បរទេស៖ ខ្សែប្រយុទ្ធ Kylian Mbappe បានរកគ្រាប់បាល់ឈ្នះយ៉ាងល្អ នៅជិតបញ្ចប់ការប្រកួត ដើម្បីជួយឲ្យក្រុមម្ចាស់ផ្ទះ Paris St Germain ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ១-០ លើក្រុម Real Madrid និងកាត់បន្ថយភាពអាម៉ាសរបស់ Lionel Messi ក្រោយពីរូបគេបានស៊ុតបាល់ប៉េណាល់ទីមិនចូលទី ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី១ កាលពីថ្ងៃអង្គារ។
PSG បានចំណាយពេលរហូតដល់ទៅ៩៤នាទី ដើម្បីរកគ្រាប់បាល់ឈ្នះ ក្រោយពី Mbappe បានប្រើប្រាស់ល្បឿនដ៏អស្ចារ្យ តាមរយៈការអូសបាល់ផុតខ្សែការពារ២នាក់ និងស៊ុតបាល់ចូលជ្រុងម្ខាងនៃប្រអប់ទី ដើម្បីជួយឲ្យ PSG ដណ្តើមបានជ័យជម្នះយ៉ាងសក្តិសម ក្រោយពីពួកគេបានខ្ជះខ្ជាយឱកាសជច្រើន។
ស្របពេលជាមួយគ្នានេះ ក្រុម Manchester City កំពុងតែស្ថិតលើផ្លូវឆ្ពោះទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ក្រោយពី Bernardo Silva រកបាន២គ្រាប់ ដើម្បីជួយឲ្យពួកគេយកឈ្នះលើក្រុម Sporting Lisbon ក្នុងលទ្ធផល ៥-០ ក្នុងការប្រកួតជើងទី១ នៃវគ្គ១៦ក្រុមចុងក្រោយ។
ក្រុមរបស់លោក Pep Guardiola បានបង្ហាញពីទម្រង់លេងយ៉ាងល្អ នាកីឡដ្ឋាន Jose Alvalade ដើម្បីផ្តួលក្រុម Sporting នៅមុនពេលការប្រកួតជើងទី២ ក្នុងទីក្រុង Manchester នៅថ្ងៃទី៩ ខែមីនា៕
ប្រភពព័ត៌មាន៖ Channel News Asia