ការ​រកបាន​ត្រឹម​១​គ្រាប់របស់កីឡាករ​មានវ័យក្មេង​ជាងគេ ស៊ិន សុវណ្ណមករា បាន​ជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុក្រោម​២៣​ឆ្នាំ យក​ឈ្នះក្រុម​U23ជម្រើសជាតិហ្វីលីពីន ១-០ ទាំង​លំបាក នៅ​​ក្នុងការ​ប្រកួត​ជម្រុះ​លើក​ទី​២​ប្រចាំ​ពូល​A នៃ​ពាន​រង្វាន់ AFF U23 Championship 2022 កាលពី​ថ្ងៃ​ព្រហស្បតិ គឺ​ស្រប​ពេលក្រុម​ទីម័រ​ខាងកើត បាន​យក​ឈ្នះក្រុមប្រ៊ុយណេ ៣-១។

សម្រាប់ការ​ប្រកួត ដែលធ្វើ​នៅកីឡដ្ឋាន​ជាតិមរតកតេជោ​នេះ ក្រុម​កម្ពុជា និងហ្វីលីពីន បាន​ប្រកួត​គ្នា​យ៉ាងស្វិតស្វាញបំផុត។ ក្រុមទាំង​២​នេះ បាន​ធ្វើការ​វាយបក​សងគ្នា និង​បង្កើតបាន​ឱកាស​ដូចៗ​គ្នា តែ​ទោះបីជា​យ៉ា​ងណា វាមានត្រឹម​១​គ្រាប់ប៉ុណ្ណោះ ដែល​ស៊ុតបាន​សម្រេច ហើយ​នោះគឺជា​គ្រាប់​បាល់​ដ៏​អស្ចារ្យ​របស់​កីឡាករ​វ័យក្មេងពាក់​លេខ​២៥ ស៊ិន សុវណ្ណមករា នៅនាទីទី​៨១ ហើយ​​វា​ក៏ជា​គ្រាប់​បាល់ ជួយ​ឱ្យក្រុមគោព្រៃ​កម្ពុជា ទទួល​បាន៣ពិន្ទុ​បន្ថែម ដើម្បីបន្ត​ឈរ​នៅ​កំពូល​​​តារាង​ប្រចាំពូល​Aនេះ ផងដែរ។

បើ​ទោះបីជា កម្ពុជារកបាន​ត្រឹម​១​គ្រាប់ ហើយជា​គ្រាប់​បាល់ ដែលពិបាកនឹង​កើតមាន​ឡើង គឺ​ខុស​ពីការ​ប្រកួតបើក​ឆាក​ជាមួយក្រុម​ប្រ៊ុយណេ ដែល​កម្ពុជា ​បាន​យក​ឈ្នះ​រហូត​ដល់ ៦-០ ប៉ុន្តែ​លោក Hirose Ryu គ្រូ​បង្គោលក្រុមជម្រើសជាតិកម្ពុជា បាន​សរសើរ​ពីសមត្ថ​ភាព​របស់​កូន​ក្រុម ដោយលោក​បាន​និយាយ​ថា៖​«វា​ជា​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ តែ​វា​បាន​បង្ហាញពី​ភាព​ប្រសើរ​ឡើង​ច្រើន​នៃ​លេង​របស់​ក្រុម​កម្ពុជា បើប្រៀប​ទៅនឹងការ​លេង​ជាមួយក្រុមប្រ៊ុយណេ កន្លង​មកនេះ»។

ផ្ទុយ​ពីនេះ គ្រូបង្វឹកក្រុមហ្វីលីពីន លោក Stewart Hall ​បានបង្ហាញការ​សោកស្តាយ​ខ្លាំង ចំពោះការ​របូត​១​គ្រាប់​នេះ ហើយ​លោតបានទម្លាក់ការ​ចាញ់​ ១-០ នេះ ដោយសារ​កូនក្រុម​របស់​លោក នៅតែ​មិនទាន់មានភាព​រឹង​មាំ​គ្រប់​គ្រាន់ សម្រាប់ការ​វិលមក​ប្រកួត​ នៅលើ​ឆាក​អន្តរជាតិ ជាថ្មីនេះ។

លោក Stewart Hall បាន​និយាយ​ថា៖​ «​ភាព​រឹងមាំរបស់​កីឡាករ​​របស់​តែងតែមានបញ្ហា ព្រោះ​កីឡាករខ្លះ មិនបានលេងអស់មួយរយៈពេល​មក​ហើយ។ ពួក​គេ​ព្យាយាមបិទការ​ប្រកួតសឹង​តែ​បាន​ទៅ​ហើយ ​តែរបូត​នៅ​នាទី​ជិត​ចប់​ការ​ប្រកួត​ទៅ​វិញ។ ​កីឡាករ​បាន​ធ្វើ​ការ​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រកួត​យប់​នេះ ប៉ុន្តែ​កាយ​សម្បទារបស់​ពួក​គេ ​នៅ​តែ​មិន​ទាន់​រួច​រាល់​នៅ​ឡើយ»។

យ៉ាង​ណាមិញក្រុម​ទីម័រខាងកើត ដែលបាន​ស្មើ ២-២ ជាមួយក្រុម​ហ្វីលីពីន កាល​ប្រកួត​បើក​​ឆាក​នោះ បានយកឈ្នះក្រុម​ប្រ៊ុយណេ ៣-១ ហើយលទ្ធផល​នេះ បាន​ជួយ​ឱ្យ​ទីម័រខាង​កើត មាន​៤ពិន្ទុ និង​ឈរ​នៅលេខ​២ ដោយ​ពួកគេ​មាន​ឱកាស​ពេញទំហឹង ក្នុងការ​ប្រជែង​ដណ្តើម​យកលេខ​១ ជាមួយក្រុម​កម្ពុជា នៅ​ក្នុងការ​ប្រកួតកាត់សេចក្តី​លើកទី​៣​ចុងក្រោយ នៅថ្ងៃ​អាទិត្យ​នេះ៕