សហព័ន្ធកីឡាបាល់ទាត់វៀតណាម បានបន្ថែមកីឡាករ​ចំណូល​ថ្មី​ចំនួន​៦នាក់ ដើម្បីឱ្យ​មក​​​ចូល​រួម​ជួយ​ដល់ក្រុម​U23ជម្រើសជាតិ​របស់​ខ្លួន ដែល​នឹងត្រូវ​ប្រកួតជម្រុះ​លើកចុងក្រោយ ប្រចាំ​ពូល​C ជាមួយក្រុម​U19ជម្រើសជាតិថៃ នៃ​ពាន​រង្វាន់ AFF U23 Championship 2022 នៅលើទឹក​ដី​កម្ពុជា នាយប់ម៉ោង​៧ ថ្ងៃ​អង្គារ​នេះ។

ការសម្រេចបន្ថែមកីឡាករថ្មី​នេះ ក៏ព្រោះតែ​ក្រុម​វៀតណាម នៅសល់សមាជិក​អាច​លេងបាន​ត្រឹម​១៣​នាក់ គឺ​តិច​ជាង​ការកំណត់នៃការ​ចុះបញ្ជីឈ្មោះ ​មុនការប្រកួតចាប់ផ្តើម ដែល​ត្រូវ​មានកីឡាករ​​យ៉ាង​តិច​១៤នាក់ ហើយការនៅសល់​កីឡាករ​ត្រឹម​១៣​នាក់នេះ ​ព្រោះ​​តែ​កីឡាករ​​ផ្សេង​ទៀត​របស់វៀតណាម បានឆ្លងជំងឺកូវីដ​១៩ រីឯ​អ្នកខ្លះ បាន​​ពាក់ព័ន្ធផ្ទាល់ ជាមួយ​​អ្នក​វិជ្ជមានកូវីដ ដែលត្រូវ​បាន​ដាក់​ឱ្យ​​នៅដាច់ដោយឡែក។

យ៉ាងណាក៏​ដោយ សម្រាប់ការបន្ថែមកីឡាករ នៅកំឡុងពេល​ការ​ប្រកួត កំពុង​ចាប់​ផ្តើម​បែបនេះ ត្រូវបាន​ប្រភព​បញ្ជាក់ថា មិនខុសទៅនឹង​លក្ខខណ្ឌ​នៃ​ការ​​ប្រកួត​នេះទេ ព្រោះ​នៅ​ក្នុងលក្ខខណ្ឌ ដែលសហព័ន្ធកីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ (AFF) បានកំណត់​នៅ​ក្នុង​ការ​ប្រកួត​​ពាន​រង្វាន់ AFF U23 Championship 2022 នេះ គឺ​ក្រុម​នីមួយៗ អាច​បន្ថែម​កីឡាករ​បាន ក្នុងពេលមានបញ្ហា​បន្ទាន់ភ្លាមៗ​ ដោយសារវិបត្តិជំងឺ​កូវីដ​១៩ បែបនេះ តែការ​ថែម​អ្នកថ្មី​ចូល​នេះ គឺមិនឱ្យលើស​១០នាក់​ឡើយ​។

តាម​ព័ត៌មានផ្លូវការ វៀតណាម បានបញ្ជូន​កីឡាករ​ចំនួន​៤នាក់ មក​ដល់​កម្ពុជា​ហើយ ហើយអ្នកទាំង​៤នេះ អាច​ចូល​លេង​ នៅក្នុងជំនួប​ជាមួយក្រុម​ថៃ នៅកីឡដ្ឋានព្រីនស៍ នា​យប់​ថ្ងៃ​នេះ​បាន ចំណែក​២​នាក់ទៀត វៀតណាម នឹងបញ្ចូន​មកតាមក្រោយ ដើម្បីដាក់​ឱ្យចូល​រួមប្រកួត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ជាមួយគ្នា​នេះ ក្រុមម្ចាស់ផ្ទះកម្ពុជា ជា​ពិសេស​អ្នកគាំទ្រ បាននឹង​កំពុង​បន់ស្រន់ឱ្យ​ក្រុម​វៀតណាម ធ្វើ​យ៉ាងណា យក​ឈ្នះក្រុមថៃ ជាមួយ​គ្រាប់​បាល់ឱ្យបាន​ច្រើន ព្រោះ​បើសិនជា ក្រុមវៀតណាម អាច​យក​ឈ្នះក្រុមថៃ ចាប់ពី​៣​គ្រាប់ ឬ ៣-០ ឡើង នោះ​ក្រុមកម្ពុជា នឹងអាច​ក្លាយ​ជា​ក្រុមលេខ​២​ល្អ ដើម្បីបានឡើងទៅប្រកួត​នៅ​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ ដែរ។

ផ្ទុយ​ពីនេះ បើ​សិនជា​ក្រុមទាំង២ ស្មើគ្នា ឬ​អាច​យក​ឈ្នះចាញ់​ក្រុម​ត្រឹម ១-០ នោះកម្ពុជា នឹង​ធ្លាក់ចេញពីការ​ប្រកួតនេះហើយ ចំណែក វៀតណាម និងថៃ នឹងត្រូវ​ឡើងទៅប្រកួត​វគ្គ​បន្ត ដូច​គ្នា ដើម្បីជួបក្រុមលេខ​១​ពូល​A ទីម័រខាង​កើត និងក្រុមឡាវ ដែល​ទើប​បាន​យក​ឈ្នះ​ក្រុមម៉ាឡេស៊ី ២-២ ជា​លើកទី​២ កាលពីយប់មិញ បន្ថែម​ទៅ​លើការ​ឈ្នះ ២-១ កាលប្រកួតជើងទី​១ ដើម្បីទទួលបានលេខ​១ ប្រចាំពូលB៕