ក្រុមជម្រើសជាតិ​កម្ពុជា​អាយុក្រោម​២៣​ឆ្នាំ បាន​ដាក់គោល​ដៅ​យ៉ាង​ប្រាកដ​ថា ត្រូវ​ស្វែង​រកឱ្យបាន​នៅលទ្ធផល​ដ៏​ល្អ​មួយ សម្រាប់​ការ​ប្រកួតបើក​ឆាកប្រចាំពូល​A នៃ​ពានរង្វាន់ AFF U23 Championship នៅ​ពហុកីឡដ្ឋានជាតិ​មរតកតេជោ នា​យប់​ម៉ោង​៧ ថ្ងៃចន្ទ​នេះ គឺ​មុនពេលការជួប​គ្នា​រវាង​ក្រុម​ហ្វីលីពីន និង​ទីម័រខាង​កើត ដែល​ធ្វើ​នៅ​រសៀល​ម៉ោង ៤ ត​ទៅ។

គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក Hirose Ryu បាន​អះអាង​ថា ការ​ប្រកួតពានរង្វាន់ AFF U23 Championship​ 2022 នេះ​ជា​ការឱកាស​ដ៏​ល្អ​បំផុត សម្រាប់​កីឡាករ​វ័យក្មេង​របស់​កម្ពុជា បាន​​បង្ហាញ​ខ្លួន និង​បញ្ចេញ​សមត្ថ​ភាព បានពេញ​លេញ ខណៈ​ការ​ប្រកួត​២​ឆ្នាំ​កន្លងមកនេះ ពួកគេ បាន​ប្រឈម​នៅការ​លំបាក ក្នុងការ​ដាក់ឱ្យ​លេងជាមួយ​ក្រុម​ធំ​ជម្រើសជាតិកម្ពុជា ដែល​ត្រូវ​ប្រកួត​ប្រជែង​ជាមួយ​ក្រុម​ធំជម្រើសជាតិ ផ្សេង​ទៀត អាចមានកម្រិត​លើ​ពួក​គេ។

តែទោះបីជា​យ៉ាង​ណា សម្រាប់ការ​ប្រកួត​នេះ គឺជា​ពេល​វេលា​ដ៏​ល្អ​បំផុត ដែលនពួកគេ អាច​ប្រកួត​ប្រជែង នៅក្នុងកម្រិត​អាយុពិតប្រាកដ​របស់ពួកគេ ហើយ​នេះក៏​ជា​ការ​ប្រកួត​ដ៏​សំខាន់ ក្នុងការ​ពង្រឹងសមត្ថ​ភាព​របស់ពួកគេ​បន្ថែមទៀត ដើម្បី​ត្រៀម​ទៅកាន់ការ​​ប្រកួតស៊ីហ្គេម ជា​ពិសេស​ស៊ីហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ។

គ្រូ​បង្គោលជនជាតិជប៉ុន លោក Hirose Ryu ដែល​ត្រូវ​ចូល​រួម​ដឹកនាំ​ក្រុម​ជម្រើសជាតិកម្ពុជា ជាមួយអ្នកចាត់​ការទូទៅ ​លោក Keisuke Honda នោះ បាន​និយាយ​ថា៖​«យើង នឹងស្វែង​រកលទ្ធ​ផល​ដ៏ល្អ នៅ​ក្នុង​ការ​ប្រកួត​នេះ ព្រោះ​ថា នេះ​នឹង​ក្លាយ​ជា​ការ​រៀបចំ​ដ៏​ល្អ​សម្រាប់​ស៊ីហ្គេម ដែល​កម្ពុជា​នឹង​ធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ​២០២៣»។

យ៉ាង​ណា​ក៏ដោយ សម្រាប់ការ​ប្រកួត​នេះ គ្រូ​បង្វឹក​ក្រុម​U23ជម្រើសជាតិ​ប្រ៊ុយណេ បាន​បង្ហាញ​​ថា ក្រុម​របស់លោក នឹង​មានអ្វី​ប្លែក ដើម្បី​ប្រឆាំងនឹង​មហិច្ឆតា​ស្វែង​រក​៣ពិន្ទុ​របស់​ក្រុមកម្ពុជា ហើយ​លោក​ថា ការលេងទល់នឹងក្រុមម្ចាស់ផ្ទះកម្ពុជា លើក​នេះ ពិត​ជា​ត្រូវ​បាន​សាក​ល្បង​លើក​​ដំបូង បន្ទាប់ពីបានផ្អាកអស់រយៈពេល​២ឆ្នាំ ពីការប្រកួតអន្តរជាតិ។

លោក Aminuddin Jumat គ្រូ​បង្វឹក​ក្រុមប្រ៊ុយណេ បាន​និយាយ​ថា៖ «យើង​ត្រូវ​អរគុណសហព័ន្ធ​កីឡាបាល់​ទាត់អាស៊ីអាគ្នេយ៍ និង​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ដែល​បាន​ធ្វើ​ឱ្យ​​ការ​​ប្រកួត​នេះ​ ដំណើរ​ការ​ទៅ​រួច ព្រោះ​យើង​មិន​បាន​ចូល​រួម ​ក្នុង​ការ​ប្រកួត​អន្តរជាតិ​ណា​មួយ​អស់​​រយៈ​ពេល​​២​ឆ្នាំ​មក​ហើយ។ យើងមានក្រុមកីឡាករ​ក្មេងៗ ហើយនេះ​នឹង​ក្លាយ​ជា​ការ​បង្ហាញ​ដ៏​ល្អ សម្រាប់ពួកគេ ដោយ​យើង​សង្ឃឹម​ថា យើង​​អាច​​ធ្វើ​​អ្វី​​មួយ​​ប្រឆាំង​នឹង​កម្ពុជា»។

ជាមួយ​គ្នា​នេះ ក្រុម​ឈរ​នៅពូល​Aជាមួយ​គ្នា ទីម័រខាង​កើត និង​ហ្វីលីពីន នឹង​ក្លាយ​ជា​ក្រុម​ដំបូង​គេ ដែល​បានលេង​នៅពហុកីឡដ្ឋានជាតិ​មរតកតេជោ មុន​គេ ដោយ​ក្រុមទាំង​២​នេះ ត្រូវ​ប្រកួត​គ្នា នៅរសៀល​ម៉ោង​៤ ថ្ងៃ​ចន្ទ​នេះ​ដែរ ហើយ​គ្រូ​បង្វឹក​ក្រុម​ហ្វីលីពីន លោក Stewart Hall ​បាន​និយាយ ក្នុងសន្និសីទកាសែត កាលពី​ថ្ងៃ​អាទិត្យ​ថា ​យើង​​បានត្រៀមខ្លួន​រួច​ហើយ​សម្រាប់​ការ​ប្រកួត​ទាំងអស់​ក្នុងពូល​Aនេះ ដោយ​ពួក​គេ​បាន​បង្ហាញ​ភាពស្រេកឃ្លានខ្លាំង ហើយចង់​ធ្វើឱ្យ​បាន​ល្អ​​ ក្នុង​ការ​ប្រកួត ​ដើម្បី​ខ្លួន​ពួក​គេ​ផ្ទាល់៕