បរទេស៖ អ្នកចាត់ការក្លឹបយក្សបារាំង Paris-Saint Germain លោក Mauricio Pochettino និងអាចត្រូវក្លឹបបញ្ចប់តំណែង នៅខែមីនា២០២២ខាងមុខនេះ។វាមិនទាន់អាចចាត់ទុកជារដូវកាលដ៏ស្រស់បំព្រងនៅឡើយទេទោះបីជាកំពុងតែដឹកនាំក្លឹបឈរនៅលើកំពូលតារាង Ligue-១ ជាមួយនឹងគម្លាត ១១ ពិន្ទុដាច់ ប៉ុន្តែក្រោយពីទើបតែធ្លាក់ចេញពីការប្រកួតក្របខណ្ឌ French Cup ក្រោមថ្វីជើង Nice ។យោងការចុះផ្សាយរបស់ Telefoot បានលើកឡើងថាលោក Pochettino និងត្រូវបានក្លឹបពិចារណាពីអនាគតនៅពេលដឹកនាំ PSG ឆ្លងផុតវគ្គ១៦ក្រុមក្របខណ្ឌ Champions League ពេលជួបReal Madrid នៅថ្ងៃទី ១៥ ខែកុម្ភៈ និងថ្ងៃទី ៩ ខែមីនា បានរឺយ៉ាងណានោះ?
ការប្រកួតលីកកំពូលទ្វីបអឺរ៉ុបគឺជាគោលដៅចម្បងសម្រាប់ក្រុមបារាំងនៅរដូវកាលនេះ ដូច្នេះប្រសិនពួកគេបរាជ័យមិនអាចឆ្លងផុតទៅវគ្គ ៨ក្រុមចុងក្រោយ នោះពិតប្រាកដណាស់លោក Zinedine Zidane និងត្រូវក្លឹបនាំយកមកជំនួសតំណែងគ្រូបង្វឹកអាហ្សង់ទីនរូបនេះ ។
ទោះយ៉ាងណាអតីតគ្រូបង្វឹកមាន់ខ្នាយមាស Tottenham ក៏មានទំនាក់ទំនងផ្លាស់ទៅដឹកនាំបិសាចក្រហមMan. Utd ស្របពេលក្រុម ជើងឯកអង់គ្លេស២០សម័យ កំពុងសម្លឹងចង់បានអ្នកចាត់ការទូទៅអចិន្រ្តៃយ៏ម្នាក់មកដឹកនាំដើម្បីជំនួសតំណែងលោកRalf Rangnick ដែលនឹងបញ្ចប់ការងារជាគ្រូបង្វឹកបណ្តោះអាសន្ននៅដំណាច់រដូវកាលនេះ៕
ប្រភពព័ត៍មាន៖ Sportsmole