បរទេស៖ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វៀត​ណាម បានយកឈ្នះលើ​ក្រុម​ជម្រើស​ជាតិ​ចិន ក្នុងលទ្ធផល ៣-១ ក្នុងការ​ប្រកួត​ជម្រុះ World Cup កាលពីថ្ងៃ​អង្គារ ដើម្បីនាំ​ឲ្យ​មាន​ការ​អប​អរ​យ៉ាង​ខ្លាំង​ក្លា ក្នុង​ចំណោម​អ្នក​គាំទ្រ​នៅ​ទីក្រុង​ហាណូយ ស្រប​ពេល​ដែល​ប្រទេស​ទាំង​២ កំពុង​តែ​អប​អរ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​។

​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏មិននឹកស្មាន​ដល់​នេះ បាន​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​វៀត​ណាម កត់ត្រា​ជ័យ​ជម្នះ​ជាលើក​ដំបូង​របស់ខ្លួន ក្នុងការ​ប្រកួត​ជម្រុះ​នេះ ក្រោយពី​បាន​រង​បរា​ជ័យ​៧​លើក​ជាប់​ៗ​គ្នា​។ នេះក៏​ជា​លើក​ទី​១​ផង​ដែរ ដែលក្រុម​ជម្រើស​ជាតិ​វៀត​ណាម បាន​យកឈ្នះលើក្រុម​ជម្រើស​ជាតិចិន​។ កីឡាករ Do Hung Dung ប្រធានក្រុម​នៃក្រុម​ជម្រើស​ជាតិ​វៀត​ណាម បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា៖ «យើង​តែង​តែ​ព្យា​យាម​រក​ឲ្យ​បាន​ពិន្ទុ​ច្រើន​បំផុត​ នៅពេល​ដែលយើង​លេង​លើ​ទឹកដីខ្លួន​ឯង​។

ហើយ​ជា​សំណាងល្អ នៅថ្ងៃនេះ យើង​បាន​ឈ្នះ​ពេល​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើស​ជាតិចិន នៅថ្ងៃ​ទី​១​នា​ឱកាស​ចូល​ឆ្នាំ​ថ្មី​»​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង បានផ្តួលក្រុម​ជម្រើស​ជាតិ​ស៊ី​រី ក្នុងលទ្ធ​ផល ២-០ ក្នុង​ទីក្រុង​ឌូបៃ ដើម្បី​ឈាន​ទៅ​ប្រកួត World Cup ជុំ​ផ្តាច់​ព្រ័ត្រ ជាលើក​ទី​១០​ជាប់​ៗ​គ្នា​របស់ពួកគេ​។ កូរ៉េ ដែលបាន​បង្ហាញខ្លួន​ក្នុង​រាល់​យុទ្ធ​នា​ការ World Cup ទាំង​អស់ បើគិត​ចាប់​តាំងពី​នៅ​ម៉ិក​ស៊ិ ឆ្នាំ​១៩៨៦​ និង​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេ​ខ៤ ពេល​ពួកគេ​បាន​ធ្វើ​ជា​សហ​ម្ចាស់​ផ្ទះ​រៀប​ចំ World Cup ឆ្នាំ​២០០២​នោះ នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កាតា រួម​ជាមួយនឹង​អ៊ី​រ៉ង់ ដែល​បាន​ឈ្នះ​កៅអី​រួច​ជាស្រេច​ពូល A​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia