បរទេស៖ ក្លិប​សារិកា​ព្រៃ Newcastle កំពុង​តែ​ខិត​កាន់​តែ​កៀក​ក្នុងការ​នាំ​យក Bruno Guimaraes ពីក្លិប Lyon ក្រោយពី​ខ្សែ​បម្រើការ​ពារ​រូបនេះ បានយល់​ព្រម​ផ្ទេរ ហើយ​ក្លិប​របស់​បារាំងមួយនេះ បាន​ទទួល​យក​សំណើ​ដេញ​ថ្លៃក្នុង​ទឹកប្រាក់​៤០លាន​អឺ​រ៉ូ (ស្មើ​នឹង​៤៥​លានដុល្លារ​អាមេរិក)​។​

សេចក្តី​លម្អិត​នានា​ទាក់​ទង​នឹង​ភ្នាក់​ងារតំណាង និង​ក្លិប​ទាំង​២ នឹង​ត្រូវ​បំពេញ​ក្នុង​ឆាប់​ៗនេះ ស្រប​ពេល​ដែល​ Guimaraes នឹង​ទទួល​ការត្រួតពិនិត្យ​សុខភាព នៅពេល​ដែល​រូប​គេ​វិល​ទៅ​ប្រទេស​ប្រេស៊ីល​វិញ ពី​ប្រទេស​អេ​សក្វាទ័រ ដែល​ជាកន្លែង​រូប​គេ​កំពុងស្ថិត​ជាមួយនឹងក្រុម​​ជម្រើស​ជាតិ​របស់​ខ្លួន សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup នៅ​រាត្រីនេះ (ត្រូវនឹង​ព្រឹក​ថ្ងៃ​សុក្រ នៅកម្ពុជា)​។ លក្ខខណ្ឌ​នៃ​ការ​ទូ​ទាត់​នានា ក៏​ស្ថិតក្នុង​ចំណោម​ ដែលត្រូវ​តែ​ដោះស្រាយ​រវាង​ក្លិប​ទាំង​២​ផង​ដែរ​។ ក្លិប​ផ្សេង​ទៀត រួម​ទាំង​ Arsenal និង Juventus ធ្លាប់​បាន​សង្ឃឹម​ថា នឹង​នាំ​យក​ខ្សែ​បម្រើការ​ពារ Guimaraes នៅ​ចុង​រដូវ​កាល​នេះ ប៉ុន្តែ ក្លិប Newcastle បាន​បោះ​ទៅមុខ​១​ជំហាន​លើ​ពួក​គេ​ទៅហើយ​។

កីឡាករ​រូបនេះ បាន​ចូលរួម​ជាមួយ​នឹងក្លិប Lyon កាលពី​ខែ​មករា ឆ្នាំ​២០២០ ពី​ក្លិប​ប្រេស៊ីល Athletico Paranaense​។ Newcastle ក៏​បាន​ដាក់​សំណើ​ដើម្បី​នាំ​យកខ្សែ​ការ​ពារ Dan Burn ពីក្លិប Brighton ផង​ដែរ ប៉ុន្តែ ត្រូវ​បាន​គេ​ច្រាន​ចោល ស្រប​ពេល​ដែល​ការ​ព្យាយាម​ស្វែង​រកខ្សែ​ការ​ពារ​កណ្តាល​របស់ពួកគេនៅ​តែ​បន្ត​៕

 

ប្រភព​ព័ត៌​មាន៖ The Guardian