បរទេស៖ ខ្សែ​ប្រយុទ្ធ Romelu Lukaku រក​បាន​គ្រាប់បាល់​ឈ្នះ ខណៈ​ដែលក្រុម Chelsea បានផ្តួល​ក្រុម​អា​រ៉ា​ប៊ី​សា​អ៊ូឌីត Al Hilal ក្នុងលទ្ធផល ១-០ កាលពីថ្ងៃពុធ ដើម្បី​ឈាន​ទៅ​ប្រកួត​ដណ្តើម​ពាន Club World Cup វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​មួយនឹងក្រុម​ម្ចាស់​ជើង​​ឯក​ទ្វីប​អាមេរិក​ខាង​ត្បូង Palmeiras​។

ខ្សែ​ប្រយុទ្ធ​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​របស់​ក្លិប Chelsea រូបនេះ មិន​បាន​រក​គ្រាប់បាល់​បញ្ចូល​ទី​៥​ប្រកួត​ជាប់​ៗ​គ្នា នៅមុន​ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​អា​ប៊ូដាប៊ី ហើយ​ក្រុម​តោ​ខៀវ ចង់​ឲ្យ​​តារាឆ្នើម​វ័យ​២៨ឆ្នាំ​រូបនេះ រក​ឲ្យឃើញ​ទម្រង់​លេង​ដ៏ល្អ​បំផុត​របស់​គេ នៅពាក់​កាល​​រដូវកាល​ចុងក្រោយ​នេះ​។ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​បែលហ្ស៊ិក Lukaku បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាងល្អ​នៅនាទី ទី​៣៣ ក្រោយពី​ការ​ធ្វេស​ប្រហែស​នៅ​តំបន់​ការ​ពារ ដើម្បី​ជួយ​ឲ្យ​ក្រុម Chelsea ឈាន​ទៅ​ប្រកួត​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅថ្ងៃ​សៅរ៍ ដែល​ជា​ការ​ជួប​គ្នា​ជាលើក​ទី​២​ ក្នុង​រយៈពេល​៣​ឆ្នាំ​រវាង​ក្រុម​អង់គ្លេស និង​ក្រុម​របស់​ប្រេស៊ីល​។

Chelsea អាច​ចូលរួម​ជាមួយនឹងក្រុម Manchester United និង Liverpool ក្នុងនាម​ជាក្រុម​ទី​៣​របស់​អង់គ្លេស ដែលបាន​ឈ្នះពាន Club World Cup ក្រោយពី​បាន​បញ្ចប់​ក្នុងនាម​ជាក្រុម​ជើង​​ឯក​រង ដោយ​សារ​តែ​ការ​ចាញ់​ក្រោមស្នា​ដៃក្រុម Corinthians ក្នុងការ​បង្ហាញខ្លួន​ជាលើក​ដំបូង​របស់​ពួកគេ កាលពីឆ្នាំ​២០២២​។ ពួក​គេ​ប្រហែល​ជាមិនមាន​លោក​គ្រូបង្វឹក Thomas Tuchel នៅ​ក្បែរ​ទីលាន​ប្រកួត​ឡើយ នៅ​ចុងសប្តាហ៍នេះ ស្រប​​ពេល​ដែល​គ្រូ​បង្វឹក​សញ្ជាតិអាល្លឺ​ម៉ង់​រូបនេះ នៅ​តែត្រូវ​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយឡែក នៅឡើយ ក្រោយពី​ពិនិត្យ​ឃើញ​ជា​វេជ្ជ​មាន​លើ​វីរុសកូវីដ ១៩​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia