វិមាន​ពហុកីឡដ្ឋានជាតិ​មរតកតេជោ ដែល​បានចំណាយ​ថវិកាសាងសង់អស់ប្រមាណ​១៥០​លាន​ដុល្លារ ជាជំនួយឥតសំណង​របស់ប្រទេស​ចិន​​នោះ នឹងចាប់​បើក​ទទួល​អ្នក​ទស្សនា ឱ្យ​ចូល​រួម​ផ្ទាល់ ជា​លើកដំបូង នៅក្នុងការ​ប្រកួត​​ជើង​ឯក​​​បាល់​​ទាត់​តំបន់​អាស៊ីអាគ្នេយ៍ អាយុក្រោម២៣ឆ្នាំ (AFF U23 Championship 2022) ​ដែល​​ចាប់​ផ្តើម​ពី​ថ្ងៃ​​ទី​១៤ ដល់​​​ថ្ងៃទី​២៦​ ខែកុម្ភៈ ឆ្នាំ​២០២២។

ជាមួយ​គ្នា​នេះ សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា (FFC) បាន​ប្រកាស​ពី​ការ​​​លក់​សំបុត្រ សម្រាប់ការ​ចូល​រួមទស្សនា​ ការ​ប្រកួត​ពាន​រង្វាន់ AFF U23 Championship 2022 នេះ ជា​ផ្លូវការ​ កាលពីថ្ងៃពុធ ហើយ​តាម​រយៈចំនួន​សំបុត្រ ​ដាក់លក់នេះ គឺ​មានមនុស្ស​ត្រឹម​២៦៤៣៩​នាក់ប៉ុណ្ណោះ នឹងចូលទស្សនាផ្ទាល់ ជា​លើកដំបូង នៅក្នុងពហុកីឡដ្ឋានថ្មី ដ៏ទំនើប​មួយនេះ។

​តាម​ពិត ពហុកីឡដ្ឋានជាតិ​មរតកតេជោ អាច​ផ្ទុក​អ្នកទស្សនា​បានដល់​៦ម៉ឺន​នាក់ ប៉ុន្តែ​ដើម្បីចូល​រួម​ការ​ការពារ​ជំងឺ​ឆ្លងកូវីដ​ FFC បាន​កំណត់ឱ្យ​អ្នកទស្សនា​ចូល​រួម​ផ្ទាល់​ត្រឹម​៥០​ភាគ​រយ នៃចំនួន​កៅអីសរុប ហើយ​​ក៏​បានកាត់​កៅអីក្រោយ​ចំនួន​៥០​ភាគ​រយចេញ​ផងដែរ ចំណែក​ប្រភេទសំបុត្រទស្សនា ត្រូវបានចែក​ចេញជា​៤​ប្រភេទ រីឯ​គំរូ​ប្លង់អង្គុយនៃ​ប្រភេទ​សំបុត្រ​ទាំង​៤​នេះ ត្រូវបាន FFC បង្ហាញ​យ៉ាង​ច្បាស់ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ។

តាមការប្រកាសរបស់ FFC បាន​ឱ្យ​ដឹង​ថា​ សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត​ពាន​រង្វាន់ AFF U23 Championship 2022 នៅ​ពហុកីឡ​ដ្ឋាន​ជាតិ​មរតក​តេជោ នឹង​ចាប់​ផ្ដើម​ដាក់​លក់ នៅ​ថ្ងៃទី​១០ ខែ​កុម្ភៈ ខាង​មុខ​នេះ ដោយ​ក្នុង​នោះ​ សំបុត្រប្រភេទ ១​​តម្លៃ ៣០​០០០​រៀល មាន​ចំនួន ៦៧៨៩ កៅអី សំបុត្រ​​ប្រភេទ​​២ តម្លៃ ២០​០០០​រៀល មាន​ចំនួន ៣០២៩ កៅអី សំបុត្រ​ប្រភេទ​៣ តម្លៃ ១៤​០០០រៀល មានចំនួន ៩៧៧៣ កៅអី និង​សំបុត្រ​​ប្រភេទ​​៤ តម្លៃ ៨​០០០រៀល មានចំនួន ៦៨៤៨ កៅអី។

យ៉ាងណា​ក៏ដោយ សហព័ន្ធ​កីឡាបាល់​ទាត់កម្ពុជា នៅ​មិន​បាន​ប្រាប់ពីទីតាំង​លក់​សំបុត្រ ព្រមទាំងប្រាប់ពី​​លក្ខខណ្ឌ និងវិធានការ ក្នុងការចូលទស្សនា នៅ​ឡើយទេ ប៉ុន្តែ​ចំពោះ​ការ​បរិច្ឆេទ​​នៃ​ការប្រកួត នៅតាមពូលទាំង​៣ នៃ​ពាន​រង្វាន់​​មួយនេះ ត្រូវបាន FFC កំណត់​​ច្បាស់​រួច​​​រាល់​​អស់ហើយ ដោយ​ក្នុង​នោះ ការ​ប្រកួតជម្រុះ​៦​លើក រួមទាំងការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ និង​វគ្គ​ផ្តាច់ព្រ័ត្រ ត្រូវ​ធ្វើ​នៅពហុ​កីឡដ្ឋានជាតិ​មរតក​តេជោ ខណៈការ​ប្រកួត​ផ្សេង​​ទៀត ត្រូវ​ធ្វើ​នៅកីឡដ្ឋានព្រីនស៍ របស់ក្លិប​វិសាខា។

គួរបញ្ជាក់ថា ​ក្រុម​តំណាង​ឱ្យប្រទេស​ទាំង​១១ នៅ​ក្នុងតំបន់អាស៊ាន​នេះ សុទ្ធតែ​បាន​ចូល​រួម នៅ​ក្នុង​ការប្រកួត​ពាន​​រង្វាន់ AFF U23 Championship 2022 ​នេះ ដោយ​ក្រុម​ទាំង​​១១​នេះ ត្រូវ​បានបែង​ចែក​ជា​៣​ពូល ក្នុងនោះ​ពូល​A មាន​កម្ពុជា ទីម័រខាងកើត ហ្វីលីពីន ប្រ៊ុណនេ ឯពូល​B មាន​ក្រុម​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ ហើយ​ពូល​C ​មាន​ក្រុម​វៀតណាម ថៃ និង​សិង្ហបុរី។ ចំណែក​ការ​ប្រកួត​បើក​ឆាក នឹងត្រូវ​ធ្វើ​នៅថ្ងៃទី​១៤ ខែកុម្ភៈនេះ ដើម្បីរក​ក្រុម​លេខ​១ តាមពូលទាំង​៣ រួមទាំងក្រុមលេខ​២​ល្អ​ចំនួន​១​ក្រុមទៀត​ សរុប​៤ក្រុម ឡើងទៅប្រកួត​នៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រនិង​វគ្គ​ផ្តាច់ព្រ័ត្រ៕