ក្រុមហ៊ុន​លីគ​បាល់ទាត់កម្ពុជា បាន​បង្ហាញ​នូវ ឡូហ្គោ​ថ្មី នៃ​ការ​ប្រកួត​លីគកំពូល​កម្ពុជា ឬ Cambodian Premier Leage  (CPL) និងលីក​២ (Cambodia League 2) សម្រាប់​រដូវ​កាល​ ឆ្នាំ​២០២២​នេះ​ ជា​ផ្លូវការ​ហើយ ដោយមាន​តំណាង​ក្លិបកំពូលទាំង​៨ បាន​ចូល​រួម កាលពី​ថ្ងៃព្រហស្បតិ៍ ម្សិលមិញ។

​        សម្រាប់ឡូហ្គោថ្មី​នេះ ត្រូវដាក់​ឱ្យប្រើប្រាស់​រួម​គ្នា ទាំង​ការ​​ប្រកួតលីគ​កំពូលកម្ពុជា និងលីគ​២ គ្រាន់តែមាន​ពណ៌ខុស​គ្នា គឺ​លីគកំពូល ប្រើ​ពណ៌​​ក្រហម ចំណែកលីគ២ ប្រើពណ៌​បៃ​តង ចំណែកពណ៌ខ្មៅ ជាពណ៌តំណាងនៃ​និមិត្ត​សញ្ញា ហើយ​តាមការ​បក​ស្រាយ​របស់​លោក Satoshi Saito គឺ​ពណ៌ទាំង​៣​នេះ សុទ្ធ​មានអត្ថន័យខុសៗ​គ្នា ដែលសំដៅ​ទៅ​លើ​ភាពមោះ​មុត និងការ​អភិវឌ្ឍ​ឱ្យមាន​ភាព​រីក​ចម្រើន ក្នុង​វិស័យ​បាល់ទាត់ នៅកម្ពុជា។

លោក Satoshi Saito នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុនលីគកំពូលកម្ពុជា បាន​ធ្វើការ​បក​ស្រាយនៃ​អត្ថន័យពណ៌​ទាំង​៣​នេះ​ថា​ពណ៌ខ្មៅ ជា​និមិត្ត​សញ្ញា​តំណាង​ឱ្យ​សាជីវកម្ម និង​ការ​យល់​ឃើញ​នៃ​គំនិត​ឆ្នៃ​ប្រឌិត​ថ្មីៗ ចំណែក​ពណ៌ក្រហមនៃ​លីគទី១ ត្រូវ​បាន​បំផុស​គំនិត​ដោយ​ទង់​ជាតិ​កម្ពុជា ហើយ​ក៏​ជា​សញ្ញា​នៃ​ព្រះអាទិត្យរះ និង​កា​រតាំងចិត្ត​។ រីឯ​​ពណ៌​បៃតង​នៃលីគទី២ តំណាង​ឱ្យយុវជន ការ​ដុះពន្លក​នៃដើ​មឈើ​ និង​អ្វីៗ ដែលចាប់ផ្តើមថ្មី។

លោក​បាន​បញ្ជាក់​ថា៖​«លើសពីនេះ​ទៅ​ទៀត​រូប​ស្រមោល​ទាំង​អស់ នៅ​ក្នុង​រូប​សញ្ញា​ត្រូ​វ​បាន​បំផុស​គំនិត ដោយរូបស្រមោល​របស់​ខ្មែរ បន្ថែម​ពី​លើនិមិត្ត​រូប​នៃ​ទឹក​ដីកម្ពុជា ហេតុ​នេះ យើង​សង្ឃឹមយ៉ា​ង​មុត​មាំ ថា និមិត្តសញ្ញានេះ នឹង​ក្លាយ​ជា​និមិត្ត​សញ្ញា​នៃ​ភាព​មោះមុត និង​សេចក្តី​ស្រឡាញ់ ចំពោះ CPL សម្រាប់​អ្នកគាំទ្រ​បាល់​ទាត់​កម្ពុជាទាំងអស់ ដោយ​យើង​នឹង​បង្កើត​យុគសម័យ​ថ្មី​នៃ​បាល់​ទាត់​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា»។

បន្ថែម​ទៅ​លើការ​បង្ហាញ​ពីអត្ថន័យ នៅក្នុងនិមិត្តសញ្ញា ឬ​ហៅ​ថា ឡូហ្គោ នេះ បុរសជនជាតិ​ជប៉ុន ​លោក Satoshi Saito ក៏បាន​បង្ហាញ​ពី​គោលដៅចម្បង នៃការ​មក​ដឹកនាំ​ក្រុម​ហ៊ុន​លីគ​បាល់ទាត់កម្ពុជា នេះ​ផងដែរ ដោយ​បានលោក​បានដាក់ទិសដៅ​សំខាន់ៗ ដើម្បី​​ធ្វើ​ឱ្យ​​បាល់​​ទាត់​នៅ​កម្ពុជា មានការ​ផ្លាស់ប្តូរ និងក្លាយ​ជា​លីគ​អាជីពដ៏លេច​ធ្លោរមួយ នៅ​ក្នុង​តំបន់​អាស៊ាន។

លោក Satoshi Saito បានដាក់គោល​ដៅរួច​ហើយ​ថា ការ​​មកជួយ​ជ្រោម​ជ្រែង​បាល់​ទាត់ នៅ​កម្ពុជា ជា​លើក​ដំបូងនេះ គឺលោក​​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ក្រុម​ ចេញពី​លីគ​កំពូលកម្ពុជា បាន​ទៅលេង​ នៅក្នុងការ​ប្រកួត​ពាន AFC Champions League នៅត្រឹម​​ឆ្នាំ​២០២៥ ព្រមួទាំង​ជួយ​ឱ្យក្រុម​ជម្រើសជាតិកម្ពុជា ទទួលបានជោគ​ជ័យ នៅ​ក្នុង​​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​​៣២ ឆ្នាំ​២០២៣ នៅកម្ពុជា ធ្វើជា​ម្ចាស់​ផ្ទះ លើក​ដំបូង ជា​ប្រវត្តិសាស្រ្ត។

អ្វី​ដែលកាន់តែ​ពិសេស​នោះ លោក Satoshi Saito បានអះអាង​ថា៖​«នៅក្នុងផែន​ការ និងការដាក់​គោលដៅ​របស់​យើង គឺ​យើង​​នឹង​ធ្វើ​ឱ្យ​ ​កម្ពុជា បាន​ក្លាយ​ជា​ក្រុម​កំពូល​តារាងទាំង​៤ ក្នុង​ពាន Asian Cup Final នៅ​ត្រឹម​ឆ្នាំ​២០២៧ ពិសេស កម្ពុជា ​នឹង​ក្លាយជា​ក្រុម​ជម្រើសជាតិ ដ៏​ជោគ​ជ័យមួយ ចេញ​ពី​តំបន់អាស៊ាន ដើម្បីបាន​ទៅ​ចូល​លេង​នៅ​ក្នុងការ​ប្រកួត បាល់​ទាត់​ពិភពលោ នៅ​ឆ្នាំ​២០៣០»៕