សមាជិក​​របស់ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុក្រោម​២៣​ឆ្នាំ ​​នឹង​ត្រូវធ្វើការ​ប្រកួតជម្រុះ​លើក​ទី​២ ​ប្រចាំពូលA នៃ​ពាន AFF U23 Championship 2022 ជាមួយក្រុម​U23ហ្វីលីពីន នៅ​ពហុកីឡដ្ឋានជាតិមរតកតេជោ នាយប់​ថ្ងៃ​ព្រហស្បតិ៍នេះ គឺបន្ទាប់ពីការ​ប្រជែង​គ្នា​រវាង​ក្រុម​ទីម័រ​ខាង​​កើត និង​ក្រុមប្រ៊ុយណេ ដែលចាប់ប្រកួត ​ពីរសៀល​ម៉ោង​៤​ទៅ។

សម្រាប់ការ​ប្រកួត​លើកនេះ ទាំងកម្ពុជា និង​ហ្វីលីពីន សុទ្ធតែត្រូវការ​ឈ្នះរៀងៗ​ខ្លួន ដើម្បី​បង្កើនឱកាស​បាន​ឡើងទៅ​ប្រកួត​នៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ព្រោះ​ការ​ប្រកួតបើក​ឆាក កាលពី​ថ្ងៃ​ចន្ទ កន្លងមកនេះ កម្ពុជា បានយកឈ្នះក្រុមប្រ៊ុយណេ ៦-០ ចំណែកក្រុម​ហ្វីលីពីន បានត្រឹម​ស្មើ ២-២ ជាមួយ​ទីម័រ​ខាង​កើត។

យ៉ាងណា​ក៏​ដោយ ​សម្រាប់ការ​ប្រកួតនេះ ត្រូវបានគេ​មើល​ឃើញ​ថា កម្ពុជា អាច​មាន​​តែម​​​ជាង ព្រោះ​​ជាក្រុម​​ម្ចាស់ផ្ទះ ដែលមាន​អ្នក​គាំ​ទ្ររាប់​ម៉ឺន​នាក់ ចាំ​លើកទឹក​ចិត្ត ហើយ​បន្ថែម​​លើនេះ ការ​លត់ក្រុម​ប្រ៊ុយណេ ៦-០ កន្លងមកនេះ វាកំពុងតែ​ធ្វើ​ឱ្យ​ក្រុម​គោព្រៃ​ជំទង់​កម្ពុជា មាន​កម្លាំង​ចិត្តកាន់តែ​​ខ្លាំង ក្នុងការប្រជែងយក​៣ពិន្ទុ ជាមួយ​ហ្វីលីពីន លើកនេះ​។

លើស​ពីនេះ​ទៅ​ទៀត សមាជិកក្រុម​U23កម្ពុជា ចំនួន​៦នាក់ រួមមានខ្សែ​ការពារ ទេស សម្បត្តិ, យ៉ើ សាហ្វី, សឿត បារាំង អ្នកចាំទី ហ៊ុល គឹមហ៊ុយ ព្រមទាំងខ្សែ​ប្រយុទ្ធ ម៉ៅ ពិសិដ្ឋ និង សៀង ចន្ធា សុទ្ធ​តែ​បានលេង​ជាមួយ​ក្រុមហ្វីលីពីន នៅ​ក្នុងការ​ប្រកួតស៊ីហ្គេម កាលឆ្នាំ​២០១៩ ដោយកាលនោះ ក្រុមទាំង​២ បាន​ស្មើ​គ្នា ១-១ ហើយវា​ក៏ជា​ពេល​ដែល​កម្ពុជា បាន​ឡើងទៅកាន់វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ជា​ប្រវត្តិសាស្រ្ត ផងដែរ។

​        ជាមួយបទពិសោធ​របស់​អ្នកទាំង​៦នេះ អាច​បញ្ជាក់បាន​ថា កម្ពុជា មានភាព​ចាស់ទុំ​ជាង​ក្រុម​ហ្វីលីពីន ជុំវិញ​ទៅនឹងបទ​ពិសោធ និងបច្ចេកទេស​លេង នៅលើ​ទី​លាន ព្រោះ​ការ​ប្រកួតពាន AFF U23 Championship 2022 នេះ ហ្វីលីពិន បានដាក់​កីឡាករ​ចំណូល​ថ្មី​ស្ទើតែទាំងអស់  ហើយលោក Stewart Hall ក៏​បាន​ទទួលស្គាល់ដែរថា ការជួប​កម្ពុជា នៅថ្ងៃនេះ វាអាច​ពិបាកជាង ពេល​ជួបក្រុមទីម័រ កាលពី​ថ្ងៃចន្ទ។

​       គ្រូ​បង្គោល​ក្រុមU23ហ្វីលីពីន បាន​និយាយ ក្រោយស្មើ ២២ ជាមួយក្រុមទីម័រខាង​កើត នា​ការ​ប្រកួតបើក​ឆាក​ថា៖​ «​ក្រុម​ទីម័រខាងកើត បានផ្តល់បញ្ហាខ្លះដល់ពួក​យើង ហើយកម្ពុជា នឹងផ្តល់ឱ្យយើងនូវបញ្ហាផ្សេងៗគ្នា នៅក្នុងការប្រកួតបន្ទាប់របស់​យើង។ តែ​ទោះ​បីជា​យ៉ាងណា យើង​មិន​ស្ថិត ​នៅ​ក្រោម​សម្ពាធ​ទេ ព្រោះ​​ពេល​នេះ​ យើង​កំពុង​ព្យាយាម​បង្កើន​កីឡាករ​ជំនាន់​ថ្មី ហើយ​វា​សំខាន់​ណាស់ ​ដែល​យើង​លេង​បាល់​ឱ្យ​បាន​ល្អ ​ជាមួយ​នឹង​ផ្នត់​គំនិត​ថ្មី»