បរទេស៖ ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Africa Cup of Nations វគ្គ​១៦​ក្រុម​ចុងក្រោយ​រវាងក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេ​ហ្សីប និង​កូតឌីវ័រ នៅ​រាត្រីនេះ នឹង​តម្រូវ​ទៅលើ​ក្រុម​ខ្លាំង​២​ប្រចាំ​ទ្វីប​អាហ្វ្រិក ស្រប​ពេល​ដែល​ជំនួប​រវាងក្រុម​ទាំង​២ បាន​បង្កើត​ឲ្យ​មាន​ប្រវត្តិសាស្ត្រ​ជាច្រើន ជាពិសសេ ក្រុម​ទាំង​២ ក៏​ប្រជុំ​ដោយ​តារាឆ្នើម​ៗក្នុង​តំបន់​ប្រយុទ្ធ​ផង​ដែរ​។

Mohamed Salah នឹង​ដឹកនាំក្រុម​ជម្រើស​ជាតិ​អេ​ហ្ស៊ីប ដែល​នឹង​សម្លឹង​រក​ការ​បន្ថែម​ពាន​ Africa Cup of Nations ទី​៧ ទៅលើពាន​សរុប​របស់ពួក​គេ ស្រប​ពេល​ដែលក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កូតឌីវ័រ ដែល​មាន Sebastien Haller ក្នុង​តំបន់​ប្រយុទ្ធ នឹង​សម្លឹង​រក​ការ​ឈ្នះពាន​ប្រចាំ​ទ្វីប​ជាលើក​ទី​៣​។ មិនមែន​គ្រប់គ្នា​នៅ​កាមេរូន ពេញ​ចិត្ត​ឲ្យ​ព្រឹត្តិការណ៍​នេះ បន្ត​ការ​ប្រកួត​ឡើយ ក្រោយពី​ជួប​ហេតុ​ការណ៍​ដ៏​រន្ធត់​កាលពីថ្ងៃ​ចន្ទ​ក្នុង​ទីក្រុង Yaounde ប៉ុន្តែ ជា​ការរំពឹង​ទុក នឹង​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ប្រមូល​ម្តុំ​គ្នានៅកីឡដ្ឋាន Japoma ក្នុង​ទីក្រុង Douala ស្រប​ពេល​ដែល​អ្នក​គាំទ្រ​ជាច្រើន នឹង​ជួយ​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ជម្រើស​ជាតិ​កូតឌី​វ័រ​។

ប៉ុន្តែ កូតឌីវ័រ ត្រូវ​តែ​ស្វែង​វិធី​សាស្ត្រ​ក្នុងការ​រា​រាំង Salah ក៏ដូច​ជា​សមា​ជិក​ផ្សេង​ទៀត​ក្នុងក្រុម​របស់​លោក Carlos Queiroz បើ​ទោះ​បី​​ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីប មិនបាន​បង្ហាញពី​ទម្រង់​លេង​ល្អ​ក្នុង​វគ្គ​ចែកពូល​ក៏ដោយ ដោយ​ចាញ់​ក្រុម​ជម្រើស​ជាតិ​នីហ្សេរីយ៉ា ១-០ នៅ​មុន​ពេលផ្តួលក្រុម​ជម្រើស​ជាតិស៊ូ​ដង់ និង​ហ្គីណេប៊ីសូ ក្នុងលទ្ធផល​ដូចគ្នានេះ​។ លោក Patrice Beaumelle គ្រូបង្វឹកនៃក្រុម​ជម្រើស​ជាតិ​កូតឌីវ័រ ដែលបានផ្តួល អាល់ហ្សេរី ៣-១ បាន​ឲ្យដឹងថា៖ «យើង​តែង​តែ​ជួបក្រុម​ខ្លាំង​ៗ ដែលមាន​បទពិសោធ​ច្រើនក្នុង​យុទ្ធនាការ​នេះ​»៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia