​ក្រុមគ្រូ​បង្វឹកក្រុមជម្រើសជាតិកម្ពុជា​​អាយុ​ក្រោម​២៣​ឆ្នាំ បានសម្រេច​មិន​​​​ទាន់ជម្រុះ​បេក្ខភាព​ចំនួន​៨​ទៀត ចេញពីបេក្ខភាព​ទាំង​៣៦នាក់ ដែលបាន​ជាប់​នៅការ​ធ្វើ​តេស្ត​ដំណាក់​កាល​ទី​២ នៅឡើយទេ គឺ​​អ្នកទាំង​​នេះ ​នឹងត្រូវ​​​ហ្វឹកហាត់ជុំ​គ្នា​ជាបន្ត​ទៀត រហូតដល់​ចុង​សប្តាហ៍នេះ ទើប​​ធ្វើការ​ជម្រុះ​យក​២៨​នាក់​​ចុងក្រោយ ដើម្បីដាក់​ឱ្យចូល​រួម​ប្រកួត​ជើង​ឯក​​​បាល់​​ទាត់​តំបន់​អាស៊ីអាគ្នេយ៍ អាយុ​ក្រោម​២៣​ឆ្នាំ (AFF U23 Championship 2022) ដែល​កម្ពុជា​ ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ។

តាមគម្រោង ការធ្វើ​តេស្តដំណាក់កាល​ទី​២របស់កីឡាករទាំង​៣៦នាក់នេះ ត្រូ​វ​បាន​បញ្ចប់​ ត្រឹម​ថ្ងៃ​អង្គារ ម្សិលមិញ ហើយក៏ជា​ពេល ​ត្រូវ​ជម្រុះកីឡាករ​៨នាក់ទៀតចេញ ​ដោយ​ទុកត្រឹម​​២៨នាក់ ដើម្បីបន្ត​ហ្វឹក​ហាត់ នៅ​ក្នុងដំណាក់កាលទី​៣ ចុងក្រោយ​នេះ ផងដែរ ប៉ុន្តែ​ការ​សម្រេច​ចុងក្រោយ កាល​ពីម្សិល​មិញ គឺ​បាន​ដាក់អ្នកទាំង​៣៦​នេះ ឱ្យបន្ត​ហ្វឹកហាត់ជុំគ្នា រហូតដល់​ចុងសប្តាហ៍នេះ ទើបធ្វើការប្រកួតជម្រុះចុងក្រោយ។

​ការ​លើកពេល​នៃ​ការជម្រុះ​បេក្ខភាព​ទាំង​២៨នាក់ចុងក្រោយនេះ ​ត្រូវបាន​លោក ភា សុភ័ក្រ្តា គ្រូជំនួយ​ក្រុមជម្រើសជាតិកម្ពុជា បាន​ឱ្យ​ដឹង​ថា គឺ​ដើម្បីទុកពេល​ឱ្យ​កីឡាករ ទើបបាន​ជាប់ នៅ​ក្នុងក្រុមជម្រើសជាតិ បាន​ធ្វើការ​ហ្វឹកហាត់ ជាមួយអ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​​កម្ពុជា លោក Keisuke Honda ដែលត្រូវមកដល់ប្រទេស​កម្ពុជា នៅថ្ងៃពុធនេះ។

លោក ភា សុភ័ក្រ្តា ​បាន​ប្រាប់កាសែត​ក្នុងស្រុក​មួយ កាលពី​រសៀល​ថ្ងៃ​អង្គារ​ថា៖ «ក្រុម​​​ការងារ​ កំពុង​ពិចារណារ​សម្រេច​​ពី​ការ​កំណត់​ពេល​វេលា​​ការ​ជម្រុះកីឡាករទាំង​៣៦​នាក់​​នេះ គឺប្រហែល​​ជា​លើក​ពេល ​ដល់​ថ្ងៃ​ទី១១ ឬ ថ្ងៃទី​១២ ខែកុម្ភៈ ហើយការ​ពន្យារពេលនេះ គឺ​​យើង​​ចង់​ទុក​ពេល​វេលា​​ឱ្យ​​ពួក​គាត់ និង​លើក​ទឹក​ចិត្ត​ដល់​ពួកគាត់ ជា​​ពិសេស​អ្នក​ទើប​ជាប់​ថ្មី មាន​​ពេល​​វេលា​ហ្វឹក​ហាត់​​ជាមួយ​​លោក ​ហុងដា​»។

គួរបញ្ជាក់ថា លោក Keisuke Honda នឹងដឹកនាំ​​ក្រុមកម្ពុជា ដោយផ្ទាល់ នៅ​ក្នុង​​ការ​ប្រកួត​ពាន​រង្វាន់ AFF U23 Championship 2022 នេះ ដោយក្នុង​នោះ ​​ក្រុម​​​​កម្ពុជា ត្រូវ​​ប្រកួត​បើក​​ឆាក​​ជាមួយ​ក្រុម​U23ប្រ៊ុយណេ នៅថ្ងៃទី​១៤​ ​រួចបន្ត​ទៅ​​ជួបក្រុម​ហ្វីលីពីន នៅ​ថ្ងៃទី​១៧ និង​​ប៉ះ​ក្រុមទីម័រខាង​កើត នៅថ្ងៃ​ទី​២០ ខែកុម្ភៈ។

សម្រាប់ការ​ប្រកួត​ជម្រុះសន្សំពិន្ទុ​ទាំង​៣​លើករបស់​ក្រុមកម្ពុជានេះ ​ត្រូវ​ធ្វើឡើង នៅ​​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ ទាំងអស់ ដោយចាប់ផ្តើមពី​យប់ម៉ោង៧តទៅ​ដូចគ្នា ចំណែក​កា​រ​ប្រកួត​គូផ្សេង​ទៀត ទាំងនៅពូលA ពូល​B និងពូល C គឺគូខ្លះ​ធ្វើនៅពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ រីឯ​គូខ្លះ​ទៀត ​ធ្វើនៅ​​កីឡ​ដ្ឋាន​ព្រីនស៍ ដោយ​ចាប់​​ផ្តើម​ពីថ្ងៃទី​១៤ និង​​បញ្ចប់​​នៅ​ថ្ងៃទី​២៦​ ខែកុម្ភៈ ឆ្នាំ​២០២២៕