បរទេស៖ ខ្សែប្រយុទ្ធ Mohamed Salah បាន​ស៊ុ​តបាល់​ប៉េណាល់ទី​កាត់សេចក្តី ខណៈ​ដែលក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេ​ហ្ស៊ីប បាន​ផ្តួលក្រុម​ជម្រើស​ជាតិកូតឌីវ័រ ក្នុង​បាល់​ប៉េណាល់ កាលពីថ្ងៃពុធ ដើម្បី​ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ Africa Cup of Nations ស្រប​ពេល​ដែល​គណៈ​កម្មការ​រៀប​ចំការ​ប្រកួត បាន​ប្តូរ​ការ​ប្រកួត​ចំនួន​២ ពី​ទីក្រុង Douala ទៅកាន់​ទីក្រុង Yaounde របស់​ប្រទេស​កាមេរូន​។

តារាឆ្នើម​របស់ក្លិប Liverpool រូបនេះ បាន​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី​ពីចំណុច​ពិន័យ​១១​ម៉ែត្រ ស្រប​ពេល​ដែល Eric Bailly របស់​កូត​ឌីវ័រ គឺ​ជា​កីឡាករ​តែម្នាក់​ដែល​ស៊ុត​បាល់​ប៉េណាល់​ទី​មិនចូល​ទី​ ក្នុង​ទីក្រុង Douala ដោយ​​ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីប បាន​យកឈ្នះ​ក្នុង​លទ្ធផល ៥-៤ ក្រោយពីការប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​របស់​ពួកគេ​បាន​បញ្ចប់​ក្នុងលទ្ធផល​ស្មើ ០-០ បន្ទាប់​ពីនាទីបន្ថែម​១៥នាទី​២​ដង​។ អេ​ហ្ស៊ីប ដែល​ជាម្ចាស់​ជើង​​​ឯក​៧​សម័យ​កាល នឹង​ត្រូវ​ឈាន​ទៅ​ជួបក្រុមជម្រើស​ជាតិ​ម៉ា​រ៉ុក ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​ក្នុង​ទីក្រុង Yaounde នៅថ្ងៃអាទិត្យ ចុងសប្តាហ៍​នេះ​។

ស្រប​ពេល​ជាមួយ​គ្នានេះ Santiago Eneme ក៏​បាន​រកគ្រាប់បាល់​ប៉េណាល់​ទី​កាត់សេចក្តី​ផងដែរ ខណៈ​ដែលក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ហ្គីណេអេក្វាទ័រ បានផ្តួល​ក្រុម​ជម្រើស​ជាតិម៉ា​លី ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់​ទី ក្នុងលទ្ធផល ៦-៥ ក្រោយ​ពី​ក្រុម​ទាំង​២​បានប​ញ្ចប់​ក្នុងលទ្ធផលស្មើ ០-០ បន្ទាប់​ពី​១៥នាទី​​២​ដង ក្នុង​ទីក្រុង Limbe ដើម្បី​ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ៕

ប្រភព​​ព័ត៌​មាន៖ Channel News Asia