡដ្ឋាន​ស្តាតចាស់ នា​រសៀល​ម៉ោង ៣:៣០ ហើយការ​ប្រកួត​គូ​ផ្សេងៗ​ទៀត នឹង​ត្រូវ​ធ្វើ​ឡើង​ជា​បន្តបន្ទាប់ រាល់​មួយ​ថ្ងៃ​១គូ រហូត​ដល់​ថ្ងៃទី​​២៦ ខែមករា។ ចំណែក​ក្រុមមាន​ពិន្ទុខ្ពស់ជាង​គេ ចំនួន​២​ក្រុម ក្នុងពូលនីមួយៗ នឹង​ត្រូវ​ឡើង​ទៅប្រកួត​ខ្វែង ឬ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ នៅថ្ងៃទី​៣១ ខែមករា ហើយ​ក្រុម​ឈ្នះ ត្រូវ​ឡើង​ទៅ​ប្រកួត​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃ​ទី​២ ខែកុម្ភៈ។

សម្រាប់​ក្រុម​ដែល​ឈ្នះ​តំណែង​ជើងឯកក្នុង​ព្រឹត្តិការណ៍​នេះ នឹង​ទទួលបាន​ប្រាក់រង្វាន់ ​៣​ ពាន់​ដុល្លារ និង​ក្រុម​ជើងឯក​​រងបាន​ចំនួន​ ២​ ពាន់​ដុល្លារ ចំណែក​ម្ចាស់​ស្បែកជើង​មាស ឬ​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ច្រើនជាងគេ និង​អ្នកចាំទី​ល្អ ដែលជា​ម្ចាស់​ស្រោមដៃ​មាស នឹង​ទទួល​បាន​ប្រាក់រង្វាន់​លើក​​ទឹកចិត្តក្នុង​ម្នាក់​ចំនួន ​៥០០ ​ដុល្លារ​ដូចៗ​គ្នា៕