ក្រុម​ជម្រើសជាតិ​សិង្ហបុរី​អាយុក្រោម​២៣​ឆ្នាំ នឹង​ត្រូវ​ប្រកួតបើក​ឆាក​ប្រចាំពូល​C នៃ​ពាន​រង្វាន់ AFF U23 Championship 2022 នៅ​កីឡដ្ឋានព្រីន​ស៍​របស់​ក្លិបវិសាខា នា​យប់​ម៉ោង​៧ ថ្ងៃ​ពុធ​នេះ គឺ​ស្របពេល​ដែល ​ម្ចាស់​ផ្ទះកម្ពុជា និង​សហព័ន្ធ​កីឡា​បាល់ទាត់អាស៊ីអាគ្នេយ៍ បាន​កែបែ និង​ផ្លាស់ប្តូរ​ពេលវេលា​ប្រកួតនៃ​ព្រឹត្តិការណ៍នេះ មួយចំនួន បន្ទាប់ពី​ក្រុម​មីយ៉ាន់ម៉ា បាន​ដក​ខ្លួនចេញភ្លាមៗ ដោយសារ​សមាជិក​ពួកគេមួយ​ចំនួន បាន​តេស្ត​រក​ឃើញវិជ្ជមាន​ជំងឺ​កូវីដ​១៩។

គេ​នៅចាំ​បាន​ថា សម្រាប់ការ​ប្រកួត​ពាន​រង្វាន់ AFF Suzuki Cup កាល​ពី​ពេល​ថ្មី​នេះ ក្រុមជម្រើសជាតិ​ថៃ បាន​យក​ឈ្នះក្រុម​ម្ចាស់​ផ្ទះ​សិង្ហបុរី ២-០ ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់លេខ​១ ប្រចាំពូល​A រួច​បាន​បន្ត​ទៅ​ទម្លាក់ក្រុម​វៀតណាម នៅវគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ និង​ឈ្នះក្រុម​ឥណ្ឌូនេស៊ី នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​លើក​ពាន​យ៉ាងរំភើប នៅចំពោះ​មុខមុខ​អ្នកគាំទ្រ​យ៉ាង​ច្រើន​របស់​សិង្ហបុរី និងក្រុម​សិង្ហបុរី ដែលបាន​ធ្លាក់​ត្រឹមវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដ៏គួរសោក​ស្តាយ ក្រោយ​​ចាញ់​ក្រុម​ឥណ្ឌូនេស៊ី។

ជាមួយ​ហេតុផលនេះ ក្រុម​​សិង្ហបុរី នឹង​ប្រើ​ការ​ប្រកួត នៅលើ​ទឹក​ដី​កម្ពុជា នាយប់​នេះ ដើម្បី​ជម្រះបញ្ជី​ជាមួយ​ក្រុម​ជម្រើសជាតិ​ថៃ នៅមុនពេល​ក្រុមទាំង​២នេះ ត្រូវបន្ត​ទៅជួបក្រុមខ្លាំង វៀតណាម ដើម្បី​ស្វែង​រក​ក្រុមលេខ​១ ​ឡើង​ទៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជាមួយ​ក្រុមលេខ​១ មកពី​ពូល​A និងពូល​B រួមទាំង​ក្រុម​លេខ​២​ល្អ ចំនួន​១​ក្រុមទៀត។

ជាមួយគ្នា​នេះ ក្រុមសិង្ហបុរី ត្រូវបាន​គេ​មើល​ឃើញ​ថា មានភាគ​រយច្រើន ក្នុងការ​ដណ្តើម​បាន​៣ពិន្ទុ ព្រោះ​​សម្រាប់ការ​ប្រកួត​ពាន​រង្វាន់ AFF U23 Championship 2022 នៅកម្ពុជា លើកនេះ ថៃ បាន​សម្រេច​បញ្ជូន​ក្រុម​U19ជម្រើសជាតិ មក​ប្រកួតជំនួស​ក្រុមU23ជម្រើសជាតិ ដែល​ពួកគេ មានការ​មមាញឹក​ខ្លាំង ក្នុងការ​ជួយក្លិបរៀងៗ​ខ្លួន នៅការ​ប្រកួត​លីគកំពូល នៅ​ប្រទេស​ថៃ។

ទន្ទឹង​នេះ សហព័ន្ធ​កីឡា​បាល់​ទាត់កម្ពុជា (FFC) ដែល​ជា​ម្ចាស់​ផ្ទះ និង AFF បាន​សម្រេច​កែ​ប្រែពេលវេលានៃ​ការ​ប្រកួតមួយ​ចំនួន បន្ទាប់ពី​ក្រុម​U23ជម្រើសជាតិមីយ៉ាន់ម៉ា បាន​ដក​​ខ្លួន កាលពី​ម្សិលមិញ ហើយការ​ដក​ខ្លួន​ភ្លាមៗ​នេះ បាន​ធ្វើ​ឱ្យ​ការ​ប្រកួត​ប្រជែង​នៅពូល​B មាន​​ត្រឹម​១​ប្រកួត ដែល​ជាការ​ប្រជែង​គ្នា​យកលេខ​១​រវាង​​ក្រុមម៉ាឡេស៊ី និងក្រុមឡាវ ខណៈ​ពូល​A នៅ​សល់​៤​ក្រុមដដែល និងពូល​C មាន​៣​ក្រុម ក្រោយ​ក្រុម​ការពារ​ជើង​ឯក​ឥណ្ឌូនេស៊ី បានដក​ខ្លួន តាំង​ពីការប្រកួត​ចាប់​ផ្តើម ដោយសារ​ការតេស្ត​រក​ឃើញ​អ្នក​ឆ្ល​ង​ជំងឺ​កូវីដ នៅក្នុងក្រុម​ដូច​គ្នា៕