​ការ​ប្រកួតបើក​ឆាក​ប្រចាំពូល​B នៃ​ពាន​រង្វាន់ AFF U23 Championship 2022 រវាងក្រុម​ជម្រើសជាតិមីយ៉ាន់ម៉ា​អាយុក្រោម​២៣​ឆ្នាំ និងក្រុម​ម៉ាឡេស៊ី ដែលនឹងត្រូវ​ធ្វើ​នៅ​កីឡដ្ឋានព្រីនស៍ នាថ្ងៃអង្គារ​នេះ មិនអាច​ធ្វើ​ទៅបាននោះទេ ខណៈ​ក្រុម​មីយ៉ាន់ម៉ា បាន​សម្រេច​​ដក​ខ្លួនចេញ​ភ្លាមៗនោះ។

ចំពោះបញ្ហា​នេះ សហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា (MFF) បាន​ជូន​ដំណឹង​ដល់​សហ​ព័ន្ធ​កីឡាបាល់​ទាត់​អាស៊ាន (AFF) នៅថ្ងៃនេះ​ថា ​ពួកគេ បាន​ដក​ខ្លួន​ចេញ​ពី​ពាន​រង្វាន់ AFF U23 Championship 2022 នេះ​ហើយ ដោយសារផលវិបាកនៃជំងឺកូវីដ១៩ ដែលបានវាយលុកទៅលើក្រុមរបស់ខ្លួន។

តាមសេចក្តី​ជូនដំណឹង​នោះ បាន​បង្ហាញ​ថា ជាផ្នែក​នៃ​វិធានការសុខភាព និង​សុវត្ថិភាព​សម្រាប់​ការ​ប្រកួត ដែល​កំពុង​ដំណើរការ គឺ​ក្រុម U23 មីយ៉ាន់ម៉ា បាន​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​ជា​ប្រចាំ​ មុន និងក្រោយពេលមកដល់កម្ពុជា ហើយ​បន្ទាប់ពី​ការ​បញ្ជាក់​ពី​ការ​ធ្វើ​តេស្ត​វិជ្ជមាន​ ក្នុង​ចំណោម​កីឡាករ​មួយ​ចំនួន ការ​សម្រេច​ចិត្ត​មួយ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​ដក​ក្រុម​ចេញ​ពី​ការ​ប្រកួត ដើម្បី​ជួយ​កាត់​បន្ថយ ហានិភ័យ​នៃ​ការឆ្លង​បន្ថែម​ទៀត ព្រោះ​កីឡាករ និង​បុគ្គលិក ដែល​ត្រូវ​បាន​គេ​កំណត់ថា ជា​អ្នក​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ ក៏​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក សម្រាប់​ការ​សង្កេត​បន្ថែម​ផង​ដែរ។

ជាមួយគ្នា​នេះ លោក​នាយឧត្តមសេនីយ៍ ខៀវ សាម៉េត ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​អាស៊ីអាគនេយ៍ (AFF) និងជា​អនុប្រធានសហព័ន្ធ​កីឡាបាល់ទាត់កម្ពុជា ​បាន​ថ្លែង​ថា៖ «យើង​ពិត​ជា​មាន​ការសោកស្តាយជាខ្លាំង ដែលក្រុម U23 មីយ៉ាន់ម៉ា ត្រូវ​ដក​ខ្លួន​ចេញ​ពី​ពាន​រង្វាន់ AFF U23 Championshipនេះ»។

លោកបាន​បន្ថែម​ថា៖​«​យើង​យល់​ថា ក្រុមនេះ​កំពុង​ព្យាយាម​ចាប់​ផ្តើម​យុទ្ធនា​ការ​របស់​ពួកគេ ហើយ​អ្នកគាំទ្រ​បាន​អន្ទះសារ​ចង់​ចាប់​ក្រុម​ឱ្យ​ធ្វើ​សកម្មភាព។ ទោះជា​យ៉ាងណា​ក៏ដោយ សុខ​ភាព និង​សុវត្ថិភាព​របស់​អ្នកគ្រប់គ្នា ដែល​ពាក់​ព័ន្ធ គឺ​មាន​សារៈ​សំខាន់​បំផុត ហើយ​យើង​យល់​ច្បាស់​អំពីការ​សម្រេច​ចិត្ត ដែលបាន​ធ្វើ​ឡើង​នេះ។ យើង​សូម​ជូនពរ​សមាជិក​ដែល​រង​ផល​ប៉ះ​ពាល់​ បានជាសះស្បើយពេញលេញ និងឆាប់រហ័ស»៕