បរទេស៖ ​លោក Massimiliano Allegri គ្រូបង្វឹក​ក្រុម Juventus នឹងមិនហានមើល​ស្រាល​លើ​ក្រុម Villarreal ឡើយ នៅមុន​ពេល​ការ​ប្រកួតក្របខ័ណ្ឌ Champions League វគ្គ​១៦​ក្រុមចុងក្រោយ ជើង​ទី​១ នៅ​រាត្រីនេះ តាមរយៈការ​បញ្ជាក់​ថា ក្រុម​​អេ​ស្ប៉ាញ​មួយនេះ មាន​ជំនាញ​ខាង​ដណ្តើម​យក​លទ្ធផល​ពេល​ប្រកួត​ជាមួយ​នឹងក្រុមខ្លាំង​ៗនៅ​អឺ​រ៉ុប​។

លោក Allegri បាន​ដឹកនាំ​ឲ្យក្រុម Juventus ឆ្លង​ផុត​វគ្គ​១៦​ក្រុម​ចុងក្រោយ​​នៃក្រប​ខ័ណ្ឌ Champions League ចំនួន​៤​លើក ក្នុង​ចំណោម​ការ​ប្រកួត​៥លើក អំឡុង​​ពេលនៃការដឹកនាំ​​លើកដំបូង​របស់លោក ក្នុងនាម​ជា​គ្រូបង្វឹក​ ខណៈ​ដែលការ​ធ្លាក់​ចេញ​តែ​១លើក​របស់​លោក​បានកើតឡើង​ពេលប្រកួត​ជាមួយនឹងក្រុម Bayern Munich របស់​លោក Pep Guardiola ក្នុង​រដូវ​កាល​ឆ្នាំ​២០១៥-២០១៦​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាងណា ក្រុម​សេះ​បង្កង់ Juventus បាន​ធ្លាក់​ចេញត្រឹម​វគ្គ​១៦​ក្រុម​ ក្នុង​រយៈពេល២​រដូវ​កាល​ចុងក្រោយ ក្រោមការដឹកនាំ​របស់​លោក Maurizio Sarri និង​លោក Andrea Pirlo ខណៈ​ដែល​លោក Allegri បាន​ចេញសារ​តាស់​តឿនទាក់​ទង​នឹង​​ក្រុម​ដែលបាផ្តួល​ក្រុម Arsenal និង Manchester United ក្នុង​ដំណើរ​ឆ្ពោះ​ទៅកាន់​ការ​លើកពាន Europa League កាលពី​រដូវកាល​មុន​។

UCL 2021/22: Villarreal Vs Juventus Betting Predictions, Where To Watch?

លោក Allegri បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​កាលពីថ្ងៃចន្ទ​ថា៖ «វាមិនមែន​ជាផ្លូវ​ដ៏ងាយស្រួល​ឡើយ​ក្នុងការទៅវគ្គ​៨​ក្រុម​ចុងក្រោយ​។ យើង​ទាំង​អស់គ្នាមាន​ឱកាស​៥០%ដូចគ្នា ក្នុងការ​ឈាន​ទៅវគ្គ​បន្ត​។ ពួក​គេ​បាន​ឆ្លង​ផុត​ពូល​ដែល​មានក្រុម​ដ៏ខ្លាំង​ៗ​ដូច​យើង​ដែរ​។ ហេតុនេះ ការ​ដណ្តើម​បានលទ្ធផល​ស្មើ​នៅ​អេ​ស្ប៉ាញ គឺ​ជា​លទ្ធផល​ដ៏ល្អ​មួយ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia